សិស្សច្បងសម្លាញ់ចិត្ត

សិស្សច្បងសម្លាញ់ចិត្ត


​ការ​ពិត​ទៅ​យើង​ទាំង​ពីរ​គ្មាន​ចំណុច​ត្រង់​ណា​ដូច​គ្នា​បន្តិច​ទេ​។ បង​វឌ្ឍន៍​ជា​មនុស្ស​ឆេវឆាវ​ ម៉ឺង​ម៉ាត់​ ​ហើយ​សោះកក្រោះ​ ​រី​ឯ​ខ្ញុំ​វិញ​​ចូលចិត្ត​សប្បាយ​ ​ហើយ​មាន​អារម្មណ៍​ថា​ចង់​នៅ​ក្មេង​ច្រើន​ជាង​ធំ​។ ​​ពួក​យើង​ស្គាល់​គ្នា​តាំង​ពី​ពេល​ខ្ញុំ​រៀន​ឆ្នាំ​ទី​២​ខាង​ផ្នែក​ភាសា​ជប៉ុន​ បង​វឌ្ឍន៍​មិន​មែន​ជា​សិស្ស​អក្សរសាស្ត្រ​ជប៉ុន​ទេ​ ​ប៉ុន្តែ​គាត់​លួច​មក​រៀន​ជប៉ុន​ជាមួយ​ពួក​ខ្ញុំ​ជា​ញឹកញាប់​ ដោយ​សារ​តែ​គាត់​ចង់​ចេះ​ភាសា​នេះ។​

«ខ្ញុំ​ឆ្ងល់​បង​ឯង​ណាស់​! ​ខ្លួន​ចេះ​ឡើង​បី​បួន​ភាសា​ទៅ​ហើយ​ ​ចង់​ចេះ​ជប៉ុន​ធ្វើ​អី​ទៀត​ ​តែ​អង់គ្លេស​និង​បារាំង​ហ្នឹង​បង​ឯង​រស់​ស្រួល​បាត់​ហើយ!» ​ខ្ញុំ​តែង​តែ​ថា​ឱ្យ​គាត់​ដដែល​ៗ ​ពេល​គាត់​មក​អង្គុយ​នៅ​បង់​ជាមួយ​ខ្ញុំ។​ «មាលតី​ឯង​មិន​ដឹង​ទេ?​!​ ​សម័យ​នេះ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ​ការងារ​ច្រើន​ណាស់​ បើ​បង​ចេះ​កាន់​តែ​ច្រើន​ឱកាស​ការងារ​ក៏​ខ្ពស់​តាម​ហ្នឹង​ដែរ!» ​មើល​គាត់​និយាយ​ចុះ។​ «បង​វឌ្ឍន៍​ឯង​មិន​លើកលែង​ឱ្យ​សូម្បី​តែ​ពួក​ខ្ញុំ​ឬ? ​​ខំ​គេច​មក​រៀន​ភាសា​ដែល​គេ​មិន​សូវ​រៀន​ហើយ​ ​នៅ​មាន​អ្នក​ដណ្តើម​ការងារ​ទៀត!» ​សីហា​និយាយ​ ​ពួក​យើង​សើច​។

​យើង​ស្និទ្ធស្នាល​នឹង​គ្នា​ជា​ខ្លាំង​ ​ថ្វី​បើ​សិស្ស​ច្បង​វឌ្ឍន៍​មិនមែន​រៀន​ផ្នែក​ដូច​ពួក​ខ្ញុំ​ ​តែ​គាត់​តែង​តែ​ណែ​នាំ​ខ្ញុំ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ ​ទាក់​ទង​នឹង​ការ​រៀន​សូត្រ​ជា​ដើម​។ ​គាត់​សង្ហា​​ណាស់​ ​ស្រី​ៗ​រៀន​ជំនាន់​ជាមួយ​គាត់​បាក់​ចិត្ត​ស្រលាញ់​គាត់​ជា​ច្រើន​នាក់ ​ហើយ​គាត់​ក៏​ធ្លាប់​មាន​សង្សារ​ច្រើន​នាក់​ដែរ​ តែ​ចេះ​តែ​ឆាប់​បែក​គ្នា​ ព្រោះ​គេ​ទ្រាំ​នឹង​ចរិត​គាត់​មិនបាន​។ ​ឮ​ថា​គាត់​មាន​រហស្សនាម​ថា​ ​មេ​ធំ​កំពូល​ឆេវ​ឆាវ​ ​ពេល​គាត់​ខឹង​ម្តង​ៗ​ គួរ​ឱ្យ​ខ្លាច​ណាស់​។ ​ពេល​ខ្លះ​មិត្ត​របស់​ខ្ញុំ​មួយ​ចំនួន​ថា ​គាត់​ជា​មនុស្ស​ពាល ​តែ​ការ​ពិត​គាត់​ចិត្ត​ល្អ​ណាស់​ ​ទាស់​តែ​សម្តី​គាត់​មិន​សូវ​ល្អ​ប៉ុណ្ណោះ​ឯង​។ ​ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ចូលចិត្ត​គាត់​តាំង​ពី​ពេល​ណា​ទេ​ ​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ចូលចិត្ត​គាត់​ គឺ​ចូលចិត្ត​ខ្លាំង​បាត់​ទៅ​ហើយ​។