យូរប៉ុនណាក៏នៅតែចាំ
អាកាសធាតុទីក្រុងភ្នំពេញនៅពេលព្រឹកគឺត្រជាក់ល្មម ហើយចរាចរណ៍ក៏ងាយស្រួលធ្វើដំណើរទៀត ទើបមានមនុស្សខ្លះ តែងតែក្រោកពីព្រលឹមក្នុងការធ្វើដំណើរ។ តែពេលនេះម៉ោងជិត៧ហើយ យុវតីម្នាក់ ដែលកំពុងរង់ចាំឡានក្រុងមានការមួម៉ៅយ៉ាងខ្លាំង ព្រោះនាងប្រញាប់ទៅរៀន នាងពាក់អាវសាមីពណ៌ផ្ទៃមេឃ ជាមួយសំពត់ភ្លីសេក្រោមជង្គង់បន្តិច ព្រមនឹងពាក់វ៉ែនតាម៉្ញូបមូលដ៏គួរឱ្យស្រឡាញ់ សក់របស់នាងត្រូវក្រងទីទុយនិងទម្លាក់សក់សេះ។
នាងនិយាយជាមួយខ្លួនឯងតិចៗថា៖ “ហេតុក៏យូរយ៉ាងនេះ?” ព្រោះតែផ្ទះរបស់នាងឆ្ងាយ ទើបនាងត្រូវជិះឡានក្រុងមករៀន ម្យ៉ាងមកពីជីវភាពគ្រួសាររបស់នាងផងដែរ ទើបនាងត្រូវសន្សំសំចៃ។ ពែតៗ!! ហើយទីបំផុតឡានក៏មកដល់… នាងឈ្មោះ រ័ត្នចន្ទ មិថុនា នាងជានិស្សិតឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ចនៅសាលាភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ។ នៅថ្ងៃអនាគតនាងមិនចង់បានអ្វីច្រើនទេ នាងគ្រាន់តែចង់រកការងារមួយសមរម្យ ដើម្បីសម្រាលបន្ទុកម្ដាយនាងខ្លះតែប៉ុណ្ណោះ។
តាមការពិតនាងរៀននៅពេលយប់ តែព្រោះត្រូវជួយម្ដាយ ទើបនាងត្រូវដូរមករៀនព្រឹកវិញ ហើយក៏លាឈប់ពីកន្លែងការងាររបស់នាងទៀត។ នៅតាមផ្លូវទៅដែលទៅសាលា គឺស្ទះចរាចរណ៍យ៉ាងខ្លាំង គឺត្រូវចំណាយពេលយូរ មិថុនាខឹងណាស់ព្រោះតែប្រញាប់។