ភព​ស្នេហ៍​ចៃដន្យ

ភព​ស្នេហ៍​ចៃដន្យ


ខ្ញុំ​តែងតែ​សួរ​ខ្លួន​ឯង​ថា​ តើ​សុភមង្គល​ជា​អ្វី? ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​មាន​សុភមង្គល? តើ​លុយ​អាច​ទិញ​វា​បានទេ? គេ​តែងតែ​និយាយ​ថា បើ​មាន​លុយ​គឺមាន​សុភមង្គល ចុះ​ចំពោះ​រឿង​ស្នេហា​វិញ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ស្វែងរក​ស្នេហា​ពិតប្រាកដ​បាន? ខ្ញុំ​ឈ្មោះ សេរីរដ្ឋ ឈ្មោះ​នេះ​គឺ​អាចារ្យ​ម្នាក់​មក​ដាក់ឲ្យ​ខ្ញុំ ដោយសារ​មាន ដើម​ផ្កាឈូករ័តន៍មួយ​ដើម​នៅក្នុង​សួនច្បារ​មន្ទីរពេទ្យ ដែល​អ្នក​ថែ​សួន​តែងតែ​ស្រោច​ទឹក​ឲ្យ​វា​ជាប្រចាំ​ហាក់​ដូចជា​មិន​ទទួល​បាន​ផល​ទាល់តែសោះ​ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​កំណើត​ថ្ងៃ​ដំបូង ផ្កាឈូករ័តន៍​ក៏បាន​ដុះ​ពាសពេញ​ដើម វា​គឺជា​រឿង​ចម្លែក​មួយ ដែល​ធ្វើឲ្យ​អ្នក​គ្រប់គ្នា​ភ្ញាក់ផ្អើល។ ពេល​ខ្ញុំ​ដល់​វ័យ​ជំទង់ ទើប​លោកប៉ា​និយាយ​រឿង នេះ​ប្រាប់​ខ្ញុំ។ រឿង​ដ៏​គួរឲ្យ​សោកស្តាយ​បំផុត​គឹ ខ្ញុំ​កើត​បាន​១​ខែ​ម្តាយ​របស់ខ្ញុំ ក៏​បាន​ស្លាប់​បាត់​ទៅ​ដោយ​ខ្ញុំ​មិន​ដឹង​មូលហេតុ នៅ​សល់​តែ​ខ្ញុំ​និង​លោក​ប៉ា​តែ​២​នាក់។ ហេតុតែ​លោកប៉ា​រវល់ និង​កិច្ចការ​មមាញឹក​ច្រើន គាត់​មិន​មាន​ពេលវេលា​មក​មើលថែ​ខ្ញុំ ហើយ​គាត់​មិន​ទុកចិត្ត អ្នក​មើល​ថែ ក៏​សម្រេចចិត្ត​បញ្ចូន​ខ្ញុំ​ទៅ​រៀន​នឹង​រស់នៅ​ឯ​ស្រុក​ក្រៅ នឹង​ឲ្យ​មីង​របស់ខ្ញុំ​ចិញ្ចឹម​ថែទាំ​ខ្ញុំ។ នៅ​ទីនោះ​គាត់​ចិញ្ចឹម​បីបាច់​យ៉ាង​ម៉ត់ចត់ និង​ចាត់ទុក​ខ្ញុំ​ដូចជា​កូនបង្កើត​របស់គាត់។ នា​រដូវ​ត្រជាក់​ ព្រិល​ក៏​ចាប់ផ្តើម​ធ្លាក់ ទឹក​ទន្លេ​ក៏​ចាប់ផ្តើម​កក ខ្យល់​បក់រំភើយៗ ខ្ញុំ​ឈរ​នៅក្រៅ​ផ្ទះ អាកាសធាតុ​កាន់តែ​ត្រជាក់ ធ្វើ​ឲ្យ​ចិត្ត​របស់ខ្ញុំ​មាន​អារម្មណ៏ ថា​ខ្វះ​ភាព​កក់ក្ដៅ នឹករលឹក​ដល់​លោកប៉ា​ ម៉ាក់​របស់ខ្ញុំ តើ​ពួកគាត់​សុខ​សប្បាយ​ឬទេ? មួយសន្ទុះ​ក្រោយមក​អ្នក​មីង​របស់ខ្ញុំ​ ក៏បាន​ចេញ​មក​ក្រៅ​សំដៅ​មក​រក​ខ្ញុំ​ដោយ​ទឹកមុខ​របស់​គាត់​មាន​លក្ខណៈ​ភ័យខ្លាច។ «អ្នកនាង​កំពុង​ធ្វើ​អី​នៅ​ទីនេះ?» «ខ្ញុំ​កំពុង​ស្រូបខ្យល់​អាកាស » ខ្ញុំ​ឆ្លើយតប​មក​គាត់។ «កុំ​ឲ្យ​មីង​បារម្ភ ឆាប់​ចូល​ក្នុងផ្ទះ​ទៅ ប្រយ័ត្ន​ឈឺ»