សួង ម៉ាក់

2017-02-08
ស្នាដៃ 6

អ្នកនិពន្ធ សួង ម៉ាក់ ចាប់ផ្តើមសរសេរប្រលោមលោកដំបូង ក្រោយពេលទទួលបានមេដាយប្រាក់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ទី៩ ក្នុងឆ្នាំ២០០២ ពោលគឺពេលលោកមានអាយុ១៦ឆ្នាំ និងចេះសរសេរកំណត់ហេតុប្រចាំថ្ងៃតាំងពីមានអាយុ៩ឆ្នាំ។ លោកមានឈ្មោះ ជាអ្នកនិពន្ធដំបូង ក្នុងឆ្នាំ ២០០៥ បន្ទាប់ពីស្នាដៃទី១ រឿង «វិញ្ញាណស្នេហ៍កម្ម» បានបោះពុម្ពផ្សាយ។ ឈ្មោះរបស់លោក ត្រូវបានសិស្សនិស្សិត ទូទាំងប្រទេសស្គាល់ បន្ទាប់ពីស្នាដៃស្រាវជ្រាវផ្នែកអក្សរសាស្ត្រ «សារវន្តភាសាខ្មែរសម្រាប់សិស្សពូកែថ្នាក់ទី១២» ចេញផ្សាយនៅលើទីផ្សារ។ «មរណៈភាពនៅអារញ្ញ» ជាស្នាដៃទី៣ របស់លោក ប៉ុន្តែប្រលោមលោកដែលធ្វើឱ្យអ្នកអានស្គាល់លោកកាន់តែច្រើន គឺតាមរយៈរឿង «សង្សារប្រុស» ដែលជាស្នាដៃទី៤ និងជារឿងហ្គេយ៍(Boys’ Love)ដំបូងបំផុតនៅកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០១០។ ស្នាដៃផ្សេងៗទៀតរបស់លោក ដែលបានចេញផ្សាយនៅលើទីផ្សារមានដូចជា៖ ក្របមរណៈ កាដូថ្ងៃនៃក្ដីស្រឡាញ់ និង ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់(Boys’ Love)។ ក្រៅពីនេះ លោកក៏មានស្នាដៃរឿងខ្លីៗ ចេញផ្សាយនៅលើទំព័រប្រលោមលោកសប្បាយផងដែរ ដូចជា៖ កាដូបេះដូង វិញ្ញាណគ្មានរូប តុក្កតាប្រឡាក់ឈាម និង កំលោះម្ទេសខ្មាំង កញ្ញាខ្ទឹមបារាំង ជាដើម។ បច្ចុប្បន្នលោក សួង ម៉ាក់ គឺជាអ្នកនិពន្ធអត្ថបទពាណិជ្ជកម្ម(Copywriter) នៅក្រុមហ៊ុនឯកជនមួយ និងជាសហស្ថាបនិករបស់ “ចត្វាផ្លឹស” ដែលបម្រើសេវាកម្មនិពន្ធអត្ថបទភាពយន្ត ភាពយន្តភាគ សម្រាប់ផលិតកម្ម និងស្ថានីយទូរទស្សន៍ក្នុងស្រុក។

ស្នាដៃ

សួង ម៉ាក់