ស្នេហា​អាប​

ស្នេហា​អាប​


វគ្គ បន្ទេរ​កំហឹង​ ​​សន្ធិយារាត្រី​ពពក​រសាត់​បាំង​បាត់​ចន្ទ្រា ​ដែល​ភ្លឺ​ថ្លា​ត្រចះ​ត្រចង់​ ឱ្យ​​ប្រែជា​មីរដេរដាស​ ​ងងឹត​ស្រ​អាប់រស្មី​ ជះ​ព្រឹក្ស​ព្រៃ​ខ្មៅ​ចាក់​ភ្នែក​មើល​ពុំ​យល់​អ្វី​...​ នា​តំបន់​ស្រយាល​ក្នុង​ភូមិ​មួយ​ ​ព្រៃ​រាល​ទន្ទ្រាន​តៗ​គ្នា​ ឃើញ​តែ​ផ្ទះ​ត្រង់​នេះ​ម្ដុំ ​​ត្រង់​នោះ​ម្ដុំ ​​ហើយ​ឃើញ​មាន​ពន្លឺ​​​​ក្រហម​ប្លុង​ ​នៃ​ចង្កៀង​អុច​បំភ្លឺ​ទី​ស្ថាន​។​ សម្រែកសត្វ​ព្រៃ​យំ​ឆ្លងឆ្លើយ​មាន​ខ្លែងស្រាក​ហើរ​ទទះ​ស្លាប​លើ​ ​ចុង​ព្រឹក្សា​ខ្មៅ​ព្រាល ​បាញ់​ភ្នែក​ដ៏​មុត​ស្រួច​រេរក​ចំណី​មៀម​សំពោច ​ស្រែក​ចេចចាច​គួរ​ឱ្យ​​ព្រឺ​ ​រន្ធត់​ក្បាល​ខ្ញាក​តែម្ដង​​ ប្រសិនបើ​មាន​នរណា​ដែល​ពុំ​ធ្លាប់​រស់នៅ ​ដើរកាត់​ទី​នេះ​ប្រហែល​រោម​ ​បះ​ឆ្កឺត​ផង​ក៏​មិន​ដឹង​! ក្រឡេក​មើល​ទៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ អ្នកភូមិ​ប្រុសៗ​មួយ​ក្រុម​ខ្លះ​កាន់​ចន្លុះ​ ​លើក​បំភ្លឺ​ផ្លូវ ដៃ​ប្រដាប់​ដោយ​អាវុធ​មាន ក្វាវ ដាវ ពូថៅ ជាដើម​រត់​ត្របាញ់​ជើង​គ្នា​ស្រែក​ហ៊ោ​ ​​កញ្ជ្រៀវ​​ខ្ទរ​អស់ទាំង​ព្រៃ​ ដេញ​តាម​អាប​ញី​មួយ​ក្បាល​ដែល​កំពុង​ហោះ​កាត់​ខ្យល់​បះ​សក់​ជ្រោង​ ភ្លើង​ពោះ​វៀន​ភ្លឹបភ្លែតៗ​ដូច​អំពិលអំពែក​​ ​ទឹកមុខ​សស្លើត​សស្លោ​ខ្លាច​គេ​តាម​ចាប់​បាន​...