ភូមិភាគ​ភ្ជាប់​និស្ស័យ

ភូមិភាគ​ភ្ជាប់​និស្ស័យ


(រឿងនេះ​ជា​រឿង​ពិត​ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ១៩៨៥) ចាប់តាំងពី​ធ្វើដំណើរ​ពី​ភ្នំពេញ​មក​ សោភា​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​ឡើយ។ ​ភ្នែក​ចេះតែ​សម្លឹង​មើល​ទៅ​ផ្ទៃ​ទឹក​ល្ហាចល្ហឹម​ និង​ដងព្រៃ​ព្រឹក្សា​ដែល​ដុះ​អម​តាម​ជ្រាំង​ទន្លេ​ ។ ផ្ទុយ​ស្រឡះ​ពី​ក្នុង​ចិត្ត​ចេះតែ​រំលឹក​ឡើងវិញ​នូវ​ពាក្យ​សម្ដី​ដដែល​ៗ​របស់​ម្ដាយ​ខ្លួន​ដែល​តែងតែ​ឮ​កងរំពង​នៅ​ក្នុង​ចិត្ត​ស្រី​ក្រមុំ​ឥតមាន​រលុប​បាត់​សូម្បី​តែមួយ​ម៉ាត់​។

«ស្អី​គេ?! ខ្លួន​ជា​ស្រី​ចង់​រៀន​ឱ្យ​វា​ខ្ព​ស់បាន​ប្រយោជន៍​អី? ធំ​ប៉ុណ្ណឹង​ហើយ​គួរតែ​ចេះ​ចិញ្ចឹម​ខ្លួន​ឯង​បាន​ហើយ! រៀន​ស្អី​ទៀត? វា​គ្មាន​បាន​ប្រយោជន៍​ស្អី​ទេ! មិនដឹង​ទេ! ឯង​ធ្វើ​យ៉ាងម៉េច​បាន​ស្រេច​តែឯង​ទៅ! អញ​ចែក​ច្រមុះ​ម្នាក់​មួយ​ឱ្យ​ដកដង្ហើម​ហើយ! ធ្វើ​ម៉េចរ​ស់បាន​ធ្វើទៅ! អញ​គ្មាន​លទ្ធភាព​ទេ!»

សោភា​ឥតមាន​ពាក្យ​អ្វី​តប​តទៅ​ម្តាយ​ឡើយ​ ត្បិត​នាង​ឆ្អែត​ចិត្ត​និង​ទាល់គំនិត​មិនដឹងថា​និយាយ​បែបណា​ឱ្យ​អ្នក​ម្តាយ​ដ៏​សែន​ផ្តាច់​ការ មិន​យល់​ពី​សារៈសំខាន់​នៃ​ចំណេះវិជ្ជា​ដែល​កូន​គ្រប់គ្នា​គួរ​ទទួលបានស្មើៗគ្នា ​មិន​ថា​ជា​ស្រី​ឬ​ប្រុស។ តាំងពីដើម​មក​ ម្តាយ​នាង​មិនសូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូនស្រី​ប៉ុន្មាន​ឡើយ ហើយ​នាង​ហាក់​មិនដែល​បានទទួល​ភាពកក់ក្តៅ​ពី​ម្តាយ​សោះ។

ស្រស់​ស្រី​រស់នៅ​ជាមួយ​បណ្តា​ញាតិ​សាច់ថ្លៃ​និង​បងស្រី​រហូតមក។ ទោះបី​អ្នក​ម្ដាយ​តែងតែ​ផ្ញើ​លុយកាក់​ឧបត្ថម្ភ​ឱ្យ​នាង​រៀន​សូត្រ​ ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ​នោះ​មាន​ចំនួន​តិច​តួច​ស្ដួចស្ដើង​ជា​ខ្លាំង​ សឹង​មិន​អាច​ធ្វើ​អ្វី​កើត។ បើ​នឹង​ឱ្យ​នាង​ហាមាត់​សុំ​លុយ​ម្តាយ​បន្ថែម​ក៏​មិនបាន ​ត្បិត​រាល់ដង​គាត់​តែ​ជេរ​ស្ដី ​ឬ​បោះបោក​ពាក្យ​សម្ដី​នានា​ល្មម​អោយ​នាង​ស្ពឹក​មុខ​ម្ដង។ កាន់តែ​គិត រង្វង់​ទឹក​ដែល​នៅ​ដក់​ក្នុង​ភ្នែក​ក៏​ច្រាល​រកកល់​តែ​នឹង​ស្រក់​ចុះមក តែ​នាង​ខំ​ទប់ចិត្ត​មិន​យំ​នាំឱ្យ​អ្នក​ដំណើរ​​ឯទៀត​គេ​ពិភាល់ក្នុងចិត្ត​ហើយ​យកទៅ​គិត​ក្នុងផ្លូវខុសៗបាន។

ពេលយប់​នៅលើ​កប៉ាល់​ពិតជា​រងា​ដល់​ឆ្អឹងខ្នង។ ស្រី​ក្រមុំ​គ្មាន​សូម្បីតែ​ភួយ​ឬ​សម្លៀក​បំពាក់​ក្រាស់​ៗ​គ្រាន់​ដណ្ដប់​អោយ​បាត់​រងា។ នាង​ដេក​ឱប​ដៃ​ញ័រញាក់​តែ​ម្នាក់​ឯង​នឹក​តូច​ចិត្ត​នឹង​ម្ដាយ​ដែល​មិន​បាន​ឱ្យ​សូម្បីតែ​លុយកាក់​គ្រាន់​ជា​សោហ៊ុយ​នៃ​ការ​ធ្វើ​ដំណើរ​មក​សៀមរាប​បន្តិច​ណា​ឡើយ។ គាត់​គ្រាន់តែ​យក​នាង​ទៅ​ផ្ញើ​នឹង​ម្ចាស់​កប៉ាល់​ដែល​ធ្លាប់​ស្គាល់គ្នា ​បំណង​ឱ្យ​នាង​កញ្ញា​ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​សៀមរាប​ជាមួយ​គេ​តែប៉ុណ្ណោះ។

ពន្លឺ​ថ្ងៃ​ចាំង​ជះ​មកលើ​រាងកាយ​ដែល​កំពុង​លង់លក់ ​ធ្វើ​ឱ្យ​​នាង​ត្រូវ​បើកភ្នែក​ឡើងមក​ក្នុង​ចំណោម​ភ្ញៀវ​ឯ​ទៀតៗដែល​ពេលនេះ​កំពុង​ស្រស់ស្រូប​អាហារ​ ដោយ​សារ​តែ​​គេ​បាន​​ត្រៀម​មក​មុន​ឡើងលើ​កប៉ាល់​ជាមួយ​ក្រុម​គ្រួសារ​របស់​​​​​​​​​​​គេ ​ដោយ​មិន​ខ្វល់​អើពើ​ពី​នារី​កម្សត់​នេះ​ឡើយ។ មាន​ថៅកែ​ចិត្តធម៌​ម្នាក់​ដែល​មាន​ចិត្ត​អាណិត​បាន​ហុច​នំ​ប៉ាវ​មួយ​មក​ឱ្យ​នាង។ «ញ៉ាំ​ទៅ​ក្មួយ! ពូ​ឱ្យ!» អរ​ណាស់​ នារី​យើង​លើកដៃ​សំពះ​គាត់​ភ្លាម។