បើនៅស្រឡាញ់

បើនៅស្រឡាញ់


នាងជឿថា សេចក្តីស្នេហារមែងចំណុះទៅលើកាលៈទេសៈនិងពេលវេលា។ នៅរដូវរំហើយមនុស្សជាច្រើនមានអារម្មណ៍កក់ក្តៅ ដូចជានោះជាវេលាពិសេសសម្រាប់សាងស្នេហាឬរៀបអាពាហ៍ពិពាហ៍កសាងអនាគតជាមួយគ្នា។

ចំណែកឯរដូវភ្លៀងធ្លាក់វិញ ដូចជាពេលមួយស្រងេះស្រងោច អារម្មណ៍នៃភាពឯកោបែកបាក់ នឹករឭកពិបាកពណ៌នាដែរ ឯខែកុម្ភៈនេះទៀតសោត….ហ៊ឹម អារម្មណ៍គ្មានសង្សារជាអារម្មណ៍មួយ….មិនចង់និយាយទេ! ជាទូទៅសម្រាប់មនុស្សស្រីវ័យ២៥ឆ្នាំ អារម្មណ៍ប្តូរមកនឹងនរច្រើនណាស់ ធៀបនឹងកាលនៅវ័យត្រឹម១៧ឆ្នាំ ដែលសូម្បីស្នាមញញឹមឬពន្លឺភ្នែកមួយ ក៏អាចចូលដល់បេះដូងនាងបាន។

ប្រសិនពេលវេលាដែលរស់តាមបែបមិនសូវដឹងក្តី មិនខ្វល់ខ្វាយច្រើន រក្សាបានយូរមកទល់ឥឡូវ ហាក់ដូចជាសុភមង្គលពិតជាអមតៈ គ្មានអ្វីត្រូវបារម្ភពិតមែន ថែមទាំងបានធ្វើឱ្យបេះដូងក្លាយជាកក់ក្តៅអចិន្ត្រៃយ៍… អ្វីៗតែងតែស្រស់បំព្រងភ្លឺស្វាង និងផ្អែមល្ហែម។

ទោះយ៉ាងណា ពេលវេលារមែងលាងជម្រះគ្រប់យ៉ាង មិនថារឿងល្អឬ ទុក្ខព្រួយ។ ជាមួយនឹងការគោះទ្វារជានិច្ចនៃថ្ងៃថ្មី រដូវកាលថ្មី នាងមានអារម្មណ៍ថា ចំណង់ចំណូលចិត្ត និងជម្រៅនៃសេចក្តីស្រឡាញ់ដែលរស់រវើកនៅខាងក្នុងជម្រៅចិត្ត ចេះមានវ័យចាស់ឡើងៗ និងស្លាប់ទៅ មុនទាំងរូបកាយយើងដល់មរណៈផង។ ភាពធុញទ្រាន់ ជារឿយៗលេចមុខមកឱ្យឃើញ ឬលលេងជាមួយឆាកជីវិតបន្តិចម្តងៗ ភាពកក់ក្តៅនៃស្នេហាចាប់ផ្តើមរលាយបាត់បន្សល់ទុកនូវអនុស្សារខ្លះ ឯយូរបន្តិចទៀតសូម្បីអនុស្សារក៏ចាំមិនបាន។