អតីតកាល​​ស្ថិត​ក្នុង​ការចងចាំ

អតីតកាល​​ស្ថិត​ក្នុង​ការចងចាំ


តើ​មាន​នរណា​ម្នាក់​ដែល​ធំ​ដឹងក្ដី​ដោយ​មិន​ឆ្លងកាត់​អតីតកាល​? មាន​អ្នកណាម្នាក់​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​ទេ​? ចម្លើយ​គ្មាន​សូម្បី​តែ​ម្នាក់​។ គ្រប់​រូប​មនុស្ស​សត្វ​ក្នុង​លោក​សុទ្ធសឹងតែ​ត្រូវ​ឆ្លងកាត់​នូវ​កាល​ទាំង​បី​គឺ អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​។ ដោយឡែក​មនុស្ស​គ្រប់គ្នា​មិន​អាច​ដឹង​មុន​បាន​ឡើយ​ថា អនាគត​របស់​ពួកគេ​គ្រប់​គ្នា​វា​នឹង​ត្រូវ​ជា​យ៉ាងណា​។ រឿង​តែ​មួយគត់​ដែល​មនុស្ស​គ្រប់គ្នា​អាច​ដឹង​សម្រាប់​អនាគតកាល គឺ​ការស្លាប់​។ មនុស្ស​គ្រប់រូប​នឹង​ត្រូវ​ស្លាប់ ដោយ​ជៀស​មិន​ផុត​។ អ្នក​ទាំងអស់​គ្នា​ប្រហែលជា​ធ្លាប់​ឮ​មែន​ទេ ដែល​គេ​និយាយថា អតីតកាល​ជា​មេរៀន បច្ចុប្បន្ន​ជា​ស្ពាន អនាគត​ជា​ត្រើយ​។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ស្រប​តាម​គំនិត​នេះ​។ តែ​ប្រធានបទ​ខ្ញុំ​នៅ​ក្នុង​ពេល​នេះ គឺ​ខ្ញុំ​ចង់​និយាយ​ពាក់ព័ន្ធ​ទៅនឹង​អតីតកាល​។​

​នេះ​មិនមែន​ជា​អត្ថបទ​ប្រលោមលោក តែ​វា​ជា​រឿងរ៉ាវ​អតីតកាល​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​និយាយ តែ​មិនដឹងថា​ត្រូវ​បង្ហាញ​ដោយ​វិធី​ណា​។ វា​អាច​នឹង​មិន​ល្អ​ដែល​ត្រូវ​មក​បើក​កកាយ​អតីតកាល​របស់​ខ្លួន​ឲ្យគេ​ដឹង តែ​វា​ក៏​អាច​ជា​ការចែករំលែក​មួ​យ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​បើក​ចិត្ត​ទូលាយ​ទទួល​ស្ដាប់ និង​ផ្ដល់​យោបល់​។

​អ្នក​ទាំងអស់​គ្នា​ធ្លាប់មាន​ស្នេហា​ដែរ​ទេ​? ចុះ​រឿងរ៉ាវ​របស់​អ្នក​យ៉ាងម៉េច​ដែរ​? មាន​អ្នកខ្លះ​ជោគជ័យ​នឹង​ស្នេហា អ្នកខ្លះ​បរាជ័យ ខ្លះ​ទៀត​អាច​នឹង​មាន​គំនិត​គិត​ខ្លី ហើយ​សុខចិត្ត​ស្លាប់​ព្រោះតែ​ស្នេហា​…​អ្នក​ខ្លះ​សុខចិត្ត​ធ្វើឲ្យ​ខ្លួន​ឯង​ក្លាយជា​ទាសក​នៃ​ស្នេហា​។ ស្នេហា​គឺជា​អ្វី​? នេះ​ជា​សំណួរ​ដែល​ខ្ញុំ​តែងតែ​ឮ​ជារឿយៗ និង​មិន​ងាយ​នឹង​រលប់​បាត់​ពី​ខួរក្បាល​ខ្ញុំ​។ ចម្លើយ​ដែល​គ្រប់​គ្នា​អះអាង សុទ្ធសឹង​យោងតាម​ហេតុផល​រៀងៗ​ខ្លួន ឬ​អាច​តាម​បទពិសោធន៍​ដែល​គេ​ធ្លាប់​ជួប​។ សម្រាប់​ខ្ញុំ​មាន​រឿងរ៉ាវ​អតីតកាល​ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ស្នេហា​នេះ​ជា​ច្រើន តែ​ខ្ញុំ​នៅតែ​មិន​ទាន់​ឲ្យនិយមន័យ​ច្បាស់​អំពី​វា​។ ខ្ញុំ​គ្រាន់តែ​ដឹងថា វា​អាច​ធ្វើឲ្យ​យើង​សប្បាយចិត្ត និង​ឈឺចាប់​បំផុត​ផងដែរ​។ ពេលខ្លះ​យើង​ពុំគួរ​ចងចាំ​រាល់​អតីតកាល​ដែល​មិនល្អ​សម្រាប់​យើង​ឡើយ តែបើ​យើង​បំភ្លេច​វា​មិន​បាន អញ្ចឹង​តើ​ព្យាយាម​បំភ្លេច​វា​ធ្វើ​អី ព្យាយាម​កុហក​ខ្លួន​ឯង​ធ្វើ​អី​។