សុភាពបុរស​ដូច​បង​ ញ៉ែ​អូន​បាន​ទេ?

សុភាពបុរស​ដូច​បង​ ញ៉ែ​អូន​បាន​ទេ?


“​ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួបកំណើត​ខ្ញុំ ​នេះ​សំបុត្រ​សុំ​អញ្ជើញ​ម៉ាលី​ទៅ​កុំ​ខាន​ណា៎!” ​ នឹក​ដល់​ពាក្យ​ប្រធាន​សុង ​ខ្ញុំ​ក៏​ពិបាកចិត្ត​ភ្លាម។ សំបុត្រ​ពណ៌​ត្នោត​មួយ​នោះ ​គាត់​ទើប​តែ​ឱ្យ​មក​ខ្ញុំ​ពេល​ចេញ​ធ្វើការ​ គ្រាន់តែ​ហុច​ឱ្យ​រួច​ ក៏​ប្រញាប់​ដើរ​ចេញ​ភ្លាម​ ដើម្បី​កុំ​ឱ្យ​ខ្ញុំ​បដិសេធ​ទាន់​ ខ្ញុំ​ត្រលប់​សំបុត្រ​ចុះ​ឡើង​ៗ​ បើ​អាច​ធ្វើ​បាន​ចង់​តែ​បោះចោល​ទៅ​ក្នុង​ធុងសំរាម​ឱ្យ​បាត់​ក្ដៅ​ចិត្ត។

អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​គ្រប់គ្នា​ គ្មាន​នរណា​ដែល​មិន​ល្បី​ពី​រឿង​ព្រាននារី​របស់​គាត់ ​ឱ្យ​តែ​ឃើញ​បុគ្គលិក​ជា​ស្រី​ស្អាត​មិន​បាន​ ទោះជា​មាន​អាយុ​ច្រើន​ ហើយ​មាន​កូន​ដល់​ទៅ​៤​នាក់ ​តែ​គាត់​នៅ​តែ​មាន​ចិត្តជា​យុវវ័យ​ ហេតុ​អី​បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ​ មើល​ចុះ​សូម្បី​កន្លែង​ធ្វើ​ខួប​កំណើត​ក៏​ធ្វើ​នៅ​ក្នុង​ក្លឹប​ដែរ។ “ទ្រាំ​ទៅ​ម៉ាលី ​ដើម្បី​តំណែង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​ ដែល​ឯង​ស្រលាញ់​” ខ្ញុំ​និយាយ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ តែ​មិន​ដឹង​ថា ​បាន​ផល​ដល់​ពេល​ណា ​ក្នុង​ចិត្ត​ចង់​បបួល​ខូឡា​ទៅ​ជា​មួយ​ តែ​កុំ​អី​ប្រសើរ​ជាង ​យក​មនុស្ស​មោឃ​នោះ​ទៅ​ ស្រួល​មិន​ស្រួល​ជា​ការ​ជួញ​រឿង​ដាក់ខ្លួន​ទៀត​ផង។ ​ខូ​ឡា​ជា​មិត្ត​តែ​ម្នាក់​របស់ខ្ញុំ ​ពួក​យើង​ជិតដិត​នឹង​គ្នា​ជាង​ពី​បងប្អូន​បង្កើត​ទៅ​ទៀត ​តែ​ពេល​នេះ​នាង​រៀបការ​រួច​ទៅ​ហើយ ខ្ញុំ​នៅ​លួច​សរសើរ​ពី​ភាព​ក្លាហាន​របស់​យូហា​ ដែល​ព្រម​រៀបការ​នឹង​មេ​បញ្ហា​ដូចជា​ស្រី​ល្ងង់​នោះ មិនមែន​ថា​នាង​ជា​មនុស្ស​អាក្រក់​ តែ​ព្រោះតែ​ចរិត​តាម​សង្គម​មិន​ទាន់​ដូច​ជា​ខូ​ឡា​ ច្រើន​តែ​ត្រូវ​អ្នក​ដទៃ​រក​រឿង​ជា​ញឹកញាប់ ​ពេល​ខ្លះ​ដោយសារ​ជួយ​នាង​ ខ្ញុំ​ក៏​ត្រូវ​ស្ពាយ​របួស​ឈឺ​ខ្លួន​មក​​ផ្ទះ​ទៀត​ផង។

