អតីតកាលស្ថិតក្នុងការចងចាំ
តើមាននរណាម្នាក់ដែលធំដឹងក្ដីដោយមិនឆ្លងកាត់អតីតកាល? មានអ្នកណាម្នាក់អាចឆ្លើយនឹងសំណួរនេះបានទេ? ចម្លើយគ្មានសូម្បីតែម្នាក់។ គ្រប់រូបមនុស្សសត្វក្នុងលោកសុទ្ធសឹងតែត្រូវឆ្លងកាត់នូវកាលទាំងបីគឺ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ដោយឡែកមនុស្សគ្រប់គ្នាមិនអាចដឹងមុនបានឡើយថា អនាគតរបស់ពួកគេគ្រប់គ្នាវានឹងត្រូវជាយ៉ាងណា។ រឿងតែមួយគត់ដែលមនុស្សគ្រប់គ្នាអាចដឹងសម្រាប់អនាគតកាល គឺការស្លាប់។ មនុស្សគ្រប់រូបនឹងត្រូវស្លាប់ ដោយជៀសមិនផុត។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮមែនទេ ដែលគេនិយាយថា អតីតកាលជាមេរៀន បច្ចុប្បន្នជាស្ពាន អនាគតជាត្រើយ។ សម្រាប់ខ្ញុំ ខ្ញុំយល់ស្របតាមគំនិតនេះ។ តែប្រធានបទខ្ញុំនៅក្នុងពេលនេះ គឺខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងអតីតកាល។
នេះមិនមែនជាអត្ថបទប្រលោមលោក តែវាជារឿងរ៉ាវអតីតកាលរបស់ខ្ញុំដែលខ្ញុំចង់និយាយ តែមិនដឹងថាត្រូវបង្ហាញដោយវិធីណា។ វាអាចនឹងមិនល្អដែលត្រូវមកបើកកកាយអតីតកាលរបស់ខ្លួនឲ្យគេដឹង តែវាក៏អាចជាការចែករំលែកមួយដែលល្អសម្រាប់អ្នកដែលបើកចិត្តទូលាយទទួលស្ដាប់ និងផ្ដល់យោបល់។
អ្នកទាំងអស់គ្នាធ្លាប់មានស្នេហាដែរទេ? ចុះរឿងរ៉ាវរបស់អ្នកយ៉ាងម៉េចដែរ? មានអ្នកខ្លះជោគជ័យនឹងស្នេហា អ្នកខ្លះបរាជ័យ ខ្លះទៀតអាចនឹងមានគំនិតគិតខ្លី ហើយសុខចិត្តស្លាប់ព្រោះតែស្នេហា…អ្នកខ្លះសុខចិត្តធ្វើឲ្យខ្លួនឯងក្លាយជាទាសកនៃស្នេហា។ ស្នេហាគឺជាអ្វី? នេះជាសំណួរដែលខ្ញុំតែងតែឮជារឿយៗ និងមិនងាយនឹងរលប់បាត់ពីខួរក្បាលខ្ញុំ។ ចម្លើយដែលគ្រប់គ្នាអះអាង សុទ្ធសឹងយោងតាមហេតុផលរៀងៗខ្លួន ឬអាចតាមបទពិសោធន៍ដែលគេធ្លាប់ជួប។ សម្រាប់ខ្ញុំមានរឿងរ៉ាវអតីតកាលដែលផ្សារភ្ជាប់ជាមួយនឹងស្នេហានេះជាច្រើន តែខ្ញុំនៅតែមិនទាន់ឲ្យនិយមន័យច្បាស់អំពីវា។ ខ្ញុំគ្រាន់តែដឹងថា វាអាចធ្វើឲ្យយើងសប្បាយចិត្ត និងឈឺចាប់បំផុតផងដែរ។ ពេលខ្លះយើងពុំគួរចងចាំរាល់អតីតកាលដែលមិនល្អសម្រាប់យើងឡើយ តែបើយើងបំភ្លេចវាមិនបាន អញ្ចឹងតើព្យាយាមបំភ្លេចវាធ្វើអី ព្យាយាមកុហកខ្លួនឯងធ្វើអី។