អង្គ​រក្ស​លាក់​ស្នេហ៍

អង្គ​រក្ស​លាក់​ស្នេហ៍


ដោយសារ​មិន​ចង់​ធ្វើការ​ក្នុង​ធនាគារ និង​ចង់​សម្រេច​ក្តី​សុបិន​ធ្វើជា​នគរបាល​ស្រី ទើប​សិលា​សម្រេច​ដាក់​ពាក្យ​ធ្វើ​អង្គរក្ស របស់​គន្ធា​ម្ចាស់​ហាង​កែ​សម្ផស្ស​ដ៏​ធំ​ដែល​ជា​ប្រុស​មាន​រូបរាង​ស្អាត​និង​ចរិត​ទន់​ភ្លន់ ដែល​អ្នក​ផង​ចូលចិត្ត​ហៅថា​ភេទ​ទី​បី។ លក្ខខណ្ឌ​ការងារ​របស់​គន្ធា​ធ្វើ​ឲ្យ​សិលា​ភ្ញាក់​ផ្អើល​ណាស់ ព្រោះ​វា​ខុស​ពី​ការ​រំពឹង​ទុក​របស់​នាង​ដែល​នាង​ធ្លាប់​គិត​ថា នាង​នឹង​អាច​ក្លាយ​ជា​អង្គរក្ស​ដូច​ក្នុង​រឿង​ហុងកុង ប៉ុន្តែ​ធាតុ​ពិត​ការងារ​អង្គរក្ស​នាង​គឺ​ត្រូវ​រៀប​ខ្លួន​ជា​ស្រី​ស្អាត និង តាម​ការពារ​បេះដូង ចៅហ្វាយ​ម្ញ៉ិកម្ញ៉ក់​របស់​ខ្លួន​ពី​ការ​រុកកួន​របស់​បច្ចាមិត្ត​ទាំង​ស្រី​ទាំង​ប្រុស ដែល​ចង់​វាត​ទី​យក​បេះដូង​របស់​គន្ធា ហើយ​ចុងក្រោយ​គឺ​ហាម​មិន​ឲ្យ​សិលា​ស្រឡាញ់​គន្ធា។

លក្ខខណ្ឌ​ទាំង​ពីរ​ដំបូង សិលា​ធ្វើ​បាន​យ៉ាង​ល្អ។ ឯ​លក្ខខណ្ឌ​ទី​បី​បូក​ផ្សំ​នឹង​បេសកកម្ម​ដ៏​ធំ​ចុង​ក្រោយ​គឺ​នាង​ត្រូវ​បន្លំ​ធ្វើ​ជា​មាន​ផ្ទៃពោះ​ ឬ​ភរិយា​អត់​ខាន់​ស្លា​របស់​គន្ធា ដើម្បី​បញ្ចៀស​គន្ធា​ពី​ការ​ចាប់​ឲ្យ​រៀប​ការ​ជាមួយ​នឹង​ជីដូនមួយ​របស់​គេ​។ មិន​ដឹង​ជា​គន្ធា​ដាក់​ផែនការ​ឲ្យ​កូនចៅ​អនុវត្ត​យ៉ាងណា ក៏​ស្រាប់តែ​ផែន ការ​នេះ​ជោគ​ជ័យ​លើស​ពី​ការ​រំពឹង​ទុក ព្រោះ​សិលា​បែរ​ជា​ផ្តល់​កំណើត​ដល់​កូន​ស្រី​ដ៏​ទ្រលុក​ទ្រ​លន់​មួយ​ឲ្យ​គន្ធា។ ជួល​គេ​ឲ្យ​មក​ធ្វើ​អង្គរក្ស​ការពារ​បេះ​ដូង​ខ្លួនឯង តែ​គន្ធា​បែរ​ជា​ទៅ​លួច​ការពារ​ហួងហែង​បេះ​ដូង​និង​រាងកាយ​អង្គរក្ស​របស់​ខ្លួន​យ៉ាង​សម្ងាត់​ទៅ​វិញ។