នឹកនា​តែ​បៃតង

នឹកនា​តែ​បៃតង


“​តែ​បៃតង នេះ​តែ​របស់​នាង​” ក្មេង ប្រុស​វ័យ​ជំទង់​មុខមាត់​ស្លូតបូត ហុច​តែ​ឱ្យ​ខ្ញុំ​។ តាម​ពិត​ខ្ញុំ​មិនមែន​ឈ្មោះថា​តែ​បៃតង​ទេ ខ្ញុំ​មាន​ឈ្មោះ​ថា​លី​លីង តែ​ដោយសារ​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​តែ​បៃតង​ពេក គេ​ក៏​ហៅ​ខ្ញុំ​ថា​តែ​បៃតង​ទៅ​។​

‘​អ៊ី​យក​តែ​បៃតង​ទឹកដោះគោ​’ ‘​អ៊ី​យក​តែ​បៃតង​ក្រូចឆ្មារ​’ ‘​អ៊ី​យក​ការ៉េម​រសជាតិ​តែ​បៃតង​’ ‘​អ៊ី​យក​តែ​បៃតង​ក្រឡុក​’ ​គឺ​ព្រោះតែ​បែប​នេះ​ខ្ញុំ​ក៏​បាន​ស្គាល់​គេ ផ្ទះ​របស់​គេ​បើក​ហាង​លក់​ទឹក​ភេសជ្ជៈ​​តូច​ល្មម​នៅ​ក្បែរ​សាលា។ រាល់​ថ្ងៃ​ខ្ញុំ​ពេល​ចេញពី​រៀន ខ្ញុំ​តែងតែ​ដើរ​ទៅ​ទិញ​តែ​បៃតង​មួយ​កំប៉ុង​យក​ទៅ​ផឹក​នៅ​ផ្ទះ។​

“​ហេតុ​អី​ក៏​នាង​ចូល​ចិត្ត​ផឹក​តែ​បៃតង​ម្ល៉េះ​?” “​រសជាតិ​ល្វីង​ៗ ឈ្ងុយ បូក​ជាមួយ​រសជាតិ​ផ្អែម​របស់​ទឹកដោះគោ និង​ស្ករ ផឹក​ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​ខ្លាំង​ណាស់​” “​មួយ​កំប៉ុង​នេះ ឱ្យ​នាង​ហ្វ្រី​” ខ្ញុំ​បើក​ភ្នែក​ភ្ញាក់ផ្អើល គេ​ជា​កូន​អ៊ី​ម្ចាស់​ហាង ហ្វ្រី​តែ​មួយ​កំប៉ុង​ឱ្យ​ម៉ូយ​ប្រចាំ​ មិន​ជា​រឿង​ចម្លែក​អី​ទេ​ណ៎​!! ខ្ញុំ​ញញឹម​និយាយ​អរគុណ​ទៅ​គេ​។​

ឡើង​ថ្នាក់​ទី​១០ ខ្ញុំ​និង​គេ​រៀន​ថ្នាក់​ជាមួយគ្នា​។ មួយ​ប៉ប្រិច​ភ្នែក ​យើង​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​យ៉ាង​ឆាប់រហ័ស​។​ “​តែ​បៃតង ពេល​រៀន​ចប់​ ខ្ញុំ​នឹង​ធ្វើ​ការស្រាវជ្រាវ​ផលិត​តែ​បៃតង​មួយ​ ដ៏​ឆ្ងាញ់​បំផុត​ឱ្យ​នាង ផឹក​ហើយ​បំភ្លេច​មិនបាន​មួយ​ជីវិត​” ជា​ស៊ី​ង​ទះ​ទ្រូង​និយាយ​អួត ខ្ញុំ​សើច​គ្រវី​ក្បាល​ហួសចិត្ត ពាក្យ​សម្ដី​ក្មេង​ថ្នាក់​ទី​១០​នឹង​យកជាការ​បាន​ដែរ​យ៉ាង​ម៉េច​?