កម្តៅ​ស្នេហ៍​ក្នុង​៣០​ថ្ងៃ​

កម្តៅ​ស្នេហ៍​ក្នុង​៣០​ថ្ងៃ​


នៅ​លើ​ផ្លូវ​ដ៏​ស្ងប់ស្ងាត់​ក្រោម​ចង្កៀង​គោម​ត្រង់​នេះ​មួយ​ត្រង់​នោះ​មួយ​នា​កណ្តាល​ក្រុងភ្នំពេញ ខ្ញុំ​បើក​ឡាន​យឺតៗ​វិល​ទៅ​វិល​មក​ហាក់​ដូចជា​មិន​ចង់ឲ្យ​ដល់ផ្ទះ​។ ក្នុង​ខួរក្បាល​របស់ខ្ញុំ​ពេលនេះ​ហាក់​ដូចជា​ស្រឡះ​ធេង ខ្ញុំ​មិន​ដឹង​ថា​គួរ​យក​ពាក្យ​អ្វី​មក​និយាយ​ប្រាប់​ភរិយា​របស់ខ្ញុំ​ដែល​កំពុង​មើល​ផ្ទះ និង​កូន​ក្នុង​បុរី​មួយ​ជាយ​ក្រុង​ភ្នំពេញ​នោះ​ទេ​ ដោយសារ​ខ្ញុំ​ចង់​សុំ​នាង​លែងលះ​គឺ​លែង​ទាំង​នាង​គ្មាន​កំហុស​អី​បន្តិច​សោះ​។

