បងស្រី​ទេពអប្សរ

បងស្រី​ទេពអប្សរ


ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក ខ្ញុំ​ក៏​ឆ្លៀតពេល​រៀបចំ​បន្ទប់​គេង​ដ៏​សែន​របៀប​ប្រៀប​ដូច​សំបុក​កណ្ដុរ ឱ្យ​វា​មាន​សោភណភាព​ឡើងវិញ។ ស្រប​ពេល​ដែល​រៀបចំ ខ្ញុំ​ក៏​ចាក់​បទ​ចម្រៀង​ថ្មី​ៗ​ដែល​ខ្ញុំ​ទើប​តែ​ ​Download ​ហើយ​មក​ស្ដាប់​ដើម្បី​កំដរ​អារម្មណ៍ ​កុំ​ឱ្យ​ស្ងាត់​ពេក។ បទ​ចម្រៀង​លឺ​រងំ​ចេញពី​ក្នុង​ទូរ​សព្ទ… លាន់ឮ​ពេញ​ក្នុង​បន្ទប់ ចប់​មួយ​បទ​ចូល​មួយ​បទ។ បន្ទាប់មក​ក៏​លោត​ចំ​បទ​ចម្រៀង​លន្លង់លន្លោច​មួយ ខ្ញុំ​ឈប់​មួយសន្ទុះ​ស្ដាប់​បទ​ចម្រៀង​នោះ ហើយ​ចិត្ត​របស់ខ្ញុំ​ក៏​ស្រាប់តែ​ហោះ​នឹក​ទៅដល់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​កាលពី២ឆ្នាំមុន។ …………………….

២ឆ្នាំមុន…

ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី២ផ្នែក​ទន្តសាស្ត្រ​នៃ​សាកលវិទ្យាល័យ​មួយ។ ខ្ញុំ​ជា​សិស្ស​មកពី​ខេត្ត​ដូចនេះ​រាល់​ពេល​វ៉ា​កង ឬ​ថ្ងៃ​ឈប់សម្រាក​ខ្ញុំ​តែងតែ​ទៅលេង​ផ្ទះ ក៏ដូចជា​ទៅ​ជួយ​ចាំផ្ទះ​ជំនួស​ម៉ាក់។ ផ្ទះ​របស់ខ្ញុំ​បើក​ជា​គ្លីនិក​ព្យាបាល​ធ្មេញ ដែល​មាន​ប៉ា​របស់ខ្ញុំ​ធ្វើជា​ពេទ្យធ្មេញ​ស្រាប់ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ទៅ​រៀន​ផ្នែក​ទន្តសាស្ត្រ ទាំង​ដែល​ខ្ញុំ​មាន​គោលបំណង​ចង់​ក្លាយទៅជា​មេធាវី​ទៅវិញ​ទេ។

រសៀល​ថ្ងៃមួយ កំពុងតែ​អង្គុយលេង​ចាំផ្ទះ​ដូច​រាល់ដង ស្រាប់​តែ​មាន​បងស្រី​ម្នាក់​មក​រក​ហើយ​សួរ​ខ្ញុំ​ថា៖ ​«អូន! ពេទ្យ​នៅ​អត់? បង​ចង់​ឱ្យ​គាត់​មើល​ធ្មេញ​បង​បន្តិច!» ។ ខ្ញុំ​ងើយ​មើល​មុខ​គាត់។ ដូច​រាង​ភាំង​នឹង​សម្រស់​គាត់​តិច​ដែរ! មុខ​ពងក្រពើ ភ្នែក​មូល​ក្រឡង់ ច្រមុះ​ស្រួច ទម្លាក់​សក់​រួញ​តិច​ៗមក​ខាង​មុខ មើល​ទៅ​សុភាព រាបសា​គួរ​ឱ្យ​ស្រលាញ់​ណាស់។ ខ្ញុំ​តប​ទៅ​គាត់​វិញ​ថា៖ «អូ! ថ្មើរ​ហ្នឹង​ពេទ្យ​ទៅ​ធ្វើ​ការ​បាត់​ហើយ​បង!» ។