“គួរតែ​ពន្យារ​ពេល​ទៅ​ចូលរួម​ ទៅ​ឱ្យ​យឺត​ក្រោយ​គេ ​ហើយ​ចេញ​មក​មុន​គេ ​បែប​នេះ​ក៏​ល្អ​” ខ្ញុំ​សរសើរ​ខួរក្បាល​ឆ្លាត​របស់​ខ្លួន ​តាំង​ពី​ក្មេង​មក​ខ្ញុំ​មាន​សញ្ជាតិ​ញាណ​ យក​រួច​ខ្លួន​បាន​យ៉ាង​ល្អ​ មក​ពី​ខួរក្បាល​នេះ​ឯង​។ ​ខ្ញុំ​ភ្លេច​ណែនាំ​ខ្លួន​ឯង ​ខ្ញុំ​ឈ្មោះ​ម៉ាលី​អាយុ​២៦​ឆ្នាំ​ សព្វថ្ងៃ​នេះ​ខ្ញុំ​រើ​ចេញ​មក​នៅ​ខាងក្រៅ​ម្នាក់​ឯង​ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ផ្សងព្រេង​ក្នុង​ជីវិត ​ដោយ​មិន​ចង់​ពឹង​ពាក់​អ្នក​ផ្ទះ​ ហើយ​​ព្រោះ​មាន​ប៉ា​ជា​ជនជាតិ​បរទេស​ ទើប​គំនិត​របស់​ខ្ញុំ​ត្រូវ​ប៉ា​គាំទ្រ​ពេញ​ទំហឹង ​ទោះ​ម៉ាក់​ខំ​បដិសេធ​យ៉ាង​ណា​ ក៏​នៅ​ទីបំផុត​ខ្ញុំ​នៅ​តែ​រើ​ចេញ​មក​រស់នៅ​ក្រៅ​ការ​គ្រប់គ្រង​ឱ្យ​ទាល់តែ​បាន​ គ្រាន់​តែ​ត្រូវ​សន្យា​ថា ​ទៅ​លេង​ពួក​គាត់​ឱ្យ​បាន​ញឹកញាប់​ប៉ុណ្ណោះ​។ ​

ខ្ញុំ​រៀបចំ​ខ្លួន​ ដោយ​ខោអាវ​មិន​សុភាព​ពេក​ ក៏​មិន​សិច​ស៊ី​ពេក​ ព្រោះ​ខ្ញុំ​មានគំនិត​ជា​នារី​សម័យ​ថ្មី​ ទើប​ការ​តែង​ខ្លួន​មិន​បាន​ជា​បិទ​ជិត​ប៉ុន្មាន​ តែ​នារី​ប្រភេទ​ខ្ញុំ​គឺ​មើល​បាន​ តែ​ប៉ះ​មិន​បាន​ បើ​មាន​មនុស្ស​ដៃ​រហ័ស​ឯ​ណា​ចង់​សាកល្បង​ក៏​មក​ចុះ ​ខ្ញុំ​នឹង​ប្រគេន​កណ្ដាប់ដៃ​ឱ្យ​ហ្វ្រ៊ី​បែប​មិន​គិត​ការប្រាក់​។ ​ខ្ញុំ​ជិះ​តាក់ស៊ី​ទៅ​ដល់​មុខ​ក្លឹប​ជី ​ដែល​ជា​ក្លឹប​មួយ​ល្បី​គួរសម ​ភាគច្រើន​បុគ្គលិក​ក្រុមហ៊ុន​ខ្ញុំ​ច្រើន​រៀបចំ​កម្មវិធី​នៅ​ទី​នេះ​ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ហើយ ​ដែល​ខ្ញុំ​មក​ចូលរួម ​និយាយ​តាម​ត្រង់​ថា​ខ្ញុំ​មិន​ចូល​ចិត្ត​កន្លែង​អស់​នេះ។