បេះ​ដូង​នេះ សុំ​បាន​អត់​?

បេះ​ដូង​នេះ សុំ​បាន​អត់​?


តាំង​ពី​រៀន​នៅ​វិទ្យាល័យ​ កូន​ប្រុស​ទី​មួយ​របស់​លោក​ជំទាវ​និមល​បាន​បាក់​ចិត្ត​ស្រលាញ់​ក្មេង​ស្រី​កំពូល​ឆ្នាស់​ម្នាក់​ឈ្មោះ​សុភាព។ នាង​ជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​គិត​អ្វី​ក្រៅ​តែ​ពី​ការ​សិក្សា​ប៉ុណ្ណោះ។ វិសុទ្ធ​បាន​ត្រឹម​តែ​លួច​មើល​នាង​ពី​ចម្ងាយ​ព្រោះ​គេ​ដឹង​ថា​ នាង​មិន​មាន​កែវ​ភ្នែក​សម្រាប់​មើល​អ្វី​ផ្សេង​ក្រៅ​តែ​ពី​សៀវភៅ​លំហាត់​របស់​នាង​ឡើយ។ ដប់​ឆ្នាំ​ក្រោយ​មក វិសុទ្ធ​ជួប​នឹង​ម្ចាស់​ស្នេហ៍​ដំបូង​របស់​គេ​ម្ដង​ទៀត។ លើក​នេះ​គេ​គិត​ថា​ គេ​នឹង​មិន​បណ្ដោយ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​នេះ​របូត​ចេញ​ពី​ដៃ​របស់​គេ​បាន​ឡើយ។ គេ​ព្យាយាម​រៀបចំ​រាយ​អន្ទាក់​ជា​ច្រើន​ដើម្បី​ទាក់ទាញ​បេះដូង​នាង​ឲ្យ​មក​ចាប់​អារម្មណ៍​លើ​រូប​គេ​ជាង​ការងារ​នៅ​ក្នុង​ដៃ​របស់​នាង។ មនុស្ស​ស្រី​សោះ​អង្គើយ​មិន​ចេះ​យក​ចិត្ត​អ្នក​ដទៃ​ តែ​មាន​បេះដូង​មួយ​ទន់ភ្លន់​ហើយ​ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​តែ​គូ​ដណ្ដឹង​ក្បត់​ចិត្ត​នៅ​នឹង​ភ្នែក​ បាន​សច្ចា​ថា​នឹង​មិន​ទទួល​យក​មនុស្ស​ប្រុស​មក​ក្នុង​បេះដូង​នាង​សារ​ជា​ថ្មី​ម្ដង​ទៀត​ឡើយ។ តើ​វិសុទ្ធ​ធ្វើ​យ៉ាង​ណា​ ទើប​អាច​រក​សោរ​ចាក់​បើក​ទ្វារ​បេះដូង​មនុស្ស​ស្រី​ម្នាក់​នេះ​បាន​នោះ?