នាវា​ជីវិត

នាវា​ជីវិត


​វាយោ​បក់​ឮសូរ​វូ​ៗ ប៉ះ​នឹង​ស្លឹក​ឈើ​បញ្ចេញ​សំ​លេង​ប្រាវ​ៗ សត្វ​រំពេ​​ស្រែក​យំ​គួរ​ឱ្យ​កណ្ដោចកណ្ដែង​ពេក​ណាស់​។ រលក​សមុទ្រ​បោកបក់​ផ្ទប់​ច្រាំង​ ឮ​សូរ​គ្រាំៗ​កណ្ដាល​រាត្រី​ស្ងាត់​សូន្យ ជា​សញ្ញា​ដាស់​ប្រជា​នេសាទ​ទាំង​ឡាយ ​ឱ្យ​​ក្រោក​ចាក​និទ្រា​ ដើម្បី​ចេញ​យាត្រា​ទៅ​សមុទ្រ​។ ស្នូរ​ម៉ាស៊ីន​ទូក​បាន​បន្លឺ​​ឡើង​ ទម្លុះ​ស្បៃ​អន្ធការ​កណ្ដាលរាត្រី​។ ព្រម​ជា​មួយ​គ្នា​នោះ​ដែរ​ សំឡេង​​ពុក​ក៏​បាន​បន្លឺ​​ឡើង​៖​ “វាសនា​!!​ឱ្យ​​លឿន​យក​មង​ទៅ​ដាក់​ក្នុង​ទូក​ទៅ​”

“ចាស៎​!​ពុក​!”​ ខ្ញុំ​គឺជា​កូនស្រី​ច្បង​ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់​។ ខ្ញុំ​តែង​ទៅ​រក​ត្រី​ជាមួយ​ពុក ព្រោះ​ម៉ែ​គាត់​មាន​ជំងឺ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ឯ​ប្អូន​ប្រុស​ខ្ញុំ​នៅ​តូច​នៅ​ឡើយ​។ រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​មក​ហើយ​ ដែល​ខ្ញុំ​ចេញ​សមុទ្រ​ដូច​កូន​ប្រុស ដើម្បី​ជួយ​ពុក​ចិញ្ចឹម​គ្រួសារ​។​ កាលពី​ខ្ញុំ​នៅ​តូច ពុក​និង​ម៉ែ​តែង​យក​ខ្ញុំ​ទៅ​ជាមួយ​ពេល​ចេញ​សមុទ្រ​ម្ដងៗ រហូត​ធ្វើ​ឱ្យ​​ខ្ញុំ​ស៊ាំ​និង​ជីវភាព​រស់នៅ​លើ​សមុទ្រ ទាំង​ខ្យល់​រងា ទាំង​ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​សព្វបែបយ៉ាង​។

​ខ្ញុំ​ចាំ​បាន​ថា​នៅ​ឆ្នាំ​មួយ​នោះ ពុក​និង​ម៉ែ​បាន​ចេញទៅ​នេសាទ​ដូច​សព្វ​ដង ហើយ​ពួកគាត់​បាន​យក​ខ្ញុំ​ទៅ​ជាមួយ​។​ នៅ​យប់​នោះ​គ្រួសារ​ខ្ញុំ​ ក៏ដូចជា​គ្រួសារ​អ្នកនេសាទ​ដទៃ​ទៀត​ដែរ បាន​បញ្ឆេះ​ទូក​ចេញទៅ​សមុទ្រ​តាម​ទម្លាប់​។ ពេល​យើង​កំពុង​នេសាទ ​មួយ​សន្ទុះ​ក្រោយ​មក​ ក៏​មាន​ខ្យល់​ត្រសៀកៗ​បក់​មកពី​ទិសនិរតី​យ៉ាង​ចម្លែក​។ ពេល​នោះ​ពុក​បាន​និយាយ​ថា យើង​ប្រហែលជា​ជួប​ព្យុះ​ហើយ រួចហើយ​ពុក​បាន​បបួល​អ្នក​ស្រុក​ដទៃ​ឱ្យ​​ត្រឡប់មកវិញ ប៉ុន្តែ​ជា​សំណាងអាក្រក់ ពួក​យើង​ត្រឡប់​មក​វិញ​មិនទាន់ ព្យុះព្យោ​កំណាច​ក៏បាន​បោកបក់​មក​យ៉ាង​ពេញ​ទំហឹង​ ដូច​នាគ​ព្រូស​ទឹក​មក​លើ​ទូក ​ប្រជា​នេសាទ​យើង​យ៉ាង​គ្មាន​ត្រា​ប្រណី​។