ភូមិក្នុង
មិនដឹងគួររៀបរាប់យ៉ាងណា ប៉ុន្តែព្រឹត្តិការណ៍នោះនៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច ដល់ខ្ញុំរកនិយាយមិនត្រូវព្រោះវា…..
ពេលនោះ ខ្ញុំកំពុងតែដើរលេងជាមិត្តភ័ក្ដិ ដែលទើបតែស្គាល់គ្នាពេលចូលរៀននៅឯសាកលនេះឯង។ បើនិយាយឲ្យចំ ពេលនោះប្រហែលជាពេលចូលឆ្នាំហើយយ៉ាង ខ្ញុំក៏មិនប្រាកដដែរថា ពេលណា គ្រាន់តែដឹងថា ខ្ញុំនិងមិត្តខ្ញុំស្រីណុចដើរលេងរហូត អស់ពីមួយភូមិចូលមួយភូមិ រហូតដល់ភូមិមួយដែលយើងមិនស្គាល់។ មុននឹងពួកខ្ញុំសម្រេចចិត្តចូលទៅកាន់ភូមិនោះ ខ្ញុំនិងស្រីណុចក៏សញ្ជឹងគិតមួយសន្ទុះមុននឹងចូលទៅ ព្រោះថ្ងៃវាបាក់រសៀលណាស់ទៅហើយ។
« បង! ទៅលេងទៅហ្អី មើលទៅសប្បាយណាស់ន៎!» ស្រីណុចហៅខ្ញុំថាបង តាមមិត្តរបស់ពួកគេ ។ ពួកគេគ្រប់គ្នា ហៅខ្ញុំថាបងទាំងអស់។ ជាការពិត បើមើលពីច្រកចូលទៅកាន់ភូមិនោះ មើលទៅគួរឲ្យចង់ចូលទៅលេងជាខ្លាំង ព្រោះមានជាចង្កៀងឫស្សីដាក់បំភ្លឺតាមផ្លូវចូល រហូតដល់ក្នុងភូមិ ដែលយើងមើលមិនដឹងសោះថា គេវាដាក់ពេញមួយភូមិឬអត់ ? ខ្ញុំនៅមានចិត្តស្ទាក់ស្ទើរ ព្រោះថ្ងៃចាប់ផ្ដើមទាបទៅៗណាស់ទៅហើយ ណាចង់ចូលលេងនៅហ្នឹងផង។ មិនដោយសារហេតុភេទអី ខ្ញុំក៏ឆ្លើយនឹងស្រីណុច។ «ក៏បាន ចូលលេងមួយភូមិនេះហើយ យើងទៅផ្ទះវិញ ខ្លាចអ៊ំស្ដីឲ្យ!»
ឆ្លើយមិនទាន់ទាំងចប់ស្រួលបួលផង ស្រីណុចក៏ចាប់អូសខ្ញុំកៀកដៃដើរដូចសព្វមួយដង ។ ពេលដែលដើរចូលទៅកាន់ភូមិនោះ ខ្ញុំមានអារម្មណ៍ចម្លែក អាចថាមកពីរំភើបក៏ថាបាន។ ពេលនោះដែរ ពេលដែលស្រីណុចចាប់អូសខ្ញុំ ខ្ញុំក៏ជ្រុលខ្លួនបុកនឹងមនុស្សមួយក្រុមដែលទើបនឹងចេញពីភូមិនោះ ខ្ញុំក៏ប្រញាប់សុំទៅសទៅគេ។