ស្នេហ៍​ក្នុង​ពិភព​សុបិន

ស្នេហ៍​ក្នុង​ពិភព​សុបិន


ពិតជា​សុបិន​មួយ​ដែល​ធ្វើ​មនុស្ស​ស្រី​ដែល​តែងតែ​ជួប​នឹង​រឿង​ស្នេហា​ខកចិត្ត​ដូច​ខ្ញុំ​គេង​មិន​ចង់​ភ្ញាក់​ពិតមែន ចង់​ដឹង​ទេ​ថា​វា​ជា​សុបិន​​អ្វី​? ប្រាប់​ចុះ​ក្នុង​សុបិន​​នោះ​ គឺ​មាន​មនុស្ស​ប្រុស​ម្នាក់ ​ដែល​មាន​រាង​ខ្ពស់​មាឌ​ឌាំង ទឹក​មុខ​ស្រស់​សង្ហា កាយវិការ​​ទន់​ភ្លន់ បង្ហាញ​ស្នាម​ញញឹម​ប្រកបដោយ​ជំនឿ​ទុក​ចិត្ត​ និង​មាន​ភាព​ជឿជាក់​ជាទី​បំផុត និយាយ​ទៅ​រាង​និង​មុខមាត់​ដ៏​មាន​មន្ត​ស្នេហ៍​របស់​គាត់​អាច​ប្រៀប​ធៀប​សង្ហា​​ដូច​តួកុន​កូរ៉េ​ល្បី​មួយ​ឈ្មោះ ​Lee Minho ឬ​​ គូជុនព្យូ​ក្នុង​រឿង​ Boys Over Flower នោះ​អី​។

មិន​ដឹង​ថា​គេ​ជា​អ្នកណា​ទេ ឈ្មោះ​អី​ក៏​មិន​ស្គាល់ ថា​ជា​តួកុន​ដែល​ខ្ញុំ​ធ្លាប់​មើល​ទៅ​ក៏​មិនមែន ធ្លាប់​​ជួប​ធ្លាប់​ស្គាល់​ក៏​អត់​ដែរ ចម្លែក​​មិន​ដឹង​ខ្ញុំ​និមិត្ត​រូបគេ​ចេញ​មក​យ៉ាងម៉េច​ក្នុង​សុបិន​​របស់​ខ្ញុំ​ចឹង​។ ស្ដាយ​​ណាស់​អត់​បាន​ស្គាល់​ឈ្មោះ​គេ តែ​អេ ក្នុង​សុបិន​​ខ្ញុំ​ដូចជា​ស្គាល់​ឈ្មោះ​គេ​តើ គ្រាន់តែ​ពេល​ភ្ញាក់​ឡើង​ខ្ញុំ​ភ្លេច​បាត់ តែ​រាល់​ស្នាម​ញញឹម​ និង​កាយវិការ ​ដ៏​មាន​មន្ត​ស្នេហ៍​របស់​គេ​ ពិតជា​មិន​អាច​ឱ្យ​​ខ្ញុំ​បំភ្លេច​បាន​ទេ​ ចងចាំ​សឹងតែ​រាល់​ដង្ហើម​ចេញចូល​របស់​គេ។ មិន​ដឹង​ថា​នេះ​មកពី​ខ្ញុំ​ងប់ងុល​នឹង​ពិភព​សុបិន​​ពេក​ឬ​ក៏​មិន​ដឹង ឬ​​មកពី​ពិភព​ពិត​របស់​ខ្ញុំ​វា​ពិតជា​កម្សត់​ពេក​ទេ​ដឹង​។​ ​ ​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​សំ​បក​ក្រៅ​ជា​ថ្ម តែ​ខាងក្នុង​សុទ្ធតែ​ជា​ទឹក ងាយ​នឹង​បែកខ្ញែក ក៏​មិន​ដឹង​មកពី​អី​ដែរ គ្មាន​អ្នក​ស្រលាញ់​ខ្ញុំ គ្មាន​អ្នក​សុំ​ខ្ញុំ​ធ្វើជា​សង្សារ ក៏​គ្មាន​អ្នក​យកចិត្តទុកដាក់ គ្មាន​អ្នក​ណាត់​ដើរលេង​មើល​កុន និយាយ​ទៅ​គ្មាន​សង្សារ​ស្នេហា​អី​និង​គេ​។ ពិត​ខ្ញុំ​មិន​ខ្វះ​ទេ ​អ្នក​ស្រលាញ់​យកចិត្តទុកដាក់​នោះ​ហើយ​ ហើយ​មាន​ច្រើន​ទៀត​ផង តួយ៉ាង​ដូចជា​ក្រុម​គ្រួសារ មិត្ត​ភក្តិ​បង​ប្អូន​គឺ​មាន​ច្រើន​ណាស់​តែ​អ្វី​ដែល​ខ្ញុំ​ខ្វះ​គឺ​ស្នេហា​។