ដុំ​ថ្ម​អនុស្សា​

ដុំ​ថ្ម​អនុស្សា​


ជា​រឿងរ៉ាវ​មួយ​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា​វា​អាច​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ​សោះ។ ខ្ញុំ​ជា​អ្នក​ធំធាត់​នៅ​សមុទ្រ​ដូច្នេះ​ហើយ​ខ្ញុំ​អាច​ទៅ​មើល​ថ្ងៃ​លិច​នា​មាត់សមុទ្រ​រាល់ថ្ងៃ។ ខ្ញុំ​ចូល​ចិត្ត​ថ្ងៃ​លិច​នា​មាត់​សមុទ្រ​ខ្លាំង​ណាស់ ព្រោះ​វា​ស្រទន់​ជាខ្លាំង ពន្លឺ​ពណ៌​មាស​បាចសាច​ពេញ​ផ្ទៃ​សាគរ ប្រៀប​ដូចជា​សមុទ្រ​មាស។ រាល់​ពេល​សមុទ្រ​តែងតែ​ធ្វើ​ឱ្យ​ខ្ញុំ​រសាយ​ទុក្ខសោក​ទាំងពួង​បាន។ រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​ម៉ាក់​ជាខ្លាំង គាត់​ជេរ​ស្តីឱ្យ​ខ្ញុំ។ ខ្ញុំ​ពិបាកចិត្ត​ណាស់ ក្នុង​ភ្នែក​របស់​ម៉ាក់​ខ្ញុំ​ធ្វើ​អី​ក៏​មិន​ដែល​ត្រូវ​ដែរ។ ខ្ញុំ​រត់​ទៅ​យំ​ឯ​មាត់សមុទ្រ យំ​តែម្នាក់ឯង ក្រោយ​ពី​យំ​អស់ចិត្ត ខ្ញុំ​ក៏​សរសេរ​លើ​ដុំថ្ម​ដែល​ខ្ញុំ​អង្គុយ​ពី​លើ​ថា « ម៉ាក់​ពិតជា​មិន​ស្រលាញ់​កូន​ទេ បាន​ជា​ម៉ាក់​ស្តីឱ្យ​កូន​ខ្លាំង​បែបនេះ​!» នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញ​អារម្មណ៍​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ ស្រាប់តែ​ពេល​ដែល​ខ្ញុំ​ទៅ​សមុទ្រ​ម្តង​ទៀត នៅត្រង់​ដុំថ្ម​ដែល​ខ្ញុំ​សរសេរ​អក្សរ មាន​ថែម​ពាក្យ​មួយ​ឃ្លា​ទៀត « គ្មាន​ម៉ា​ក់ណា​មិន​ស្រលាញ់​កូន​នោះ​ទេ ម៉ាក់​គ្រប់​រូប​សុទ្ធ​តែ​ចង់​ឱ្យ​កូន​ល្អ ដោយសារ​តែ​គាត់​ស្រលាញ់​ទើប​ជេ​រស្តី បន្តិច​បន្តួច ​កុំ​ចិត្ត​ស្រាល​ពេក​អី» ឃ្លា​នេះ​តប​នឹង​សំដី​ខ្ញុំ​ខាង​លើ​ទេ​តើ អក្ស​រមូលៗ​គួរ​ឱ្យ​ស្រលាញ់ តើ​ជា​ស្រី​ឬ​ប្រុស​? ខ្ញុំ​ក៏​តប​ទៅ​វិញ​ថា «អ្នក​និយាយ​ត្រូវ​ណាស់ អរគុណ​! តើ​អ្នក​ជា​នរណា?» ខ្ញុំ​សរសេរ​តប​ទៅវិញ គេ​ក៏​តប​មក​វិញ​ថា «ខ្ញុំ​ជា​នរណា​មិន​សំខាន់ ដឹង​ទៅ​ថា​ខ្ញុំ​ស្គាល់​នាង» ម្នាក់​នេះ​ចម្លែក​ណាស់​! តែ​មិន​ដឹង​ហេតុ​អី​ខ្ញុំ​ហាក់​មាន​និស្ស័យ​នឹង​គេ​ជា​ខ្លាំង ពួក​យើង​ឆ្លើយឆ្លង​គ្នា​តាម​រយៈ​ដុំ​ថ្ម​នោះ​រហូត​ដល់​ក្លាយ​ជា​ទម្លាប់។ ខ្ញុំ​ទៅ​សមុទ្រ​ញឹកញាប់​រហូតដល់​ម៉ាក់​សួរ តែ​គាត់​ក៏​មិន​ដែល​ឃាត់​ខ្ញុំ​ដែរ ព្រោះ​គាត់​ដឹង​ថា​ខ្ញុំ​ចូលចិត្ត​សមុទ្រ​ជាខ្លាំង។ ខ្ញុំ​និង​មិត្ត​ដុំ​ថ្ម ឆ្លើយឆ្លង​គ្នា​តាម​រយៈ​ដុំ​ថ្ម​នោះ​រហូត​ដល់​ខ្ញុំ​ដឹង​ថា​គេ​ជា​មនុស្ស​ប្រុស ព្រោះ​កាល​នោះ​ខ្ញុំ​បាន​សួរ​គេ​ថា «អ្នក​ជា​ស្រី​ឬ​ប្រុស?» គេ​បាន​តប​វិញ​ថា «មាន​មនុស្ស​ស្រី​ឯណា​ឆ្លើយឆ្លង​សារ​លើ​ដុំថ្ម​ជាមួយ​មនុស្ស​ចម្លែក​ដូច​នាង​ទេ» នេះ​បញ្ជាក់​ច្បាស់​ថា​គេ​ជា​មនុស្ស​ប្រុស ហើយ​រប៉ិលរប៉ូច​មិន​ខាន។ តែ​យ៉ាងណា​គេ​ជា​ទីប្រឹក្សា​ដល់​ល្អ គេ​តែងតែ​ផ្តល់យោបល់​ល្អៗ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ដោះ​ស្រាយ​បាន។ ខ្ញុំ​តែងតែ​ព្យាយាម​តាមរក​គេ​ដែរ តែ​គ្មាន​តម្រុយ​ពី​គេ​សោះ ហើយ​ឱ្យ​តែ​សួរ​ដល់​អត្តសញ្ញាណ​ គេ​តែងតែ​បង្វែង ដូរ​រឿង​ជានិច្ច។ ពួក​យើង​ប្រើប្រាស់​ដុំថ្ម​ជា​ឧបករណ៍​សម្រាប់​ឆ្លើយឆ្លង​គ្នា រដូវវស្សា​ទឹកភ្លៀង​ជា​អ្នក​សម្អាត​រាល់​សន្ទនា​ចាស់​ចេញ ទុក​ឱ្យ​ពួក​យើង​ឆ្លើយឆ្លង​គ្នា​សម្រាប់​រដូវប្រាំង​ក្រោយ ។