បុរស​អាថ៌កំបាំង​ប៉ះ​ស្រី​ឆ្នាស​អត់​ចិត្

បុរស​អាថ៌កំបាំង​ប៉ះ​ស្រី​ឆ្នាស​អត់​ចិត្


​ហ្វី​ណា ជា​មនុស្ស​ស្រី​សាមញ្ញ​មិន​ចេះ​តុបតែង​ខ្លួន​ដូច​មនុស្ស​ស្រី​ដទៃ​ទៀត​ទេ​។ ប៉ុន្តែ​គេ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍​ព្រោះ​តែ​ស្នាមញញឹម​របស់​គេ​។ ហើយ​គេ​ជា​មនុស្ស​រួសរាយ កាច ឆ្នាស​។ គេ​ជា​មនុស្ស​ដែល​ចង់​បាន​សេរីភាព មិន​ចង់​ឲ្យ​អ្នកណា​មក​ត្រួតត្រា ឬ​សួរនាំ​ពេល​គេ​ទៅ​ណា​មក​ណា​ឡើយ​។ ហ្វី​ណា​ក៏​ចង់​បាន​សង្សារ​ដែរ ព្រោះ​នៅ​ពេល​ដែល​គេ​ទៅ​ណា​មក​ណា គេ​តែងតែ​ច្រណែន​អ្នកដទៃ​ថា​ហេតុ​អី​ក៏​គេ​មាន​មនុស្ស​យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​ពេល​ណា​ទើប​មាន​មនុស្ស​ម្នាក់ អាច​ស្វែងយល់​ពី​ចិត្ត​គេ​បាន? គេ​ធ្លាប់​ទាក់ទង​ជាមួយ​មនុស្ស​ប្រុស​ជា​ច្រើន​នាក់ ប៉ុន្តែ​គេ​ទាក់ទង​បាន​ត្រឹមតែ​យ៉ាង​យូរ​១​ខែ​ប៉ុណ្ណោះ។ មនុស្ស​គ្រប់គ្នា​តែងតែ​គិត​ថា​គេ​ជា​មនុស្ស​ស្រី​សាវា ប៉ុន្តែ​ការ​ពិត​ទៅ ព្រោះតែ​សង្សារ​ចាស់​របស់​គេ​ទាំងអស់​នោះ​គ្មាន​អ្នកណា​ម្នាក់​យល់​ពី​អារម្មណ៍​គេ​ឡើយ​។​

​គេ​អង្គុយលេង​ហ្វេសប៊ុក​ដូច​រាល់ដង ប៉ុន្តែ​គេ​បាន​បង្កើត​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថ្មី​មួយ​ទៀត​។ ហ្វីណា​ក៏​បាន add ទៅ​មិត្តភ័ក្ដិ​ចាស់ៗ​ដែល​ធ្លាប់​ស្គាល់​។ ហើយ​នៅ​សុខៗ គេ​ក៏​នឹកឃើញ​មនុស្ស​ម្នាក់​ដែល​គេ​ចាំ​បាន​ថា​ជា​គូ​ដណ្ដឹង​របស់​មិត្តភ័ក្ដិ​របស់​គេ គេ​ក៏​បាន add ទៅ​ម្នាក់​នោះ។ ​យ៉ារ៉ូ​គឺ​ជា​បុរស​ម្នាក់​ដែល​ហ្វីណា​បាន add ទៅ​។ ការ​ពិត​ទៅ​ហ្វី​ណា​យល់​ច្រឡំ​ចំពោះ​យ៉ារ៉ូ​ព្រោះ​មិត្តភ័ក្ដិ​របស់​យ៉ា​រ៉ូ​ទេ​ទើប​ជា​គូ​ដណ្ដឹង​របស់​មិត្តភ័ក្ដិ​គេ។ គ្រាន់តែ​យ៉ា​រ៉ូ​ឃើញ​ហ្វី​ណា​ក្នុង​ហ្វេ​សប៊ុក​ភ្លាម គេ​ក៏​មាន​ចិត្ត​​ស្រលាញ់​ហ្វី​ណា​ទៅ​ហើយ ទាំង​ពួកគេ​មិន​ដែល​ជួប​គ្នា ឬ​ស្គាល់​គ្នា​ឡើយ​។ យ៉ា​រ៉ូ​ក៏​បាន​ឆ្ងល់​ខ្លួនឯង​ដែល​ថា​ហេតុអ្វី​បាន​ជា​គេ​មាន​អារម្មណ៍​លើ​ស្រី​ម្នាក់​នោះ​? បន្ទាប់​មក​យ៉ា​រ៉ូ​ក៏​បាន​ទទួល​ហ្វី​ណា​ធ្វើ​ជា​មិត្តភ័ក្ដិ​ក្នុង​ហ្វេ​ស​ប៊ុក​នឹង​គ្នា​។​ ​យ៉ា​រ៉ូ​ជា​មនុស្ស​ដែល​មាន​ញាណ​ពិសេស គេ​អាច​ដឹង​ពី​ចិត្ត​របស់​អ្នកដទៃ ប៉ុន្តែ​មិនមែន​អាច​ដឹង​គ្រប់​រឿង​បាន​នោះ​ទេ​។ គេ​ធ្លាប់​មាន​សង្សារ​ម្នាក់ ហើយ​យ៉ា​រ៉ូ​ក៏​បាន​ស្វែង​យល់​ពី​ចិត្ត​ស្រី​ម្នាក់​នោះ​ដែរ ប៉ុន្តែ​យ៉ា​រ៉ូ​បាន​ដឹង​ពី​ចិត្ត​របស់​នាង​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​បាន​បែក​គ្នា​ទៅ។ ប៉ុន្តែ​គ្រាន់តែ​យ៉ា​រ៉ូ​បាន​ឃើញ​រូប​របស់​ហ្វី​ណា​ក្នុង​ហ្វេ​សប៊ុក គេ​ក៏​មាន​អារម្មណ៍​ថា​ស្រលាញ់​ហ្វី​ណា​ទៅ​ហើយ គេ​បាន​សួរ​ខ្លួនឯង​ថា​នេះ​ជា​និស្ស័យ​មែន​ទេ​? គេ​បាន​តាំង​ចិត្ត​និង​អារម្មណ៍​របស់​គេ​ហើយ​សម្លឹង​មើល​ទៅ​រូបថត​របស់​ហ្វី​ណា​។ ហើយ​យ៉ា​រ៉ូ​មាន​អារម្មណ៍​ដឹង​ពី​ចិត្ត​របស់​ហ្វី​ណា​ថា​នាង​ជា​មនុស្ស​យ៉ាង​ម៉េច​? យ៉ា​រ៉ូ​ប្រើ​ពេល​គិត​ជា​ច្រើន​ថ្ងៃ​ទម្រាំ​តែ​ដាច់​ចិត្ត​ឆា​ត​ទៅ​ហ្វី​ណា​។ យ៉ា​រ៉ូ​បាន​ផ្ញើ​សារ​ជា sticker សួស្ដី​ទៅ​កាន់​ហ្វី​ណា ហើយ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ឆាត​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​សុខៗ​ហ្វី​ណា​ក៏​ឆាត​សួរ​ទៅ​យ៉ា​រ៉ូ៖ ហ្វី​ណា : លោក​ជា​គូ​ដណ្ដឹង​របស់​ភី​សា​មែន​ទេ​? យ៉ា​រ៉ូ : យល់​ច្រឡំ​ហើយ មិន​មែន​ខ្ញុំ​ទេ គឺ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់​ទៀត​តើ!