បុប្ផា​មេមត់

បុប្ផា​មេមត់


នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ ​មេមត់​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​សាលា​មួយ​គឺ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់។ នៅ​ជុំវិញ​សាលា​ព័ទ្ធ​ដោយ​របង​ឆ្លាក់​រូប​ចម្លាក់​លម្អ​ផ្កា​ភ្ញី​នៅ​តាម​របង​ទ្វារ ដែល​មើល​ទៅ​ដូចជា​រស់​រវើក​អ៊ីចឹង។ ​រៃ​យំ​ទម្លាក់​ពី​ចុង​ឈើ​ដល់​គល់ឈើ​ និង​មាន​កូនចាប​ដែល​ហោះ​តាម​មេ​វា​ឡើង​ត្រដរ​ព្រមទាំង​យំ​សំឡេង​កង​រំពង​ ដែល​យើង​ស្ដាប់​ទៅ​ធ្វើ​ឲ្យ​រំជួលចិត្ត​ខ្លោចផ្សា ដូច​នៅ​សួគ៌ា​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ឥត​អ្វី​ប្រៀបបាន។ នៅក្នុង​សាលា​មាន​សិស្ស​ម្នាក់​ដែលជា​សិស្ស​ពូកែ​ជាង​គេ​នៅ​ថ្នាក់​ទី​៩​ហើយ​គ្មាន​នរណា​ម្នាក់​រៀន​ឈ្នះ​គាត់​នោះទេ។ គាត់​ឈ្មោះ​សុវណ្ណ​គាត់​ខិតខំ​សិក្សា​ណាស់​ទាស់​តែ​គាត់​គឺជា​កូន​អ្នក​ក្រ ដែល​ធ្វើ​ឲ្យ​គាត់​រៀន​មិន​គ្រប់គ្រាន់​មិន​ដូច​អ្នក​មាន។ គាត់​រៀន​បណ្ដើរ​និង​ធ្វើការ​បណ្ដើរ​ដោយ​មិន​គិត​ពី​នឿយ​ហត់​នោះ​ទេ។ ឪពុក​និង​ម្ដាយ​របស់​គាត់​គឺ​ជា​អ្នក​ដើរ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ឲ្យ​គេ​ ហើយ​សុវណ្ណ​ត្រូវតែ​ក្រោក​ពី​ព្រលឹម​ដើម្បី​រៀបចំ​ម្ហូបអាហារ​ទុក​ឲ្យ​ឪពុកម្ដាយ​និង​ពេល​ល្ងាច​រៀបចំ​អាហារ​ម្ដងទៀត​ ព្រោះ​ឪពុកម្ដាយ​ទៅ​ជម្រះ​ស្មៅ​ឲ្យ​គេ​ទាល់តែ​ល្ងាច​បាន​មក​ដល់ផ្ទះ។

ថ្ងៃ​ប្រឡង​ឌីប្លូម សុវណ្ណ​ត្រូវ​ក្រោក​ពី​ព្រលឹម ហើយ​ត្រូវ​ប្រញាប់​មក​សាលា​មុន​ម៉ោង​ ព្រោះ​ជា​ថ្ងៃ​ប្រឡង។ នៅ​ពេល​មក​ដល់​សាលា​ខោអាវ​របស់​គាត់​​ត្រូវ​ប្រឡាក់​ភក់ជ្រាំ​ ព្រោះ​ជា​រដូវ​វស្សា​ហើយ​គាត់​ដើរ​ត្រូវ​បាន​ឡាន​បើក​លើ​ភក់​ខ្ទាត​លើ​ខោអាវ​របស់​គាត់។ នៅ​ពេល​ប្រឡង​រួច​មាន​ស្រី​ម្នាក់​សួរ​គាត់​នាង​ឈ្មោះ​សោភា​ដែលជា​កូនអ្នកមាន​ស្ដុកស្ដម្ភ​ម្ដាយ​ជា​អ្នកលក់ដូរ​នៅ​ផ្សារ ​រីឯ​ឪពុក​ជា​គ្រូបង្រៀន​នៅ​ឯ​ភ្នំពេញ​និង​មាន​ដី​រាប់​រយ​ហិកតា​កេរ​ពី​ដូនតា ​ហើយ​ឪពុក​នាង​មួយ​ខែ​មក​ផ្ទះ​ម្ដង។ នាង​បាន​លួច​ស្រឡាញ់​សុវណ្ណ​ព្រោះ​សុវណ្ណ​ជា​មនុស្ស​ដែល​ចិត្តល្អ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​សុភាព​និង​ចេះ​ជួយ​បណ្ដើរ​ចាស់ៗ​ឆ្លង​ផ្លូវ ​ធ្វើ​ឲ្យ​នាង​ចាប់អារម្មណ៍​និង​ជា​ពិសេស​សុវណ្ណ​ជា​បុរស​សង្ហា​ស្អាតបាត​ថែមទៀត។នាង​បាន​សួរ​សុវណ្ណ​ថា៖ «​តើ​ឯង​សង្ឃឹម​ប្រឡង​ជាប់​អត់?»