អាថ៍កំបាំង​នៃ​ក្តី​ស្រឡាញ់

អាថ៍កំបាំង​នៃ​ក្តី​ស្រឡាញ់


(ជូន​ចំពោះ​ប៉ា​ម៉ាក់​គ្រប់រូប​លើ​លោក ​ខ្ញុំ​សង្ឃឹម​ថា​អ្នកអាន​និង​ព្យាយាម​អាន​រហូតដល់​ចប់) កាលពី​តូច​ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ម៉ាក់​និង​ប៉ា​របស់ខ្ញុំ​មិនដែល​ស្រឡាញ់គ្នា​ទេ ​ពួកគាត់​តែង​ឈ្លោះ​គ្នា​ជា​ញឹកញាប់ មាន​ពេល​ខ្លះ​ម៉ាក់​យំ ពេល​ខ្លះ​ប៉ា​ស្រែក​ដាក់​ម៉ាក់​ធ្វើ​ឱ្យ​ខ្ញុំ​ខូចចិត្ត​ខ្លាំង​ណាស់​តែ​ខ្ញុំ​លាក់​វា​ទុក​ក្នុង​ចិត្ត​ ពួកគាត់​អាច​គិត​ថា​ខ្ញុំ​មិន​ដឹងអី​ តែ​ការ​ពិត​ខ្ញុំ​បែរ​ជា​អាច​ចងចាំ​ពី​រឿង​ទាំង​នោះ​ថែម​ទាំង​គិត​ពី​វា​គ្រប់​ពេល​ទៀតផង។ ខ្ញុំ​មាន​បងប្អូន​បីនាក់​ ហើយ​ខ្ញុំ​ជា​កូនពៅ​ស្និទ្ធស្នាល​បំផុត​ជាមួយ​បងស្រី​កណ្តាល ​ព្រោះ​បងស្រី​ធំ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ទើប​យើង​មិន​សូវ​មាន​ការ​ទាក់ទង​ជិតស្និទ្ធ​នឹង​គ្នា​នៅ​ពេល​គាត់​មក​លេង​ផ្ទះ​ម្ដងៗ គាត់​និយាយ​ជាមួយ​ប៉ា​តិចតួច​ណាស់​ ខ្ញុំ​ដឹង​ថា​គាត់​មិន​ចូលចិត្ត​ប៉ា​ទេ ​ព្រោះ​គាត់​ធ្លាប់​និយាយ​ថា​ស្អប់​ព្រោះ​ប៉ា​ចូលចិត្ត​ពិសារ​ស្រា និង​រករឿង​ម៉ាក់​ចំណែក​បងស្រី​ទី​ពីរ​ខ្ញុំ​ក៏​និយាយ​បែប​នេះដែរ ​រួមផ្សំ​និង​ការ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​បងស្រី​ខ្ញុំ​ឱប​លួងលោម ម៉ាក់​ដែល​កំពុង​យំ​បណ្ដើរ​និង​រៀប​អីវ៉ាន់​បណ្ដើរ​បម្រុង​ចាក​ចេញ​ពី​ផ្ទះ​ ទើប​ក្នុង​គំនិត​របស់ខ្ញុំ​មាន​តែ ពាក្យ​ដែល​នៅ​វិលវល់​ក្នុង​ចិត្ត​ជានិច្ច​គឺ “ប៉ា​មិនដែល​ស្រឡាញ់​យើង”។

ម៉ាក់​អាយុ​១៨​ឆ្នាំ​រៀបការ​ជាមួយ​ប៉ា ដែល​មាន​អាយុ​ច្រើន​ជាង​បី​ឆ្នាំ​ ​ការ​រៀប​ការ​នោះ​កើត​ឡើង​ដោយសារ​លោកតា​និង​លោកយាយ​ទួត ​អាច​ហៅ​បាន​ថា​ជា​ការ​ផ្សំផ្គុំ​របស់​ចាស់ទុំ។ មិន​ដល់​មួយ​ឆ្នាំ​ផង​ក៏​មាន​បងស្រី​ធំ បងស្រី​ធំ​ជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ​និង​ដាច់ខាត។ មាន​ពេល​ខ្លះ ខ្ញុំ​គិត​ថា​គាត់​កាច​និង​មាន​អារម្មណ៍​ថា​ខ្លាច​គាត់​ជា​ខ្លាំង​ហើយ​ខ្ញុំ​ក៏​ច្បាស់​ក្នុង​ចិត្ត​ដែល​ថា ​គាត់​មិន​ស្រឡាញ់​ខ្ញុំ​ទេ​បើ​គាត់​ស្រឡាញ់​ខ្ញុំ​តែ​បន្តិច ​គាត់​មុខជា​មិន​វាយ​និង​រករឿង​ខ្ញុំ​បែបនេះ​ទេ។ ​ថា​ទៅ​ទំនាក់ទំនង​ក្នុង​គ្រួសារ​យើង​ស្ទើរ​តែ​ហៅ​ថា សោះកក្រោះ​តែ​ម្ដង។ ខ្ញុំ​ជាម​នុស្ស​ដែល​ស្ងៀមស្ងាត់​ពេល​នៅ​ផ្ទះ​តែ​ក៏​មាត់​ច្រើន​បំផុត​ពេល​នៅ​សាលា​ ព្រោះ​នៅ​សាលា​មិន​មាន​ប៉ា​ដែល​មាន​ទឹកមុខ​កាច​ចាំ​តែ​ឃាត់ឃាំង​ខ្ញុំ​មិន​ឱ្យ​ទៅ​លេង​ជាមួយ​កូន​គេ​អ្នក​ជិត​ខាង។ ​ប៉ា​ដែល​ចូលចិត្ត​ឈ្លោះ​ជាមួយ​ម៉ាក់ និង​ម៉ាក់​ដែល​យំ​ដោយ​ការ​ខូចចិត្ត​នៅ​មាន​បងស្រី​ចិត្តអាក្រក់​ដែល​តែងតែ​ស្ដី​ថា​ឱ្យ​ខ្ញុំ​គ្រប់​ពេល ​ហើយ​រាល់​ពេល​ដែល​ខ្ញុំ​មក​ដល់​ផ្ទះ​ ខ្ញុំ​នឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​នៅ​លើ​លោក​នេះ​ គឺ​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​ក្តី​ស្រឡាញ់​ទាំង​ដែល​គ្មាន​នរណា​នឹកឃើញ​ចាប់អារម្មណ៍​និង​យកចិត្តទុកដាក់។