សង្សារ Angry Bird

សង្សារ Angry Bird


រាត្រី​នេះ​គ្មាន​អារម្មណ៍​ចង់​និយាយ​រក​នរណា​សោះ ពិសេស​គឺ​សង្សារ​ក្មេង​អាយុ​១៦​ឆ្នាំ​របស់ខ្ញុំ​តែម្ដង។ និយាយ​ជាមួយ​នាង​ម្ដងៗ​ ខ្ញុំ​មិន​ចេះ​អស់សំណើច​នឹង​ខ្លួនឯង​នោះ​ទេ ​មិន​គួរ​ទទួល​យក​នាង​ធ្វើជា​សង្សារ​ទេ ព្រោះ​អាយុ​របស់ខ្ញុំ​និង​នាង​បងប្អូន​គ្នា​រហូត​ទៅ​ដល់​៧​ឆ្នាំ​ឯ​នោះ។ ណ្ហើយ! ហួស​ទៅ​ហើយ​មានតែ​បណ្ដោយ​តាម​កម្ម​ទេ​មើល​ទៅ? មិនទាន់​បាត់​នឹក​ស្រ​មៃផង​ទូរសព្ទ​ខ្ញុំ​លោត​លេខ​នាង​ខល​មក​បាត់។ ពួក​យើង​និយាយ​សួរ​ទុក្ខ​គ្នា​បន្តិច ខ្ញុំ​ក៏​សុំ​សម្រាក៖ «អូន​អា៎…?» «ចា៎​បង!» «ប៉ុណ្ណឹង​សិន​បាន​អត់? ថ្ងៃនេះ​បង​ហត់នឿយ​ខ្លាំង​ណាស់។ មិន​ចង់​និយាយ​ទូរសព្ទ​យូរ​នោះ​ទេ​ព្រោះ​ព្រឹកស្អែក​បង​នៅ​មាន​ប្រលង​មួយ​ព្រឹក​ទៀត។» នាង​ស្ងាត់​បន្តិច​ហើយ​ស្រដី​យ៉ាង​ស្រទន់​មកកាន់​ខ្ញុំ៖ «ហ៊ឺ! ខ្ញុំ​ដូចជា​មិន​ចង់​បាន​សោះ​បង។ ដឹង​ទេ? អូន​នឹក​បង​ខ្លាំង​ណាស់! នឹក​បង​ ឡើង​គ្រុន​ហើយ​ណា» ខ្ញុំ​មិន​ហ៊ាន​បិទ​ទូរ​សព្ទ​របស់​នាង​ក៏​រករឿង​អ្វី​ផ្សេង​ជជែក​គ្នា​បន្ត៖ «មិនា​តើ​អូន​ចូលចិត្ត​ស្ដាប់​រឿង​ខ្មោច​ដែរ​ឬ​ទេ? ថ្ងៃ​មុន​បង​បាន​ទិញ​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល​មាន​ចំណងជើង​ថា “សម្ផស្ស​ខ្មោច” អូន​ចាប់អារម្មណ៍​ដែរ​ឬ​ទេ? ចាំ​បង​អាន​ឲ្យ​អូន​ស្ដាប់​ណា» គ្រាន់តែ​ឮ​ចំណងជើង​ភ្លាម​មិនា​និយាយ​យ៉ាង​រហ័ស៖ «អឺ! អត់​អី​ទេ​បង បង​ឯង​សម្រាក​ទៅ​ចឹ​ង អូន​អត់​រំខាន​បង​ទៀត​ទេ។» «បាទ​ ចឹ​ង​អូន​ត្រូវ​ប្រញាប់​ចូល​គេង​ណា! បង​ចូល​សម្រាក​មុន​ហើយ។ កុំ​សម្ងំ​លេង​ហ្វេសប៊ុក​យូរ​ពេក​ បង​បារម្ភ! Good night ណា​អូន។»

ដាក់​ទូរ​សព្ទ​ចុះ​ភ្លាម ខ្ញុំ​ហាក់​ចម្លែក​ក្នុង​ចិត្ត ហេតុអ្វី​មិនា​សុំ​បិទ​ទូរ​សព្ទ​លើក​នេះ​យល់ព្រម​ងាយ​ម្ល៉េះ? ដាក់​ភ្នែក​ទៅ​ចំ​សៀវភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​កំពុងតែ​កាន់​ទើប​ដឹង​ថា​សង្សារ​របស់ខ្ញុំ​នាង​ខ្លាច​ខ្មោច​នៅ​ក្នុង​សៀវភៅ​នេះ។ ខ្ញុំ​ហួសចិត្ត​ខ្លាំង​ណាស់! នាង​មិន​ខ្លាច​ខ្ញុំ​បែរជា​ទៅ​ខ្លាច​ចំណងជើង​រឿង​ទាំង​ដែល​មិន​ទាន់​បាន​អាន​ផង។ ខ្ជិល​ខ្វល់! យក​ទូរ​សព្ទ​ទៅ​ទុក​នៅ​តុ​ក្បែរ​សៀវភៅ​បិទ​ភ្លើង​ចូល​គេង​បាត់​ស្រមោល​តែម្ដង។