រំលឹក​ទៅ​ដល់​អតីតកាល​កាល​ពី​៨​ឆ្នាំ​មុន ពេល​ខ្ញុំ​ទើប​តែ​បញ្ចប់​ការសិក្សា​ថ្នាក់​ទុតិយភូមិ ខ្ញុំ​ក៏​បន្ត​ការសិក្សា​មក​រៀន​នៅ​ភ្នំពេញ កាល​នោះ​ខ្ញុំ​មិន​ទាន់​ស្គាល់​ភ្នំពេញ​ច្បាស់​នោះ​ទេ ហើយ​បាន​មក​ជួល​ផ្ទះ​មួយ​ម្តុំ​ស្ទឹងមានជ័យ ដែល​អ្នក​ជួល​ទី​នោះ​ភាគច្រើន​គឺជា​កម្មករ​កាត់ដេរ​។ លុះ​ស្នាក់​នៅ​ទីនោះ​យូរ​ៗ​ទៅ ខ្ញុំ​ក៏​ស្គាល់​នារី​ម្នាក់​នៅ​ជាប់​បន្ទប់​គ្នា នាង​ឈ្មោះ ស្រី​ម៉ី នាង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ​ដែល​នាង​ជា​កម្មការិនី​កាត់ដេរ​។​ ពេល​ជួប​គ្នា​ដំ​បូង​ៗ យើង​គ្រាន់តែ​ញញឹម​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​ តែ​ក្រោយមក​យើង​ក៏​ស្រលាញ់គ្នា ដោយសារ​តែ​ខ្ញុំ​ទើបតែ​រៀន​ឆ្នាំ​ទី១ ការងារ​ក៏​មិន​ទាន់​មាន លុយ​ចាយ​ប្រចាំ​ថ្ងៃ​ស្ទើរតែ​មិន​គ្រាន់ ទើប​ខ្ញុំ​មិន​ទាន់​នឹកនា​អី​ដល់​ការ​រៀបការ​ហ្នឹង នាង​ក៏​យល់​ពី​រឿង​នេះ​ច្បាស់​ដែរ​។ ថ្វី​ត្បិត​តែ​នាង​រៀន​បាន​តិច​តែ​នាង​ជា​មនុស្ស​ដែល​ចេះ​ចាត់ចែង ឆ្លាត និយាយ​ឲ្យ​ខ្លី​គឺ​មាន​គំនិត​។ ក្រោយពី​យើង​ស្រលាញ់​គ្នា​បាន ៦ ខែ​ខ្ញុំ​ក៏​រើ​បន្ទប់​ទៅ​ស្នាក់នៅ​ជាមួយ​នាង​តែម្តង​ព្រោះ​សន្សំ​ការចំណាយ​បាន​ច្រើន​សម្រាប់​យើង​ទាំង​ពីរ​ម្យ៉ាង​ការហូបចុក​អី​ទៀត​សោត ក៏​វា​ងាយ​ស្រួល​ដែរ​។ ក្នុង​ជីវភាព​ជា​អ្នក​សិក្សា​ដែល​គ្មាន​ប្រាក់​ខែ​ដោយសារ​តែ​បទពិសោធន៍​ក្មេង​ខ្ចី​ពេក​មិន​ទាន់​រក​ការងារ​ល្អ​បាន​ធ្វើ ខ្ញុំ​ត្រូវ​ពឹង​លើ​ការ​ផ្គត់ផ្គង់​ពី​ឪពុក​ម្តាយ​តែ​កាល​នោះ​គាត់​ក៏​មិន​សូវ​មាន​ដូច​គ្នា ថវិកា​ដែល​គាត់​ផ្តល់​មក​វា​មិន​គ្រប់​ដោយសារ​ចំណាយ​លើ​សាំង​ម៉ូតូ​ផង ការ​ទិញ​ឯកសារ ការ​ហូប​ចុក​អី​ផង សង្សារ​ខ្ញុំ​ក្លាយ​ជា​អ្នក​ទំនុក​បម្រុង​ខ្ញុំ​លើ​ការ​ហូប​ចុក និង​ឯកសារ​រៀន​។ នាង​ប្រឹង​ធ្វើការ​ថែម​ម៉ោង​រហូត​ដល់​យប់​ជ្រៅ​ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​។ ទន្ទឹម​នឹង​បង្ការ​ពាក្យ​ថា​យក​លុយ​ស្រី​ចាយ​ ខ្ញុំ​ក៏​ប្រឹង​រក​ការងារ​ធ្វើ​ដែរ​ តែ​រក​មិន​ទាន់​បាន​ការងារ​សម​នឹង​ចិត្ត​។ ខ្ញុំ​មាន​អា​រម្ម​ណ៏​ថា​ខ្លួន​ឯង​មាន​សំណាង​ណាស់​ដែល​ជួប​នារី​ល្អ​ដូច​ជា​នាង ហើយ​ខ្ញុំ​ក៏​ស្រលាញ់​នាង​ខ្លាំង​ណាស់​ដែរ​។ ចូល​ដល់​ដើមឆ្នាំ​ទី ២ ខ្ញុំ​ក៏​រក​ការងារ​បាន​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​ឥ​វ៉ាន់​ឲ្យ​អតិថិជន​តាម​ផ្ទះ ទោះ​ជា​ការងារ​នោះ​មិនល្អ​ប៉ុន្មាន​តែ​វា​គឺជា​ការ​ចាប់​ផ្តើម​មួយ​។ ការងារ​របស់​ខ្ញុំ​កាន់តែ​ប្រសើរ​ឡើង តំណែង​របស់​ខ្ញុំ​ក៏​ឡើង​ជា​លំដាប់​ដែរ​។ ខ្ញុំ​ចូល​ចិត្ត​ធ្វើការ​រហ័ស​ហើយ​ត្រឹមត្រូវ រិះរក​វិធី​ណា​ដែល​ងាយ​ស្រួល ចូលចិត្ត​សិក្សា​អ្វី​ថ្មីៗ ហើយ​ពូកែ​និយាយ​ក្នុង​ទំនាក់ទំនង​។ ខ្ញុំ​ប្រឹង​ធ្វើការ​រហូត​ក្លាយ​ជា​ប្រធាន​ទីផ្សារ។ ៣ ឆ្នាំ​ក្រោយ​មក ​ក្លាយជា​អ្នកគ្រប់គ្រង​ទូទៅ។ នា​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទៀត គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​ចាប់​ផ្តើម​សល់​លុយ​សន្សំ​នឹង​ម៉ាក់​ ខ្ញុំ​លក់​ដី​នៅ​ស្រុក​ខ្លះ​ទិញ​ផ្ទះ​បង់​រំលស់​នៅ​ភ្នំពេញ​បាន​មួយ​ល្វែង​។ ក្រោយពី​ទិញ​រួចរាល់​ហើយ​ខ្ញុំ​ក៏​សុំ​នាង​រៀបការ នាង​ឆ្លើយតប​យល់ព្រម​ទាំង​ទឹកភ្នែក​។ ប៉ា​ម៉ាក់​ខ្ញុំ​និង​ប៉ា​ម៉ា​ក់នាង​ក៏​មិន​ជំទាស់​អ្វី​ឡើយ​។ ថ្វី​ត្បិត​តែ​យើង​ទើបតែ​រៀបការ​ ប៉ុន្តែ​ពួកយើង​មាន​សុភមង្គល​មិន​ចាញ់​អ្នក​រៀបការ​យូរ​ហើយ​នោះ​ទេ​។ ​ប្រាក់កាស​ ៧០% ខ្ញុំ​ប្រគល់​ឲ្យ​នាង​រៀបចំ​ទុកដាក់​សង​រំ​លោះ​ផ្ទះ​និង​ការចំណាយ​ទូទៅ​។