ឧកញ៉ា សុត្តន្ដប្រីជាឥន្ទ

2017-02-21
ស្នាដៃ 1

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ​។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោក​ព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំ លោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បាន​អោយ​លោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោក​បាន​លា​រាជ​ការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តា​កូន​ចៅ​រាល់​គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕

ស្នាដៃសំខាន់ៗ

  • គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
  • បឋមសម្ពោធិ (ជាក្រាំង)
  • លោក នីតិបករណ៍ (ពាក្យកាព្យ)
  • សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។

ស្នាដៃ

ឧកញ៉ា សុត្តន្ដប្រីជាឥន្ទ