យូរ​ប៉ុន​ណា​ក៏​នៅតែ​ចាំ

យូរ​ប៉ុន​ណា​ក៏​នៅតែ​ចាំ


អាកាសធាតុ​ទីក្រុង​ភ្នំពេញ​នៅ​ពេលព្រឹក​គឺ​ត្រជាក់​ល្មម​ ហើយ​ចរាចរណ៍​ក៏​ងាយស្រួល​ធ្វើ​ដំណើរ​​ទៀត​ ទើប​មាន​មនុស្ស​ខ្លះ​ តែងតែ​ក្រោក​ពី​ព្រលឹម​ក្នុង​ការ​ធ្វើ​ដំណើរ​​។ ​តែ​ពេល​នេះ​ម៉ោង​ជិត​៧​ហើយ យុវតី​ម្នាក់​ ដែល​កំពុង​រង់ចាំ​ឡានក្រុង​មានការ​មួម៉ៅ​យ៉ាង​ខ្លាំង​ ព្រោះ​នាង​ប្រញាប់​ទៅ​រៀន​ នាង​ពាក់អាវ​សាមី​ពណ៌​ផ្ទៃមេឃ​ ជាមួយ​សំ​ពត់​ភ្លីសេ​ក្រោម​ជង្គង់​​បន្តិច​ ព្រម​នឹង​ពាក់​វ៉ែនតា​ម៉្ញូប​មូល​ដ៏​គួរ​ឱ្យ​ស្រឡាញ់ សក់​របស់​នាង​ត្រូវ​ក្រង​ទីទុយ​និង​ទម្លាក់​​សក់សេះ។​

នាង​និយាយ​ជាមួយ​ខ្លួនឯង​តិចៗ​ថា៖​ “ហេតុ​ក៏​យូរ​យ៉ាង​នេះ​?”​ ព្រោះតែ​ផ្ទះ​របស់​នាង​ឆ្ងាយ​ ទើប​នាង​ត្រូវ​ជិះ​ឡាន​ក្រុង​មក​រៀន ​ម្យ៉ាង​មកពី​ជីវភាព​គ្រួសារ​របស់​នាង​ផង​ដែរ ​ទើប​នាង​ត្រូវ​សន្សំ​សំ​ចៃ​។​ ​ ពែ​តៗ​​!!​ ​ហើយ​ទី​បំផុត​ឡាន​ក៏​មកដល់…​ ​នាង​ឈ្មោះ រ័ត្នចន្ទ មិថុនា នាង​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​សេដ្ឋកិច្ច​នៅ​សាលា​ភូមិន្ទ​នីតិសាស្ត្រ​និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ភ្នំពេញ​។​ នៅ​ថ្ងៃ​អនាគត​នាង​មិន​ចង់បាន​អ្វី​ច្រើន​ទេ​ នាង​គ្រាន់តែ​ចង់​រក​ការងារ​មួយ​សម​រម្យ ​ដើម្បី​សម្រាល​បន្ទុក​ម្ដាយ​នាង​ខ្លះ​តែប៉ុណ្ណោះ​។

តាម​ការពិត​នាង​រៀន​នៅ​ពេល​យប់ ​​តែ​ព្រោះ​ត្រូវ​ជួយ​ម្ដាយ​​ ទើប​នាង​ត្រូវ​ដូរ​មក​រៀន​​ព្រឹក​វិញ​​ ហើយ​ក៏​លា​ឈប់​ពី​កន្លែង​ការងារ​របស់​នាង​ទៀ​ត​។ នៅ​តាម​ផ្លូវ​ទៅ​ដែល​ទៅ​សាលា​ គឺ​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ គឺ​ត្រូវ​ចំណាយ​ពេល​យូរ មិថុនា​ខឹង​ណាស់​ព្រោះតែ​ប្រញាប់​។​