សាំង ហ៊ែល

2021-02-26
ស្នាដៃ 2

លោក សាំង ហ៊ែល គឺជាអ្នកនិពន្ធមានឈ្មោះបោះសម្លេងម្នាក់ក្នុងអំឡុងពីទសវត្សឆ្នាំ ៦០ ដល់៧០ នៃសតវត្សទី២០ ។ លោកធ្លាប់ធ្វើជាអ្នកនិពន្ធប្រចាំកាសែត កោះសន្តិភាព របស់លោក ជូ ថានី និងធ្លាប់តាក់តែងបានស្នាដៃប្រលោមលោកជាច្រើន ហើយស្នាដៃរបស់លោកទទួលបាននូវភាពល្បីល្បាញនាសម័យនោះយ៉ាងខ្លាំង ។បើតាមលោក ហាក់ វ៉ាន់ដារា ក្នុងសៀវភៅអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៧០ ដល់១៩៧៥ បានបង្ហាញថា ក្រៅពីឈ្មោះថា សាំង ហ៊ែល ដែលមិត្តអ្នកអានស្គាល់ជាច្រើន កាលសម័យនោះលោកនៅមាននាមប៉ាកាមួយទៀតគឺ ដួង ចន្ទ ។ កាលពីសម័យសង្គមរាស្ត្រនិយម លោកក៏ជាអ្នកនិពន្ធម្នាក់ដែលស្ថិតនៅក្នុងចលនាបដិវត្ដ របស់អ្នកសាធារណៈរដ្ឋនិយមដែរ ។ ប៉ុន្តែ លុះក្រោយរដ្ឋប្រហារយោធាររបស់លោក លន់ នល់ ទទួលជ័យជំនះហើយរបបសាធារណៈរដ្ឋខ្មែរមួយត្រូវបានបង្កើតឡើងមកនោះស្រាប់តែលោកបែរនិន្នាការងាកទៅប្រឆាំងនឹងរបបនោះទៅវិញ ។ ស្នាដៃមួយដែលវាយប្រហារខ្លាំងៗនិងត្រង់ៗចំពោះរបបសាធារណៈរដ្ឋខ្មែរនោះគឺរឿង អ្នកបដិវត្ដក្លែងក្លាយ ។ ស្នាដៃប្រលោមលោករបស់លោក សាំង ហ៊ែល មានជាច្រើនដូចជា ៖

  • ម៉ាកភូយុងកែវ
  • ចៅមាស
  • ទឹកភ្នែកនារីខ្មែរលើ
  • ព្រះកេតុមាលា
  • រាជនីគោកធ្លក
  • ចុកឈាម
  • ស្នេហ៍កាមទេព
  • យំមិនចេញទឹកភ្នែក
  • សង្គ្រាមដប់ខែ
  • អ្នកបដិវត្ដក្លែងក្លាយ
  • បំភ្លេចមិនបាន
  • មច្ចុរាជ
  • រហែកដួងចិត្ត
  • ជនល្មោភកាម
  • ទង់ក្រហម ...ជាដើម ។

បច្ចុប្បន្ន ស្នាដៃរបស់លោកនៅសល់មួយចំនួនដែលគេឃើញមានលក់លើទីផ្សារ ដូចជា៖ រាជនីគោកធ្លក ស្នេហ៍កាមទេព បំភ្លេចមិនបាន មច្ចុរាជ រហែកដួងចិត្ត ក្រៅពីនេះមិនសូវមានសល់ប៉ុន្មានទេ ៕

ស្នាដៃ

សាំង ហ៊ែល