វិញ្ញាណ​មួយ​ក្នុង​មន្ទីរ​ពេទ្យ

វិញ្ញាណ​មួយ​ក្នុង​មន្ទីរ​ពេទ្យ


ខ្ញុំ​ជា​គិលានុបដ្ឋាកនាយិកា​មួយ​រូប​ដែល​បម្រើ​ការ​ផ្នែក​សាល​សង្គ្រោះ​បន្ទាន់។ រាល់​ថ្ងៃ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ការ​ជួប បែក ព្រាត់​ស្លាប់​ជា​ច្រើន។ ថ្ងៃនេះ​គ្រួសារ​គឺ​គេ ថា​មិន​ទៀង​ថ្ងៃ​ស្អែក​គឺ​កើត​លើ​គ្រួសារ​យើង ដូច​ពាក្យ​ចាស់​ពោល​ថា វាល​វដ្តសង្សារ​ សង្ខារ​មនុស្ស​មិន​ទៀង កើត​ចាស់ ឈឺ ស្លាប់ ពោល​គឺ​គ្មាន​នរណា​ជៀស​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ​ គ្រាន់​តែ​មុន​និង​ក្រោយ​ប៉ុណ្ណោះ។ ឃើញ​មនុស្ស​ស្លាប់​រាល់​ថ្ងៃ ថ្ងៃ​ណា​ក៏​មាន​អ្នក​យំ​អ្នក​ស្រែក​ឱ្យ​សមាជិក​គ្រួសារ​មាន​ជីវិត​រស់​ឡើង​វិញ ឬ​ក៏​សុំ​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ មាន​កាយ​សម្បទា​ល្អ​ឡើង​វិញ។ រួប​ភាព​បែប​នេះ​ខ្ញុំ​ឡើង​ស៊ាំ​ហើយ ហេតុនេះ​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា ត្រូវ​ថែរក្សា​មនុស្ស​នៅ​ចំពោះ​មុខ​ ព្រោះ​យើង​មិន​ដឹង​ថា​ពួកគេ​នឹង​ចាក​ចេញ​ពី​យើង​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ។ តែ​អ្នក​ខ្លះ​បែរ​ជា​យល់​ថា​ស្លាប់​ទៅ​គឺ​ផុត​ទុក្ខ​ហើយ មិន​បាច់​ត្រូវ​ប្រឈម​មុខ​នឹង​ពិភពលោក​ដ៏​ព្រៃផ្សៃ​នេះ​ឡើយ។ តែ​ពួកគេ​មិន​បាន​គិត​ថា​ ពិភព​មួយ​ទៀត​គឺ​កាន់​តែ​ព្រៃ​ផ្សៃ ពិភព​ដែល​គ្មាន​ការ​អត់​ឱន មាន​តែ​ភាព​ងងឹត​ ភាព​មិន​ល្អ ដែល​គេ​ហៅ​ថា​ពិភព​ខ្មោច​ឬ​ពិភព​ក្រោយ​ស្លាប់។ មាន​រឿង​ជាច្រើន​ដែល​អ្នក​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​បន្ទាប់ពី​យើង​ស្លាប់​ទៅ តើ​មាន​អ្វី​ទៅ​ដែល​យើង​ត្រូវ​ប្រឈម​មុខ???? នេះ​ជា​សំនួរ​ដែល​គ្មាន​អ្នក​ណា​ឆ្លើយ​ចេញ មាន​តែ​យើង​ត្រូវ​ប្រឈម​មុខ​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​ដឹង​ថា​ការ​ពិត​នោះ​គឺ​យ៉ាង​ណា???

“លូ…លូ…” សំឡេង​ឆ្កែ​លូ​រវើយ​ៗ​ជា​សញ្ញា​ថា​អ្វី​ម្យ៉ាង​ដែល​ចាស់​ៗ​តែង​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​មាន​ខ្មោច​នៅ​ទី​នោះ ពី​ព្រោះ​ចក្ខុ​វិញ្ញាណ​របស់​ឆ្កែ​អាច​មើល​វត្ថុ​ចម្លែក​ជា​ច្រើន​ដែល​មនុស្ស​មើល​មិន​ឃើញ​ដូចជា​ខ្មោច​ជា​ដើម។ “អាកា! អាកា!​ មាន​មនុស្ស​ត្រូវ​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់! លោក​គ្រូ​ពេទ្យ​និយាយ​ថា​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ណាស់​ត្រូវ​ការ​សង្គ្រោះ​ជា​បន្ទាន់។” អាដា​ស្រែក​ប្រាប់​ខ្ញុំ​ឱ្យ​ត្រៀម​ខ្លួន​ចូល​បន្ទប់​វះ​កាត់។ “ចាស! ខ្ញុំ​ដឹង​ហើយ។” និយាយ​រួច​ខ្ញុំ​ក៏​រត់​ទៅ​បន្ទប់​ផ្លាស់​ខោអាវ​ និង​រៀបចំ​សម្ភារៈ​ដើម្បី​ត្រៀម​ចូល​បន្ទប់​វះកាត់​។ “កាំបិត​វះ​កាត់​តូច” លោក​ដុកទ័រ​ប្រាប់​ឱ្យ​យក​ឧបករណ៍​វះ​កាត់​។ “កាំបិត​វះកាត់​មុខ​ពីរ” សំឡេង​លោក​ដុកទ័រ​លាន់​ឮ​សាជាថ្មី។​ ការ​វះកាត់​បន្ត​យ៉ាង​សស្រាក់សស្រាំ​ និង​តឹងតែង​បំផុត ព្រោះ​អ្នក​ជំងឺ​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ចង្វាក់​បេះដូង​លោត​ស្ទើរ​តែ​មិន​ចង់​លោត​ ជីពចរ​យឺត​ណាស់​ ជា​សញ្ញា​ថា​អ្នក​ជិត​ទ្រាំ​លែង​បាន​ហើយ។