Lesbian បណ្ដូល​ចិត្ត

Lesbian បណ្ដូល​ចិត្ត


កាវីន​បុរស​សង្ហា​បើក​រថយន្ត​បណ្ដើរ​រអ៊ូ​បណ្ដើរ​តែ​ម្នាក់​ឯង៖ "អ្ហើយ...​លោកយាយ​អើយ​លោកយាយ! មិន​ដឹង​ជា​ឱ្យ​ចៅ​មកលេង​ផ្ទះ​គូ​ដណ្ដឹង​អី​ទេ..? ចេះ​មក​ដណ្ដឹងប្រពន្ធ​ឱ្យ​ចៅ​ស្ងាត់​ៗ​ ដោយ​ចៅ​មិន​ដែល​ឃើញ​មុខ​គេ​អី​ម្ដង​ផង នេះ​បើ​មុខ​អាក្រក់​ហើយ​ខ្មៅ​ដូច​ក្ដិត​ឆ្នាំង​ទៀ​ត​នោះ ខ្ញុំ​ច្បាស់​ជា​ដាច់​ផ្ងារ​មិន​ខាន​ទេ! ឱ្យ​តែ​អាសយដ្ឋាន​មក បើកឡាន​មួយថ្ងៃ​ហើយ​ នៅ​រក​មិនទាន់​ឃើញ​ទៀត នៅ​ភ្នំពេញ​ស្រី​ស្អាត​ម៉ា​គគោក​មិន​ដណ្ដឹង​ទេ បែរជា​មក​ដណ្ដឹង​ឯណា​ដល់​ខេត្ត​បាត់ដំបង​ឯ​នេះ​ទៅ​វិញ!​ នេះ​ជិត​ល្ងាច​ហើយ​ នៅ​មិនទាន់​រក​ឃើញ​ទៀ​ត គេ​ប្រាប់​ថា​មក​តាម​ផ្លូវ​ហ្នឹងហើយ​តើ!​"

រវល់​តែ​រអ៊ូ​ភ្លេច​មើលផ្លូវ​ ស្រាប់តែ​ឮ​សំឡេង​អ្ហូយអ្ហាយ នោះ​គឺ​រថយន្ត​របស់​កាវីន​បាន​បើក​ប៉ះ​ពៀរ​ជា​មួយ​នឹង​ម៉ូតូ​នារី​២​នាក់​បង​ប្អូន ម្នាក់​ប្អូន​ឈ្មោះ​រីកា​ និង​ម្នាក់​បង​ដែល​ស្លៀកពាក់​ និង​អត្តចរិត​បែប​Lesbian នាង​មាន​ឈ្មោះ​ថា​ភូមិរី (ហៅ​ភូមិ)។ ​ ក្រោយពេល​ប៉ះ​ពៀរ​គ្នា​តិច​តួច​រួចមក ​ភូមិរី​បាន​ដើរ​មក​សំដៅ​រថយន្ត​របស់​កាវីន ភូមិរី​នាង​ក៏​ទះតប់​និង​ទាត់​រថយន្ត​របស់​កាវីន៖ "នែ!​ បើកឡាន​ខ្វាក់​​ភ្នែក​ទេ​អ្ហឺ?​ បាន​ចំ​ជា​មិន​បើកភ្នែក​មើល​អី​បែប​នេះ?" កាវីន​ចុះ​ពី​រថយន្ត​មក​តទល់​គ្នា​នឹង​ភូមិរី៖ "នែ​នាង!​ មក​ទាត់​ធាក់​រថយន្ត​ខ្ញុំ​បែបនេះ ​មាន​លុយ​សង​ដែរ​ទេ?​ នាង​ដឹង​ទេ​ ឡាន​ខ្ញុំ​ថ្លៃ​ណាស់ណា?"
"អឺ..! ដឹង​ណា​វើយ​ ថា​ឡាន​ឯង​នេះ​វា​ថ្លៃ តែ​ឯង​ដែល​ជា​អ្នក​បើក​នេះ​វា​ថោក បើកឡាន​មិន​ដឹង​អី​មក​ពៀរ​ខ្ញុំ​បែប​នេះ!"