សំបុត្រ​មួយ​កំណាត់

សំបុត្រ​មួយ​កំណាត់


ព្រឹក​នេះ ផ្ទៃ​មេឃ​ស្ងប់ស្ងាត់ បន្ទាប់​ពី​ភ្លៀង​ជាប់​ៗ​គ្នា​បី​ថ្ងៃ ដោយសារតែ​រង​ឥទ្ធិពល​សម្ពាធ​ទាប​ក្នុង​តំបន់…។ នៅ​កន្លែង​ធ្វើ​ការ​របស់ខ្ញុំ នៅ​មុខ​កុំព្យូទ័រ មាត់​បង្អួច ខ្ញុំ​ចោល​ភ្នែក​ទៅ​ខាង​ក្រៅ នារី​ម្នាក់​វ័យ​ប្រហែល​២៥​ឆ្នាំ ចុះ​ពី​លើ​រថយន្ត ដើរ​សំដៅ​មក​ក្នុង​ការិយាល័យ​ដែល​ខ្ញុំ​ធ្វើការ បុគ្គលិក​គ្រប់គ្នា​មើល​នាង។ ជាមួយ​នឹង​វ៉ែនតា​ធំៗ​លំអ​ទម្រង់​មុខ​និង​បបូរមាត់​ដ៏​សិច​ស៊ី​ដិត​ដោយ​ក្រែម ពណ៌​ស៊ីជម្ពូ សាច់​ស​ម៉ដ្ឋខៃ គ្របដណ្ដប់​ដោយ​សម្លៀកបំពាក់ ហាក់​សិច​ស៊ី បង្ហាញ​ទ្រូង​ដ៏​ទ្រលុកទ្រលន់ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ច្រណែន​នឹង​ម្ចាស់​ម្រាម​ដៃ។ នាង​ដាក់​បង្គុយ​ចុះ​ទល់​មុខ​បុគ្គលិក​ម្នាក់​ទៀត ដែល​អង្គុយ​ទន្ទឹម​ខ្ញុំ​ នាង​ដោះ​វ៉ែនតា​ដែល​មាន​ពណ៌​ស្រស់​ស្អាត របស់​នាង​ប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយ​បុគ្គលិក​នោះ ប្រហែលជា​នាង​ឃើញ​ខ្ញុំ នាង​ញញឹម​បន្តិច​សួរ៖ «ពូ​ធ្វើការ​នៅ​ទីនេះ​ឯង?» «បាទ» ខ្ញុំ​ឆ្លើយ​ទាំង​ឆ្ងល់​នៅ​ពេល​ដែល​សំណួរ​របស់​នាង​ហាក់​បញ្ជាក់​ថា ​នាង​ដូច​ជា​ធ្លាប់​ស្គាល់​ខ្ញុំ នាង​ញញឹម រួច​ងាក​មុខ​ចេញ​ដើម្បី​ធ្វើ​ការងារ​របស់​នាង។ ស្នាមញញឹម​របស់​នាង ធ្វើ​ឱ្យ​ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​ធ្លាប់​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា នៅ​ទី​ណា​ម្ដង ខ្ញុំ​ព្យាយាម​រក​នឹក។ អតិថិជន​ម្នាក់​ទៀត ក៏​មក​អង្គុយ​ទល់​មុខ​ខ្ញុំ ខ្ញុំ​ទុក​ការ​ងឿងឆ្ងល់​ក្នុង​ចិត្ត បម្រើ​សេវា​កម្ម​ជូន​គេ។ នាង​រួចរាល់​ការងារ ក្រោក​ឈរ ខ្ញុំ​មើល​មុខ​នាង នាង​ញញឹម​ប្រាប់៖ «ខ្ញុំ​លា​ហើយ​ពូ» «បាទ»