ម៉ានិត
ម៉ុង ម៉ានិត កើតនៅក្នុងឆ្នាំ ១៩៩៦ មានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកនិពន្ធសៀវភៅប្រលោមលោក។ ប្រជាជនខ្មែរទូទៅស្គាល់និងទម្លាប់ហៅលោកថា «ម៉ានិត» នៅលើវិថីសិល្បៈ។ ម៉ានិតបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យា-ល័យសន្ធរម៉ុក ហើយបច្ចុប្បន្ន លោកកំពុងបន្តសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ កាលពីកុមារភាព លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារ នៅក្នុងផលិតក្នុងស្រុកមួយចំនួន និងពានិជ្ជកម្មផ្សេងៗ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់ថាជាតារាសម្តែងកុមារ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមនោសញ្ចេតនាបែបកំប្លែងរឿង «ប្តីល្អ» កាលពីឆ្នាំ២០០៣។ បន្ទាប់មក លោកក៏បានបន្តចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង «ទឹកកចិត្តម្តាយ» (២០០៣) និង«មមាចប្រលែងភ្លើង» (២០០៥)។ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា «ស្នាមស្នេហ៍សមុទ្ររាម» (២០០៦) «បេះដូងអ្នកប្រដាល់» (២០០៧) និង «ឧត្តមភរិយា» (២០០៩)។ កាលណោះ លោកក៏ធ្លាប់បានសម្តែងល្ខោននិយាយ ដែលចាក់ផ្សាយតាមវិទ្យុផងដែរ។ នៅក្នុងឆ្នាំ ២០១០ លោកបានបញ្ចប់អាជីពជាតារាសម្តែង ហើយបានផ្តោតអារម្មណ៍ទៅលើការសិក្សាវិញ។ ទន្ទឹមនឹងនោះដែរ លោកក៏បានចាប់ផ្តើមសិក្សាតូរ្យតន្ត្រីដោយខ្លួនឯង និងតាមមិត្តភក្តិ។ ដោយមានទេពកោសល្យពីកំណើត លោកបានតែងនិពន្ធចម្រៀងជាច្រើនបទ ហើយបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ដូចជា Youtube និង Facebook។ លោកទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាជនខ្មែរទាំងចាស់ទាំងក្មេង តាមរយៈបទ «ព្យាណូកំសត់» និង «Thank You And Sorry» ហើយបានក្លាយជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងឯករាជ្យ ពីឆ្នាំ២០១០ ដល់ ២០១២។ នៅអាយុ ១៦ឆ្នាំ លោកក៏បានសាកល្បងដឹកនាំសម្តែងបទចម្រៀងកាយវិការនៅក្នុងផលិតកម្ម រ៉ក់ ផងដែរ។ ម៉ានិតបានចាប់អាជីពជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងនៅឆ្នាំ ២០១៣ ក្នុងក្រុមហ៊ុនហង្សមាស។ លោកក៏បានបង្កើនប្រជាប្រិយភាព តាមរយៈការបង្ហើរសំនៀង រួមទាំងស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង។ បទល្បីៗរបស់លោកជាច្រើនដូចជា «Pink Day» «Last Smile» «You never know» បានដាក់បញ្ចូលទៅក្នុងហ្គេមអ៊ីនធើណេតប្រភេទប្រកួតរាំ ឈ្មោះថា «Audition» នៅឆ្នាំ២០១២។ ក្រោយមក ជាមួយបទ «មាននាងក៏ធុញគ្មាននាងក៏ធុញ» លោកបានក្លាយជាតារាចម្រៀងនិងអ្នកនិពន្ធបទភ្លេងថ្មីជួរមុខវ័យក្មេងក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមិនយូរប៉ុន្មាន ព្រមទាំងទទួលបានការគាំទ្រពីអ្នកគាំទ្រក្រៅប្រទេស តាមរយៈបទភ្លេងថ្មីប្រភេទជាចង្វាក់ R&B ដែលរួមបញ្ចូលជាមួយនឹងចង្វាក់ Pop។ នៅដើមឆ្នាំ២០១៦ លោកបានដាក់បង្ហាញសៀវភៅរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «បេសកកម្មមួយ» ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ បេសកកម្មមួយ ជាសៀវភៅប្រលោមលោកខ្មែរ ស្នេហាបែបស៊ើបអង្កេត ដែលបានលក់ដាច់អស់ ៤៥០០ក្បាល នៅក្នុងឆ្នាំចេញផ្សាយ និងក្លាយជាសៀវភៅប្រលោមលោកដ៏ពេញនិយមក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងបំផុសបំផុលការអានក្នុងប្រទេសកម្ពុជា ព្រមទាំងចូលរួមសកម្មភាពសង្គម ដោយបានចែកជូនសៀវភៅឥតគិតថ្លៃដល់កុមារដែលរស់នៅអង្គការ PIO និងសិស្សានុសិស្សនៃ វិទ្យាល័យសន្ធរម៉ុក ព្រមទាំងបរិច្ចាគប្រាក់ពីការលក់សៀវភៅបេសកកម្មមួយចំនួន ១០ លានរៀល ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា នៅខែ កក្កដា ឆ្នាំ២០១៦។
ស្នាដៃ
ម៉ានិត
- ទាំងអស់
- សៀវភៅ
- សំឡេង