ខ្មោច​ក្នុង​ផ្ទះ​ជួល

ខ្មោច​ក្នុង​ផ្ទះ​ជួល


នា​ចុង​​ខែ​មីនា ខ្ញុំ​ត្រូវ​បំពេញ​បេសកកម្ម​ការងារ​មក​ខេត្ត​កោះកុង​ម្ដង​ទៀត​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៤ ឆ្ពោះ​ទៅ​ក្រុង​ខេមរភូមិន្ទ។ ខ្ញុំ​បាន​ជួប​ទស្សនិយភាព​ល្អ​ៗ​ជា​ច្រើន។ ជាមួយ​គ្នា​នេះ​ដែរ ក៏​ខ្ញុំ​មិន​ភ្លេច​ព្រឹត្តិការណ៍​ខ្មោច​លង​លោះ​ព្រលឹង ដែល​កាល​នោះ​ពួក​យើង​ទៅ​លេង​ជា​ក្រុម​ នៅ​ផ្ទះ​ដែល​គេ​ទុក​ចោល​មួយ​ ហើយ​តាម​លង​បន្លាច​អារម្មណ៍​ទាល់​តែ​សព្វ​ថ្ងៃ​នេះ។

លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​​ដែរ ខ្ញុំ​ទៅ​ដល់​ប្រហែល​ជា​ម៉ោង៤​ល្ងាច​រសៀល តែ​ខ្ញុំ​មក​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ តាម​គម្រោង​ការងារ​ខ្ញុំ​គឺ​ធ្វើការ​ចំនួន​១៥​ថ្ងៃ​នៅ​ខេត្ត​នេះ ហើយ​ខាង​អង្គការ​ខ្ញុំ បាន​ជូន​ទៅ​មើល​ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​ស្នាក់​ក្នុង​ពេល​បេសកកម្ម​នេះ​ដែល​នៅ​ជិត​កន្លែង​ធ្វើការ។ ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម​ខាង​ក្រោម និង​ជួល​ផ្ទះ​ឈើ​នៅ​ពី​លើ ហើយ​មាន​ផ្ទះ​ថ្ម​តូច​ៗ​សង់​​ជា​ល្វែង​ជាប់​គ្នា​ប្រមាណ​ជា​១០​បន្ទប់ ចែក​ជា​២​ជួរ ទល់​មុខ​គ្នា​ថែម​ទៀត គិត​ទៅ​មាន​ប្រហែល​ជា​២០​បន្ទប់​ដែរ។ ផ្ទះ​នោះ​គេ​ធ្វើ​សម្រាប់​ជួល​ឲ្យ​សិស្ស​មក​រៀន។ ខ្ញុំ​គិត​ចង់​ជួល​បន្ទប់​មួយ​ក្នុង​ចំណោម​បន្ទប់​ទាំង​២​ល្វែង​នោះ​ដែរ តែ​ដោយ​បារម្ភ​នឹង​កត្តា​សុវត្ថិភាព​ក៏​សម្រេច​យក​បន្ទប់​ខាង​លើ​ម្ចាស់​ផ្ទះ​តែ​ម្ដង ប៉ុន្តែ​គាត់​ដូចជា​អេះអុញ​មិន​ចង់​ជួល​ឲ្យ​ហើយ​ថា​សុំ​សួរ​មតិ​ប្រពន្ធ​​សិន​។ ខ្ញុំ​គិត​ថា វា​គួរតែ​អញ្ចឹង​ដែរ​ព្រោះ​គេ​មិន​អាច​ទុក​ចិត្តខ្ញុំ​ជា​មនុស្ស​​ចំណូល​ថ្មីឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជាមួយ​បាន​ទេ។ តែ​តាម​ពិត​ទៅ​វា​គ្មាន​ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ផ្ទះ​ទេ ដោយសារ​វា​មាន​ជណ្ដើរ​មួយ​ដាច់​ដោយ​ឡែក​សម្រាប់​ឡើង​ផ្ទះ​លើ​នោះ។ ក្រោយ​​ពីគាត់​សាកសួរ​ប្រពន្ធ​គាត់​ គាត់​ក៏​យល់​ព្រម។ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ក៏​ម្នីម្នា​រៀប​ឥវ៉ាន់​ទុក​ដាក់​ព្រោះ​ល្ងាច​​បន្តិច​ទៅ​ហើយ។ ក្រោយ​ពី​រួច​ការ​ងារ​ខ្ញុំក៏​ខ្ចី​កង់​ម្ចាស់​ផ្ទះ​ចេញ​ទៅ​ហូប​អាហារ​នា​ក្នុង​ក្រុង។ ពេល​យប់​ខ្ញុំ​រៀបចំ​ឥវ៉ាន់​បង្ហើយ​រួច​ហើយ​ក៏​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​បន្តិច ប៉ុន្តែ​អ្វីៗ​​ដែល​ចម្លែក​​ៗ​បាន​ចាប់​ផ្ដើម​មាន​ឡើង។ អារម្មណ៍​កំពុង​តែ​ស្លុង​ជាមួយ​នឹង​ការ​អាន​សៀវភៅ ខ្ញុំ​ចេះ​តែ​ព្រឺ​សម្បុរ​មិន​ឈប់​ដោយ​គ្មាន​មូល​ហេតុ​។ អំឡុង​ពេល​អាន​នោះ ខ្ញុំចេះ​តែ​មាន​អារម្មណ៍​ថា​មាន​ស្រមោល​ឈរ​សម្លឹង​មើល​ខ្ញុំ​ តែ​ពេល​ងាក​រក​មើល​គឺ​គ្មាន​នរណា​នោះ​ទេ។ ដោយ​ខ្ជិល​គិត​ច្រើន​ខ្ញុំ​ក៏​ពន្លត់ភ្លើង​គេង​ទៅ​ទាំង​អារម្មណ៍​មិន​សូវ​ស្ងប់​ តែ​ដោយ​អស់​កម្លាំង​ពេក​ក៏​លក់​ទៅ។