ស្នាម​ថើប​ដំបូង

ស្នាម​ថើប​ដំបូង


៣​ឆ្នាំ​ហើយ ដែល​ខ្ញុំ​ចាកចេញ​ពី​ប្រទេស​នេះ ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​។ ខ្ញុំ​ឈាន​ជើង​យ៉ាង​យឺត​ៗ​ ដើរ​ចូល​មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ ទាំង​បេះដូង​ញ័រ​ចំប្រប់​។ ខ្ញុំ​ដឹង​ថា គេ​នៅ​ទីនោះ​។ គេ​បង្រៀន​នៅ​ថ្នាក់​ចុង​អគារ​មួយ​នោះ​។ តើ​គេ​សុខ​សប្បាយ​ទេ​? តើ​គេ​មាន​ញ៉ាំ​អាហារ​ទៀងទាត់​ដែរ​ឬ​ទេ​? គេ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់ តែ​ធ្វើការ​ច្រើន​នោះ គឺ​ភ្លេច​បាយ​ភ្លេច​ទឹក​ហើយ ជាពិសេស​គឺ​អាហារ​នា​ពេល​ថ្ងៃត្រង់។

-​​​ម៉ា​នី ត្រលប់​មក​វិញ​ហើយ​ឬ​? សំឡេង​ហៅ​ឈ្មោះ​ខ្ញុំ​ច្បាស់​បែបនេះ ច្បាស់​ជា​សុវត្ថិ​ហើយ​។ ខ្ញុំ​បែរខ្នង​ងាក​មុខ ហើយ​ញញឹម​ដាក់​សុវត្ថិ​វិញ​។​ -​​​ចាស​ មក​វិញ​ហើយ​។​ -​​​មក​តាំងពី​ថ្ងៃ​ណា មិន​ឮ​នរណា​ប្រាប់​ខ្ញុំ​សោះ​។​ -​​​ចាស មកដល់​យប់​ម្សិលមិញ​នេះ ប្រហែល​ម៉ោង​១១​។​ -​​យន្តហោះ​ពី​កូរ៉េ​មក​យប់​ៗ​បែបនេះ​តែ​រហូត​។ អ៊ីចឹង​បានជា​គ្មាន​នរណា​ប្រាប់​ឱ្យ​​ខ្ញុំ​ទៅ​ទទួល​ម៉ា​នី​ដែរ។ ចុះ​នរណា​គេ​ខ្លះ ទៅ​ទទួល​ម៉ា​នី កាល​ពី​យប់មិញ​? -​​​ចាស​ គឺ​សុភ័ក្ត្រ​។​ -​​​យី សុភ័ក្ត្រ​នេះ! វា​មិន​ចេះ​ប្រាប់​គ្រូ​របស់​វា​ថា​បងស្រី​វា​មកវិញ​អី​នោះ​សោះ​ហើយ​។​ ខ្ញុំ​ញញឹម​ដាក់​សុវត្ថិ​។ ខ្ញុំ​ឮ​សំឡេង​ល្វើយ​ៗ ចេញពី​បន្ទប់​បង្រៀន​មួយ​នោះ​។ សំឡេង​គ្រល​ៗ ប៉ុន្តែ​ពីរោះ​រណ្ដំ ធ្វើ​ឱ្យ​​ត្រចៀក​របស់ខ្ញុំ​ចង់​ស្ដាប់​ជា​រៀងរាល់ថ្ងៃ មិន​ចេះ​ធុញទ្រាន់​។