ស្ថានីយទី៣២

ស្ថានីយទី៣២


"រថភ្លើងសម្រាប់ចំណតទី៣២នឹងមកដល់ក្នុងពេលបន្តិចទៀតនេះ សូមឈរពីក្រោយគំនូសពណ៌ក្រហមដើម្បីរក្សាសុវត្ថិភាព" សំឡេងគ្រលរបន្លឺចេញពីម៉ាស៊ីនបំពងសំឡេងបានដាល់អារម្មណ៍គ្រប់គ្នាដែលកំពុងឈរឈ្ងោកមុខនឹងទូរសព្ទឱ្យប្រុងប្រៀបខ្លួនទទួលអយស្ម័យយានដែលកំពុងរអិលនៅលើខ្សែដែក ខិតខ្លួនមកយ៉ាងរហ័ស..... ដោយសារមួយខ្សែនេះជិះលើផ្លូវខ្ពស់ដែលអាចឱ្យខ្ញុំទស្សនាផ្ទាំង ទស្សនីយភាពបានយ៉ាងគាប់ភ្នែកនោះ ខ្ញុំក៏ឈរតម្រង់ជួរនៅខាងក្រោយគេដើម្បីអាចឈរនៅពីមុខទ្វារកញ្ចក់បាន កម្លាំងរត់ទៅមុខរបស់រទេះភ្លើងប្រដេញទៅនឹងទិដ្ឋភាពពណ៌ចម្រុះរបស់ដំបូលផ្ទះដែលផ្ដិតចេញនូវផ្ទាំងរូបភាពដ៏សាមញ្ញមួយក៏ប៉ុន្តែវាអាចឆក់យកអារម្មណ៍របស់អ្នកឱ្យអណ្ដែតអណ្ដូងទៅតាមនោះបានយ៉ាងងាយ "សូមទៅមួយ! សូមទៅមួយ!" សំឡេងប្រជ្រៀតគ្នាចេញពីចំណតរថភ្លើងនៅស្ថានីយទី៣២ មិនចង់រអ៊ូរនោះទេ ក៏ប៉ុន្តែមនុស្សពិតជាច្រើនមែនទែន។ ដោយសារតែស្ថានីយមួយនេះមានទំហំធំនិងមានខ្សែរថភ្លើងរត់កាត់ទៅច្រើនកន្លែង ដូច្នេះហើយទើបបានជាគ្រប់គ្នាសម្រុកជិះមកកាន់ទីនេះ។ និយាយទៅបន្ទប់ជួលរបស់ខ្ញុំនៅរៀងឆ្ងាយពីកន្លែងធ្វើការបន្តិចដែរ។ ខ្ញុំត្រូវធ្វើដំណើរប្រហែលជាមួយម៉ោង ហើយត្រូវដូររថភ្លើងចំនួនពីរខ្សែឯណោះ។ ចំណតដែលត្រូវធ្វើការផ្លាស់ប្ដូរនោះគឺ ស្ថានីយទី៣២នេះឯង [.....]