ខឹម ឌីណា

2017-02-08
ស្នាដៃ 10

ឈ្មោះខឹម ឌីណា អាយុ៣៣ឆ្នាំ កើតនៅភូមិគាបឃុំទឹកថ្លាស្រុកសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ ឪពុកឈ្មោះខឹម វ៉ារ៉ាន់ ជាអ្នកធ្វើតុទូ ម្តាយឈ្មោះ ង៉ិនផល្លាជាមេផ្ទះ លោកទាំងពីរមានស្រុកកំណើតមកពីខេត្តព្រៃវែង។ កាលពីកុមារភាព ក្នុងឆ្នាំ១៩៩៥ ខ្ញុំបានចាប់ផ្តើមចូលរៀននៅសាលាបឋមសិក្សាភូមិគាប ហើយបន្តទៅថ្នាក់អនុវិទ្យាល័យទឹកថ្លានៅឆ្នាំ២០០២។ ឆ្នាំ២០០៥ បានចូលរៀននៅវិទ្យាល័យអូរអំបិល ហើយបានប្រលងសញ្ញាប័ត្របាក់ឌុបនៅឆ្នាំ២០០៨។ នៅចុងឆ្នាំ២០០៨ ដោយសារតែខ្ញុំមានចិត្តចង់បន្តការសិក្សា ខ្ញុំបានសម្រេចចិត្តបន្តដំណើរទៅកាន់រាជធានីភ្នំពេញដើម្បីប្រលងអាហាររូបករណ៍ ដែលជាលទ្ធផលនាងខ្ញុំទទួលបានអាហាររូវបករណ៍ចំនួនពីរសកលវិទ្យាល័យ គឺផ្នែកធនាគារនិងហិរញ្ញវត្ថុ និង អក្សរសាស្ត្រអង់គ្លេស ដែលទាំងពីរសកលវិទ្យាល័យគឺត្រូវបានបញ្ចប់ដំណាលគ្នានៅចុងឆ្នាំ២០១២។ នៅដើមឆ្នាំ២០១៣ ខ្ញុំចាប់ផ្តើមចេញធ្វើការពេញម៉ោងនៅក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអេសស្ទេតផ្នែកលក់។ នៅដើមឆ្នាំ២០១៤ ខ្ញុំបានវិលត្រលប់មកទីរួមខេត្តវិញហើយបានធ្វើជាគ្រូរបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅទីក្រុងប៉ោយប៉េត។ ចាប់តាំងពីឆ្នាំ២០០៦ នាងខ្ញុំចាប់ផ្តើមរៀនសរសេរសៀវភៅប្រលោមលោកដើម្បីបំបាត់ភាពអផ្សុកនិងការទំនេរពីការសិក្សា ដែលសរុបមកដល់ពត្រឹមឆ្នាំ ២០១៨ បានបញ្ចប់សៀវភៅប្រលោមលោកចំនួនប្រាំក្បាល (សរសេរដោយដៃ) និងរឿងនិទានខ្នាតខ្លីប្រហែល១៤ជាងរឿង។ នៅឆ្នាំ២០១០ ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខបីក្នុងការនិពន្ធចំរៀងឲ្យអង្គការស្ម័គ្រចិត្តមួយដែលប្រធាននៃបទចំរៀងទាក់ទងនឹងការងារស្ម័គ្រចិត្ត។ ធ្លាប់មានស្នាដៃនៅក្នុងមន្តទឹកខ្មៅភាគមួយនិងភាគពីរ និងនៅក្នុងប្រលោមលោកសប្បាយចំនួន។ បានបោះពុម្ពសៀវភៅចំនួនពីរក្បាល គឺរឿង បេះដូងពណ៌ផ្កាឈូក (២០១៩) និងរឿង ជួបទីនោះ ស្រឡាញ់ទីនេះ (២០២០)។ សព្វថ្ងៃជាគ្រូបង្រៀនភាសាអង់គ្លេសនិងអ្នកនិពន្ធឯករាជ។ សរុបមកដល់ពេលនេះសរសេរបានប្រលោមលោកខ្លីនិងវែងប្រហែលម្ភៃរឿងជាង។

ស្នាដៃ

ខឹម ឌីណា