ការពិត
ស្រា តើជាការពិតទេ ការផ្ដើមមិត្តភាពគឺជាចេញពីសុរា? តើពិតទេ បើបុរសមិនចេះផឹកស្រា គឺជាបុរសមិនពិត? ពិតទេ ផឹកស្រាវអាចជួយរួមចំណែកអភិវឌ្ឍន៍សង្គម? តើខ្ញុំនឹងក្លាយជាមនុស្សចម្លែកឬ បើខ្ញុំមិនចេះផឹកស្រា? តើពិតឬ…?? ស្រាអើយស្រា! អ្នកសំណាងណាស់ រាល់ពេលដែលគេមានកម្មវិធីធំៗ រាប់ទាំងពិធីបុណ្យផង គេតែងត្រូវការអ្នកជានិច្ច។ តើអ្នកជាថ្នាំមួយមុខឬ? ទើបពេលដែលសប្បាយចិត្តគេតែងតែផឹកស្រា ពេលដែលគេពិបាកចិត្ត គេតែងផឹកស្រាដើម្បីរំសាយការពិបាកចិត្ត…? ជារឿងដែលបានកើតឡើងកាលជាង៣ឆ្នាំមុន ក្នុងគ្រួសារមួយស្ថិតក្នុងឃុំព្រែកដំបូក ក្នុងដែនដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រាល់ពេលបុណ្យទានម្ដងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ មិនថាក្នុងស្រុកស្រីសន្ធរឬស្រុកណានោះទេ គេតែឮសំឡេងសើចក្អាកក្អាយនៅតាមផ្ទះមួយចំនួន។ សំឡេងសើចសប្បាយនេះ មិនមែនពួកគេកំពុងនិយាយរឿងកំប្លែងនោះទេ គឺជាសំឡេងដែលគេកំពុងផឹកស៊ី ឬកំពុងស៊ីសងជាដើម។
ភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ចូលមកដល់ស្រុកស្រីសន្ធរ ផ្លូវរាងហុយនិងរលាក់បន្តិច។ តែទេសភាព តាមដងទន្លេ និងទេសភាពព្រៃរនាម ទៅឃុំបារាយ ក៏មិនចាញ់រមណីយដ្ឋានធម្មជាតិនានា ក្នុងប្រទេសកម្ពុជាប៉ុន្មាននោះដែរ។ … សំឡេងកូនក្មេងសូត្រកំណាព្យក្នុងផ្ទះបាយក្រោយដើមខ្នុរ “ ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើផឿនហ្នឹងក្មេង សម្ដីច្រើនតឹង ស្រវឹងវង្វេង ជំហរអួតក្អែង មិនចេះក្រខ្សត់។ អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់ ឯងចេះតែកិន ចិនចេះ តែកត់ ផឹកដល់កំណត់ យកស្រែបញ្ចាំ” ពូពឿន ស្រែកគំហក ដាក់កូនពៅខ្លួនដែលកំពុងសូត្រកំណាព្យឲ្យឈប់សូត្រ “ អាពាង ឈប់សូត្រ សូត្រស្អីក្បួនផឹកស្អីឯង ត្រីអញ ឱ្យអាំងឆ្អិននៅ យកមកឱ្យអញ។ លោកបងចាំបន្តិចសាច់ក្លែមមកឥឡូវហើយចូលឆ្នាំម្ដង ណែក!!! ផ្ទះខ្ញុំក្រមែន តែអារឿងរាប់អានមិត្តផឹកស៊ីម្ដងម្កាល លោកបងកុំភ័យ បើអស់សាច់ក្លែមដុតគោឱ្យលោកបងឯងហូបឥឡូវ លោកបងជឿខ្ញុំអត់ ?” ពូចែមនិងអ្នកផឹកស៊ីផ្សេងទៀត(សើច)៖ ជឿ ជឿ ខ្ញុំជឿលោកបងឯងហើយ! តែត្រីហ្នឹងទុកឱ្យ អាពាងស៊ីបាយយប់ទៅ ប៉ុណ្ណឹងបានហើយ។