ការ​ចង​ចាំ​របស់​កុមារ​ម្នាក់

ការ​ចង​ចាំ​របស់​កុមារ​ម្នាក់


១៧​ មេសា ​ឆ្នាំ១៩៧៥… ខ្មែរ​គ្រប់​រូប​ដឹង​ថា ​នោះ​ជា​កាលបរិច្ឆេទ​នៃ​ដំណើរ​ឈាន​ទៅ​រក​មាត់​ជ្រោះ​មរណៈ​របស់​ជន​ស្លូត​ត្រង់​ប្រមាណ​​ជាង​១​លាននាក់។ ហេតុការណ៍​និង​ខ្សែ​ជីវិត​រសាត់​អណ្ដែត​ជា​មួយ​ម្ដាយ​ កាល​នៅ​កុមារ​របស់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​គង់។ នៅ​ថ្ងៃ​ដែល​គេ​បញ្ជូន​មនុស្ស​ចាកចេញ​ពី​ភ្នំ​ពេញ​ឱ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ ក្មេង​ប្រុស​កម្សត់​មិន​ទាន់​ដឹង​ក្ដី​នៅ​ឡើយ​ទេ គេ​ចេះ​តែ​សប្បាយ​ជាប់​តាម​ផ្លូវ​រហូត​ តែ​ដល់​ឃើញ​មនុស្ស​ស្លាប់​គរ​ ទើប​គេ​ដឹង​ថា មិន​មែន​ជា​រឿង​ល្អ​ឡើយ។

មិន​បាន​ប៉ុន្មាន​ម្ដាយ​របស់​កុមារ​គង់ ​ក៏​ត្រូវ​ពួក​មនុស្ស​ក្នុង​របប​នោះ​យក​ទៅ​សម្លាប់​ចោល ចំណែក​បងប្អូន​ក៏​ឃ្លាត​បែក​គ្នា​អស់​ទៅ។ ​គង់​​រស់នៅ​ក្នុង​កង​កុមារ​ជាមួយ​ក្មេង​ៗ​ជា​ច្រើន​នាក់ ឆ្លង​កាត់​ការងារ​ដ៏​លំបាកៗ​ជា​ច្រើន បាយ​ទឹក​មិន​គ្រប់​គ្រាន់។ ដោយ​ហត់​ហេវ​ខ្លាំង​ពេក នៅ​យប់​មួយ​ក៏​ដាច់​ចិត្ត​ទៅ​លួច​បេះ​ចេក​ផ្ទះ​ប្រធាន​កង​ក៏​ដ៏​កាច​សាហាវ ដែល​ល្បី​ខាង​ធ្វើ​បាប​មនុស្ស សម្លាប់​មនុស្ស​អា​ក​សុទ្ធ​តែ​នឹង​ធាង​ត្នោត។ មិន​ទាន់​បាន​ឆី​ផង ក៏​ត្រូវ​គេ​ទាន់ តែ​សំណាង​ល្អ ក្មេង​គង់​បាន​រត់​ត្រដាបត្រដួស​គេច​ខ្លួន​ទៅ​រស់នៅ​ភូមិ​ថ្មី​មួយ​ផ្សេង​ទៀត។

ឆ្លង​កាត់​គ្រោះ​ចង្រៃ​ជា​ច្រើន​ ចុង​ក្រោយ​ក៏​ត្រូវ​បាន​ទ័ព​រំដោះ​សង្គ្រោះ​ជីវិត​បាន​មក​វិញ។ កំលោះ​គង់​​បាន​ក្លាយ​ជា​ប្រធាន​អង្គការ​គាំពារ​សិទ្ធិ​កុមារ តែ​បងប្អូន​ដែល​បែកបាក់​គ្នា​នោះ គឺ​មិន​ដែល​បាន​ជួប​គ្នា​ទេ សូម្បី​តែ​ផ្ទះ​ធ្លាប់​នៅ​ពី​ក្មេង ​ក៏​មិន​ចាំ​អ្វី​ទាំង​អស់។