គាថាបុរាណ (សំឡេង)
បុលជាជាងមាស រៀបការជាមួយភរិយាឈ្មោះម្លិះ បានប្រហែលជាងមួយខែ បន្ទាប់មកនាងត្រូវប្ដូរការងារ ដែលបានប្រាក់ខែខ្ពស់ ទើបត្រូវដូរកន្លែងស្នាក់នៅ។ ទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាមកនៅផ្ទះចាស់តាំងពីសម័យបុរាណ ដែលជាកេរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកយាយ។ ផ្ទះនេះធំទូលាយណាស់ ហើយក៏រាងឆ្ងាយស្ងាត់ពីគេឯងបន្តិចដែរ។ ចូលនៅដំបូងប្រពន្ធមានអារម្មណ៍ខ្លាចៗទៅហើយ ព្រោះផ្ទះធំពេក។
រស់នៅបានប៉ុន្មាន ប្រពន្ធឃើញខ្មោចភ័យដល់ថ្នាក់សន្លប់ ដល់ប្រាប់ប្ដី បែរជាប្ដីនិយាយថានាង គិតច្រើនពេកទើបកើតជំងឺរវើរវាយតែផ្ដេសផ្ដាសបែបនេះ។ ក្រោយមកប្ដីក៏បានជួបហេតុការណ៍ដ៏គួរឱ្យខ្លាចជាច្រើន ទើបគេចាប់ផ្ដើមទទួលស្គាល់ការពិត ថាពិតជាមានព្រលឹងអាក្រក់មកយាយីនៅក្នុងផ្ទះនេះពិតមែន។ តែខ្មោចអស់នោះពេលបានឃើញគាថាបុរាណតែងតែខ្លបខ្លាចបាត់ទៅវិញ។
ដោយរស់នៅមិនសុខ ពួកគេបានទៅនិមន្តព្រះសង្ឃរាជមួយអង្គមកសូត្រមន្តប្រោះព្រំសិរីពេញទូទាំងផ្ទះ ទើបលោកគ្រូសង្ឃរាជប្រាប់ថា គាថាដែលចារសម្រាប់ការពារផ្ទះនេះពូកែស័ក្ដិសិទ្ធិណាស់ ត្រូវរៀនសូត្រឱ្យចេះចាំ គឺជាចំណេះល្អ ហើយផ្ទះនេះមានរឿងអ៊ីចឹង ក៏ដោយសាររុះរើផ្ទះធ្វើឱ្យបាត់បង់គាថាទៅដោយកន្លែង ទើបព្រលឹងអាក្រក់មកយាយីបាន។