ខ្សែជីវិតរសាត់តាមកម្ម
សួស្តីមិត្តអ្នកអានជាទីនឹករលឹក នាងខ្ញុំសុំណែនាំខ្លួនបន្តិច នាងខ្ញុំជាកូនច្បងក្នុងចំណោម បងប្អូន៤នាក់នៅក្នុងគ្រួសារធូរធារមួយស្ថិតនៅតំបន់ដាច់ស្រយាលនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។ នាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តភាពស្ងប់ស្ងាត់ តាមធម្មតាខ្ញុំក៏ចង់និយាយលេងសើចជាមួយមិត្តភ័ក្ដិដែរ ប៉ុន្តែមិនដឹងនិយាយពីអ្វី។ ខ្ញុំចង់ឱ្យព្រះប្រទាននូវទឹកដមសំឡេងដែលនិយាយមិនចេះអស់ដល់រូបនាងខ្ញុំផង ព្រោះខ្ញុំពិតជាត្រូវការការជជែកកម្សាន្តដែលឥតដែនកំណត់ជាមួយមិត្តភ័ក្ដិ ខ្ញុំត្រូវការសំឡេងសើចក្អាកក្អាយជាមួយនឹងពួកគេ។ តាំងពីធំដឹងក្តីមកទល់ពេលនេះជីវិតខ្ញុំគឺជួបតែរឿងដែលខកបំណងរហូតទាំងក្នុងគ្រួសារ ការសិក្សា និង ស្នេហា។ ខ្ញុំចាំបានថាកាលពីនៅតូចប៉ារបស់ខ្ញុំបានវៃយ៉ាងខ្លាំង ពីព្រោះតែមើលថែប្អូនស្រីមិនបានល្អ បណ្ដោយឱ្យនាងដួលទៅប៉ះនឹង អំបែងកែវមុតជើងចេញឈាមហើយប៉ាក៏បន្ទោសខ្ញុំ ហើយបានវៃខ្ញុំនឹងអង្កត់ឧសយ៉ាងដំណំ។ ពេលនោះប្រហែលជាអាយុ៥ទៅ៦ឆ្នាំតែប៉ុណ្ណោះ ចំណែកប្អួនស្រីខ្ញុំនាងអាយុ៣ឆ្នាំ ហើយវាក៏មិនមែនជាកំហុសរបស់ខ្ញុំដែរ ខ្ញុំបានឃាត់នាងមិនឱ្យទៅលេង តែនាងនៅតែចចេចចង់ទៅទើបមានរឿងចឹងកើតឡើង។ តាំងពីពេលនោះមកខ្ញុំហាក់មានអារម្មណ៍អគតិទៅលើប៉ា គិតថាគាត់មិនស្រលាញ់ខ្ញុំ ពេលខ្លះគិតថាខ្ញុំប្រហែលមិនមែនជាកូនរបស់គាត់ទេដឹង ព្រោះគាត់តែងលំអៀងក្តីស្រលាញ់ចំពោះកូន និយាយរួមគឺគាត់ស្រលាញ់ប្អួនស្រីជាងស្រលាញ់ខ្ញុំ។ ខ្ញុំមិនដែលទទួលបានការស្រលាញ់ ការយកចិត្តទុកដាក់ ការព្រួយបារម្ភ និង ភាពកក់ក្ដៅពីគាត់ម្ដងណាឡើយ សូម្បីតែម៉ាក់ក៏ខ្ញុំមិនដែលទទួលបានការស្រលាញ់ពីគាត់ដែរ។ តែចំពោះម៉ាក់ខ្ញុំមិនសូវគិតច្រើនដូចប៉ាទេ ព្រោះយល់ថាម៉ាក់គាត់ស្រលាញ់កូនស្មើគ្នា គាត់មិនដែលបដិសេដពេលដែលខ្ញុំសុំអីពីគាត់ម្ដងណាឡើយឱ្យតែគាត់មាន។