ស្នាម​ក្នុង​ចិត្ត​

ស្នាម​ក្នុង​ចិត្ត​


ពេល​ព្រឹក​ព្រលឹម​ស្រា​ងៗ​គឺជា​ពេលវេលា​មួយ​ ដែល​មនុស្ស​មួយ​ចំនួន​ត្រូវ​ក្រោក​ធ្វើ​រាល់​កិច្ចការ​មួយ​របស់​ខ្លួន ​ឬ​ជា​សកម្មភាព​ប្រចាំថ្ងៃ​ដើម្បី​ប្រកប​តាម​អាជីព​របស់​ខ្លួន​ចិញ្ចឹមជីវិត​។​ បើសិនជា​នៅ​តាម​ជនបទ​យើង​ប្រាកដ​ជា​បាន​ឮ​សូរស័ព្ទ​នៃ​សត្វចតុប្បាទ ​និង​មាន់​ទា​ស្រែក​ង៉ោកង៉ាក​បង្កើត​ជា​សំឡេង​មួយ​សម្រាប់​ដាស់តឿន​ដល់​មនុស្ស​ផង​ទាំងពួង​ឲ្យ​ក្រោក​ជាក់​ជា​ពុំខាន…។

ម៉ោង​ប្រមាណ​ជា​៦​ជាង​ទៅ​ហើយ ​កណ្ដឹង​នៃ​នាឡិកា​រោទ៍​មួយ​លើក​ជា​ពីរ​លើក​តែ​ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ថា ​មិន​ចង់​ក្រោក​ទាល់តែ​សោះ ​អាច​មក​ពី​ខ្ញុំ​ចូល​គេង​យប់​ជ្រៅ​ពេក​ដោយសារ​ជាប់​ជប់លៀង​ថ្ងៃ​ខួប​កំណើត​របស់​មិត្តភ័ក្ដិ​កាលពី​យប់​មិញ​…​។ ​មិនមែន​ជា​រឿង​មួយ​ដែល​ហួសចិត្ត​ពេក​មែន​ទេ​? បើ​ខ្ញុំ​ចង់​ប្រាប់​ថា​ វា​ជា​ថ្ងៃ​ធ្វើការ​ដំបូង​សម្រាប់​ខ្ញុំ​នៅ​ថ្ងៃនេះ។ ​ខ្ញុំ​យក​ដៃ​កៀស​នាឡិកា​លើ​តុ​ចេញ​ ហើយ​ក៏​យក​ខ្នើយ​មក​ខ្ទប់​ត្រចៀក​ ព្រោះ​ពិតជា​ធុញ​និង​សំឡេង​រំខាន​របស់​វា​ខ្លាំង​ណាស់។

​“​ក្រែង​ថា ​ថ្ងៃ​នេះ​ត្រូវ​ធ្វើការ​ថ្ងៃ​ដំបូង​នោះ​អី ចុះ​ម៉េច​មិន​ទាន់​ក្រោក​រៀបចំ​ខ្លួន​ទៀត​? យ៉ាប់​មែនហើយ​កូន​នេះ​…!”។ ជា​សំឡេង​រអ៊ូ​របស់​ម្ដាយ​ខ្ញុំ​ដែល​ខ្ញុំ​តែងតែ​ស្ដាប់​ជា​រៀងរាល់​ព្រឹក ​ជា​សំឡេង​ដែល​ខ្ញុំ​ស្ដាប់​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ ​តែ​ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ​វា​ជា​សំឡេង​មួយ​ដែល​កើត​ឡើង​ពី​ក្ដី​បារម្ភ។ “ម៉ោង​ជិត​៧​ហើយ! ​ទៅ​ធ្វើការ​ទាន់​អត់​ហ្នឹង​…!” សំឡេង​គាត់​លាន់​ឡើង​ជា​លើក​ទី​ពីរ​ ហើយ​ក៏​បន្ត​ជា​រឿយៗ​ ខ្ញុំ​ដាច់ចិត្ត​ក្រោក​ទាំង​អារម្មណ៍​មិន​ល្អ​និង​ធុញ​ទ្រាន់​តាម​ទម្លាប់។ ហេតុ​អី​ជីវិត​របស់​ខ្ញុំ​ហាក់​ដូច​ជា​មាន​អ្វី​ចាំ​តែ​ជំទាស់ និង​រំខាន​បែបនេះ នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​គិត។