កុំស្មានបងភ្លេច
ថ្ងៃនេះគឺថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០១៣ ដែលគេទូទៅចាត់ទុកថ្ងៃហ្នឹងជាថ្ងៃបុណ្យណូអែល។ ហើយរាប់ថយក្រោយ២៥ថ្ងៃជាថ្ងៃខួបកំណើតខ្ញុំហើយ ក្រោយខួបកំណើតបានមួយអាទិត្យស្រាប់តែខ្ញុំកើតជំងឺគ្រុនវៀន។ ចាប់ពីនោះមក ជីវិតខ្ញុំបានត្រូវជាប់នៅផ្ទះជាង២អាទិត្យ។ ក្រោយពីជាជាសះស្បើយពីជំងឺគ្រុនពោះវៀន គិតថាចង់ចេញក្រៅផ្ទះដើរយកខ្យល់អាកាស ព្រោះសំងំនៅផ្ទះគិតតែពីដេក មើលទូរទស្សន៍ និងដេកវិញ គ្មានបានធ្វើអីទេ ណាមួយគិតថាថ្ងៃហ្នឹងចំថ្ងៃពិសេសផងនោះ ដូច្នេះហើយទោះយ៉ាងក៏ត្រូវតែចេញឱ្យទាល់តែបាន។ គិតហើយភ្លាម ខ្ញុំដើរលបៗ ដល់កន្លែងម៉ូតូ ហើយក៏ស្រែកប្រាប់ម៉ាក់៖ «ម៉ាក់ ខ្ញុំចេញក្រៅបន្តិច» ស្រែកចប់ក៏ទាញម៉ូតូជិះចេញយ៉ាងលឿនខ្លាចគាត់អត់ឱ្យចេញ។ ក្នុងអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ហើយជិះបណ្ដើរតេទូរសព្ទទៅមិត្តភ័ក្ដិបណ្ដើរក្រែងមានណាគេនៅក្រៅស្រាប់បានគ្នាជិះដើរលេង។ ចង្រៃយក៍! ពួកវានៅធ្វើការទាំងអស់គ្នា គ្មានអ្នកណានៅក្រៅសោះ ខ្ញុំគិតក្នុងចិត្តថា ពួកហ្នឹងខំធ្វើការចឹង ធ្វើអី មានស្រីណាយក? Okay… អត់មានពួកវា ជិះម្នាក់ឯងក៏បានដែរអ្ហា៎! ជិះជិតដល់សាលាបាក់ទូក កន្លែងគេលក់វត្ថុអនុស្សាវរីយ៍នោះ បំណងចូលរួមភាពអ៊ូអរមើលគេទិញអីខ្លះជូនគ្នាហ្នឹងអ្ហា ស្រាប់ស៊យអីមានភ្លៀងធ្លាក់មក កាន់តែធ្លាក់កាន់តែធំ ណាមួយទើបងើបពីជាគ្រុនពោះវៀនផងត្រូវតែរកកន្លែងជ្រកបានបាន។ ប្រុយទៅក្នុងសាលាបាក់ទូក ហើយជ្រកតាមសំយាបថ្នាក់រៀនមួយ។ សំណាងហើយ ជិះម៉ូតូពូកែហើយលឿន កុំអីសើម ស្រួលមិនស្រួលឈឺម្ដងទៀតយ៉ាប់ម៉ង អាហ្នឹងមធ្យមទេ ងំនឹងដល់ផ្ទះត្រូវមាត់របស់អ្នកម្ដាយជាទីស្នេហាទៀតហ្ន៎! អាហ្នឹងបានស៊ីបាយលាយទឹកភ្នែកម៉ង។ យី! ភ្លៀងនេះម៉េចចេះ កាន់តែធំទៅធំទៅចឹង? អង្គុយលើម៉ូតូបណ្ដើរចុចទូរសព្ទបណ្ដើរ ចុចចុះចុចឡើង ចូលមើលក្នុងមើលរូបភាព ស្រាប់តែឃើញរូបមួយដែលខ្ញុំថតជាមួយនាង។ ហិ! ហិ! ភ្លៀងធ្លាក់ចឹងធ្វើឱ្យខ្ញុំនឹកនាងកាន់តែជ្រៅទៅជ្រៅទៅហើយ។ កំពុងភ្លៀងធ្លាក់ចឹងផង យី! ចូលតួម្នាក់ឯងប៉ាដោយ។ ស្អីចេះ! កំពុងរ៉ូមែនទិកផង ស្រាប់តក់ទឹកពីលើដំបូលមកទៀត ស៊ីអារម្មណ៍ម៉ងអ្ហា៎។ ខ្ញុំក្រឡេកមើលកន្លែងថ្មីដើម្បីជ្រកសិន ងាកឆ្វេងងាកស្តាំ ស្រាប់តែឃើញ ផ្លាកថ្នាក់ទី [9B]។ ស៊ីអារម្មណ៍ជាមួយរូបថតម្នាក់ឯងអត់ទាន់បាត់ស្រួលបួលផង មកដល់ថ្នាក់[9B]នេះមួយទៀត ហើយចំថ្ងៃបុណ្យណូអែលចឹងទៀត អ្នកណាខ្ទប់អារម្មណ៍មិនឱ្យនឹកនាងបាន។ លោកអើយ! កាន់តែស្រមៃទៅដល់ណាដល់ណីហើយខ្ញុំ រវើរវាយដល់កាលខ្ញុំរៀនថ្នាក់ទី[9B] ហ្នឹងអ្ហា។











