Dear Crush

Dear Crush


“​ស្អី​គេ​? ឯង​ម៉េច​ក៏​ទៅ​ចូលចិត្ត​អី​មនុស្ស​ប្រុស​ដែល​យ៉ាប់​យ៉ាង​នេះ និស្សិត IT អី ក៏ Out of date ម្ល៉េះ​! មិនសូវ​លេង Facebook ហើយក៏​មិន​ដែល​ផុស​អី​សោះ ដែល​សំខាន់​នោះ ​គេ​មិន​បាន​ចាប់អារម្មណ៍​លើ​ឯង​ទៀត ហើយ​គេ​ក្មេង​ជាង​ឯង​ទៀត។ ពិត​ជា​ស៊ី​បាន​តែ​ក្មេង​មែន!” “​គេ​មិន​បាន out of date ទេ គ្រាន់​តែ​មិនសូវ​ទាន់​សម័យ​ប៉ុណ្ណោះ គឺ​បែប​ថា​ ជា​មនុស្ស​រាង​បូរាណ​មិន​សូវ ហ៊ឺ​ហា ឬក៏​តែងខ្លួន​ឡូយឆាយ​ហ្នឹង​ណា ហើយ​មិន​បាន​អាយុ​ប្អូន​ខ្ញុំ​ច្រើន​នោះ​ទេ ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណឹង​ឯង​” ខ្ញុំ​លួច​ចូល​ទៅ​មើល​ព័ត៌មាន​របស់​គេ​ក្នុង Facebook ហើយ​ក៏​ឃើញ​ថា ​គេ​កើត​ឆ្នាំ​1993​ដួច​ខ្ញុំ តែ​ប្អូន​ខែ។

“ ហ្នឹង​ហើយ​រស​និយម​ឯង មនុស្ស​ដែល​គេ​ស្រឡាញ់​ឯង​មាន​មិន​ខ្វះ តែ​មិន​ព្រម​ទៅ​ចាប់​អារម្មណ៍​គេ​ទេ ទៅ​ចាប់​អារម្មណ៍​តែ​មនុស្ស​មិន​ចាប់​អារម្មណ៍​ខ្លួន” ខ្ញុំ​មិន​ចង់​ចឹង​ទេ ឱ្យ​ធ្វើ​ម៉េច ​បើ​អត់​មាន​អារម្មណ៍។ ​ខ្ញុំ​ចាប់ផ្ដើម​ស្ដាយ​ក្រោយ​ហើយ​ណា ដែល​និយាយ​រឿង​មនុស្ស​ដែល​ខ្ញុំ​ចូលចិត្ត​ប្រាប់​ឯង​។ មើល​ចុះ​មិន​ព្រម​ជួយ​អី​ទេ គិតតែ​ជាន់​បន្ថែម​។ តែ​ថា​ទៅ​ក៏​ជួយ​អី​មិន​បាន​ដែរ ខ្ញុំ​គ្មាន​បំណង​នឹង​ទៅ​សារភាព​ប្រាប់​គេ ឬ​ក៏​ធ្វើ​អី​ដើម្បី​បាន​ទាក់ទង​គេ​ដែរ គ្រាន់តែ​ចូលចិត្ត​ពី​ចម្ងាយ​អ៊ីចឹង​ទៅ​បាន​ហើយ មិន​ចង់​ខូចចិត្ត​ខ្លាំង​ជាង​នេះ​។

​រឿង​ដើម​មក​គឺ​ថា​បែបនេះ ខ្ញុំ​ជា​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​កម្ពុជា វេន​យប់ ហើយ​បុរស​ម្នាក់​នោះ​ក៏​ជា​និស្សិត​ជំនាញ វិទ្យាសាស្ត្រ​កុំព្យូទ័រ អ៊ីចឹង​ហើយ​ទើប​មាន​មុខវិជ្ជា​ខ្លះ​យើង​រៀន​ថ្នាក់​ជាមួយគ្នា ហើយ​យើង​ក៏​បាន​ស្គាល់​គ្នា​។ និយាយ​តាម​ត្រង់​ទៅ ពេល​ដែល​គ្រូ​តម្រូវ​ឱ្យ​ក្រុម​នីមួយៗ​ធ្វើ​បទ​បង្ហាញ​ពី​ការងារ​ក្រុម ខ្ញុំ​មិន​សូវ​ដែល​បាន​យកចិត្តទុកដាក់​ស្ដាប់​ទេ លើកលែង​តែ​ក្រុម​របស់​គេ​។ គេ​តែងតែ​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ឡើង​ធ្វើ​បទ​បង្ហាញ​តំណាង​ក្រុម​។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​គេ​និយាយ​ភាសា​អង់គ្លេស​ណាស់ (​សាលាបង្រៀន​ជា​ភាសា​អង់គ្លេស ហើយ​និស្សិត​ទាំងអស់​ក៏​ត្រូវ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​គោល​) សំឡេង​របស់​គេ​ពីរោះ និង​និយាយ​ភាសា​អង់គ្លេស​ច្បាស់​ល្អ​ហើយ​អត់​មាន​ទាក់​នោះ​ទេ។