និស្ស័យស្នេហ៍កម្រងផ្កាម្លិះ
………….នៅក្នុងសួនច្បារខាងមុខផ្ទះខ្ញុំកំពុងតែអង្គុយមើលមេរៀននៅលើទោងក្នុងកញ្ចុះក្នុងសួន ចំណែកទូរស័ព្ទជាប់ដៃឯកាសវិញជាប់ត្រចៀកជានិច្ច។ ក្លិនពិដោរផ្កាម្លិះដ៏ក្រអូបឈ្ងុយឈ្ងប់កំពុងតែពង្វក់អារម្មណ៍របស់ខ្ញុំឲ្យអន្លង់អន្លោចតាមអត្ថន័យបទចម្រៀងមនោសញ្ចេតនាដែលខ្ញុំកំពុងតែស្ដាប់។ នេះជាទម្លាប់មួយរបស់ខ្ញុំហើយថាខ្ញុំសប្បាយចិត្ត ឬមានវិបត្តិជាប់ប្រាណនោះទេ ខ្ញុំតែងតែមកអង្គុយលេងក្នុងសួនច្បារនេះ ហើយស្រង់យកក្លិនពិដោរនៃចម្ការផ្កាម្លិះក្នុងសួន។ អាចនិយាយបានថា ផ្កាម្លិះគឺជាផ្កាដែលមានក្លិនក្រអូបហើយជាផ្កាដែលខ្ញុំស្រលាញ់បំផុត។ ខ្ញុំដាំវាតាំងពីខ្ញុំនៅរៀនវិទ្យាល័យមកម្លិះរហូតមកដល់ពេលនេះដើមផ្កានេះធំហើយផ្កាច្រើនទៀតផង។
ខណៈពេលដែលខ្ញុំកំពុងតែជក់ចិត្តជាមួយក្លិនដ៏ក្រអូបនៃផ្កាម្លិះ និងភាពអន្លង់អន្លោចនៃបទចម្រៀងស្រាប់តែម្រាមដៃដ៏ស្រឡូនបានមកចាប់ស្មាខ្ញុំអង្រួនជាមួយនឹងសម្ដី៖ «បងផា !» ខ្ញុំចាប់កាសពីត្រចៀកហើយងាករកម្ចាស់សំឡេងទាំងមានលួចខឹងនាងគឺជាប្អូនស្រីបង្កើតរបស់ខ្ញុំ។ ខ្ញុំតបសម្ដីទៅនាងទាំងមិនសប្បាយចិត្តដែលនាងមកពញ្ញាក់អារម្មណ៍របស់ខ្ញុំ៖ «ឯងទៀតហើយ! បើមួយថ្ងៃឯងមិនបានធ្វើឲ្យបងភ្ញាក់បែបនេះឯងមិនសប្បាយចិត្តទេមែនទេ?» «ចាសមែនហើយ! ព្រោះបើថ្ងៃណាដែលខ្ញុំមិនធ្វើឲ្យបងខឹងទេនោះមានន័យថា បងប្រុសរបស់ខ្ញុំមិនសង្ហាទេ។» «មកពីឯងភ្នែកស្អុយទេដឹងបានជាមើលមិនដឹងថាបងសង្ហានោះ?» ខ្ញុំមិនមែនល្ងង់នោះទេប៉ុន្តែខ្ញុំឆ្លាតទៅវិញទេ! ពេលណាដែលបងប្រុសរបស់ខ្ញុំខឹងគឺសង្ហាខ្លាំងណាស់! នេះ! មិនដឹងជាស្រីមួយណាបានបងប្រុសដ៏សង្ហារបស់ខ្ញុំធ្វើជាសង្សារនោះទេ? «បានហើយ! កុំបាច់មកសរសើរបងមិនស៊ីជោរនោះទេ! ឆាប់និយាយមក! មកទីនេះរកបងមានការអ្វី?» សុផានីដាក់ដៃលើស្មាខ្ញុំយ៉ាងស្និទ្ធស្នាល រួចទើបតបសម្ដី៖ «គឺម៉ាក់ឲ្យបងជូនខ្ញុំទៅផ្សារ!»