និស្ស័យ​ស្នេហ៍​តែ​បៃតង

និស្ស័យ​ស្នេហ៍​តែ​បៃតង


​នៅចាំ​លី​លីង តួ​ស្រី​នៅ​ក្នុង​រឿង​នឹកនា​តែ​បៃតង​ដែរ​ទេ​? ចង់​ដឹង​ពី​ទំនាក់ទំនង​រវាង​នាង​និង​មនុស្ស​ប្រុស​ដែល​នៅ​ក្បែរ​នាង​ ចាប់​ផ្ដើម​​ដោយ​របៀប​ណា​ទេ​? ហើយ​គ្រប់​យ៉ាង​នឹង​បញ្ចប់​ទៅ​ដោយ​បែប​ណា​?​ ​ចម្លើយ​នឹង​មាន​បង្ហាញ​នៅ​ក្នុង​វគ្គ​នេះ​។​ ​ ​លើកទីមួយ​ដែល​បាន​ជួប​ជេក​នៅ​ប្រលានយន្តហោះ គេ​បាន​លង់​ស្រលាញ់​​ខ្ញុំ​ទៅ​ហើយ​…​។​ ​ថ្ងៃ​នោះ​ជេក​មាន​តួនាទី​ជូន​ប៉ា​គេ មក​ទទួល​គ្រួសារ​ខ្ញុំ​នៅ​ប្រលានយន្តហោះ​​​ ចាំ​បាន​ថា​ពេល​នោះ​គេ​សម្លឹង​មើល​មុខ​ខ្ញុំ​ឡើង​ភ្លឹក កែវភ្នែក​រំលេច​ឡើង​នូវ​ភាព​ទន់ភ្លន់​ម្យ៉ាង ដែល​ខ្ញុំ​មិន​អាច​ដៅ​ចេញពី​អារម្មណ៍​មួយ​នោះ​គឺជា​អ្វី​ឱ្យ​ប្រាកដ សភាព​បែប​នេះ​ ហាក់​ដូចជា​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។​ ​ ​ជេក​​គឺ​ជា​កូន​ប្រុស​តែ​ម្នាក់ ​របស់​អ៊ំ​​ស៊ាង​​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​ប៉ា​ខ្ញុំ ម៉ាក់​របស់​​ជេក​​ស្លាប់​ចោល​គេ​តាំងពី​គេ​នៅ​តូច​។ នៅ​សម័យ​​សង្គ្រាម​ ប៉ា​ធ្លាប់​បាន​ជួយ​ជីវិត​អ៊ំ​​ស៊ាង​ គុណស្រ័យ​មួយ​នេះ​អ៊ំ​​ប្រុស​បាន​ចងចាំ​ទុក​ក្នុង​ចិត្ត​ជានិច្ច ហើយ​ដល់ពេល​នេះ ​ក៏​អាច​ថា​ជា​ឱកាស​ដែល​អាច​ឱ្យ​អ៊ំ​​ប្រុស​សងគុណ​ប៉ា​បាន​ហើយ​។​ ​ ​នៅ​លើ​ទឹកដី​ថ្មី ការ​រស់នៅ​ក៏​ចាប់ផ្ដើម​​សាជាថ្មី​។​ ​ពួក​យើង​រស់នៅ​ជុំ​គ្នា​ក្នុង​ផ្ទះ​តែមួយ​ជាមួយគ្នា អ៊ំ​​ប្រុស​ស្រលាញ់​​ថ្នាក់ថ្នម​ខ្ញុំ​ទុក​ដូច​ជា​កូនបង្កើត ចំណែក​ជេក​​ក៏​មើល​ថែ​​ខ្ញុំ​បាន​យ៉ាង​ល្អ​ណាស់​ដែរ​។ នៅ​ទី​នោះ​អ៊ំ​​ប្រុស​មាន​ក្រុមហ៊ុន​មួយ ​ដែល​ជា​របស់​ខ្លួនឯង ហើយ​គាត់​គឺជា​នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ក្រុមហ៊ុន​នោះ​ផ្ទាល់​តែម្ដង​​។ ប៉ា​បាន​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ជាមួយ​អ៊ំ​​ប្រុស ចំណែក​ម៉ាក់​នៅផ្ទះ​រៀប​ចំ​ចាត់ចែង​ការងារ​នៅ​ក្នុង​​ផ្ទះ​។ ប្រៀប​ជា​មួយ​ការ​រស់នៅ​ពីមុន អាច​និយាយ​បាន​ថា​ខុស​ប្លែក​គ្នា​គួរសម​។ ពី​មុន​ពេល​ប៉ា​ទៅ​ធ្វើការ មាន​អ្នក​បើកឡាន​ជូន​ទៅ មកដល់​ផ្ទះ​ក៏​មាន​អ្នកបម្រើ​ឆ្វេង​ស្ដាំ​ទទួល ចំណែក​ម៉ាក់​ក៏​ដូចគ្នា ប៉ុន្តែ​នៅ​ពេល​នេះ​គ្រប់​យ៉ាង​ត្រូវ​រៀប​ចំ​ដោយ​ខ្លួនឯង ទោះជា​ពេល​ដំបូង​ពួកគាត់​នៅ​មិនទាន់​ទម្លាប់​​នឹង​ការ​រស់នៅ​ទី​នេះ តែ​យូរ​ទៅ​ពួកគាត់​ក៏​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​។​ ​ ​ចំពោះ​ខ្ញុំ ការ​រស់នៅ​ទី​នេះ​អាច​និយាយ​ថា​ឯកោ​ខ្លាំង​ណាស់​។ តាំង​ពី​ដើម​មក​ខ្ញុំ​ជា​មនុស្ស​ស្ងប់ស្ងាត់​មិនសូវ​និយាយ​ស្ដី​ ហេតុ​នេះ​មក​ទល់​នឹង​ពេលនេះ​ ខ្ញុំ​គ្មាន​មិត្ត​ភក្តិ​ជិតស្និទ្ធ​សូម្បីតែ​ម្នាក់​ ដែល​អាច​ចែក​រំលែក​រឿង​ក្នុង​ចិត្ត​ជាមួយ​បាន​ឡើយ​។ ​ចំណង់​ចំណូល​ចិត្ត​ខ្ញុំ​នៅតែ​ដដែល នៅតែ​ចូលចិត្ត​ញ៉ាំ​តែ​បៃតង គ្រាន់តែ​ការ​ញ៉ាំ​តែ​បៃតង​នៅ​ ​ទី​នេះ​ និង​នៅ​ស្រុក​កំណើត​ គឺ​ខុស​ប្លែក​គ្នា​។ ​អ្វី​ដែល​ខុស​ប្លែក​គ្នា​នោះ​គឺ ‘​អារម្មណ៍​’…​​