គ្រូ​កំលោះ​ប៉ះ​កូន​សិស្ស​ក្រមុំ

គ្រូ​កំលោះ​ប៉ះ​កូន​សិស្ស​ក្រមុំ


ប្រពន្ធ​ក្រមុំ​ចេញពី​រៀន​ហើយ ទុក​យូរ​មិន​បាន​ឡើយ​ក្រែង​កំលោះ​ស្របាល​ៗ​នាង​មក​ឆក់​ញ៉ែ​ទៅ​បាត់ ព្រោះ​ខ្លួន​ខ្ញុំ​មាន​អាយុ​ក្រែល​ហើយ។ «បង​សត្យា​នៅ​ណា? ពេលនេះ​ខ្ញុំ​ចេញពី​រៀន​ហើយ​ណា។» មនោរា​ហៅ​ទូរ​សព្ទ​មកពី​វិទ្យាល័យ​របស់​នាង ឲ្យ​ខ្ញុំ​ទៅ​ទទួល​ត្រលប់មក​ផ្ទះ។ ថ្ងៃនេះ​ចម្លែក​ណាស់ នាង​តេ​មក​ខុស​ពី​សព្វ​មួយ​ដង។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឆ្លើយតប​ទៅ​នាង​វិញ​៖ «បង​នៅ​សាលា ISLS។ ចុះ​ម្ដេច​ថ្ងៃនេះ​អូន​ចេញពី​រៀន​លឿន​ម្ល៉េះ?» «គឺ​លោកគ្រូ​មករា​គាត់​មិន​រៀន ទើប​ចេញ​រហ័ស។» «ចឹ​ង​បង​ទៅដល់​ឥឡូវ​ហើយ!» «ចា៎ អូន​ចាំ»

មិន​ដល់​១០​នាទី​ល្អ​ផង ខ្ញុំ​ក៏បាន​មកដល់​ខាងមុខ​វិទ្យាល័យ​របស់​នាង។ នារី​ម្នាក់​ឈរ​បង្ហាញ​រូបរាង​យ៉ាង​តូច​ច្រឡឹង​ សក់​វែង​អន្តាយ ​នៅ​ក្រោម​ដើម​ត្រសេក​មាន​ម្លប់​ត្រឈឹងត្រឈៃ។ រំលេច​ដោយ​ស្នាម​ញញឹម​មើល​ពី​ចម្ងាយ​ស្គាល់​ច្បាស់​ថា​ជា​មនោរា ធីតា​រូប​សម្រស់​របស់​លោក​គ្រូ​បង្រៀន​ភាសា​អង់គ្លេស សឿត សត្យា។ នរៈ​ទៅដល់​មិនទាន់​នាង​ក៏បាន​និយាយ​លា​មិត្ត​រួម​ថ្នាក់​ដើរមក​កាន់​ម៉ូតូ​សង្សារ​ដែល​កំពុងបើក​មួ​ក​សុ​វត្តិភាព​រង់ចាំ៖ «មាគ៌ា វរលក្ខណ៍ គ្នា​ទៅ​មុន​ហើយ​ណា ព្រោះ​បង​សត្យា​គាត់​បង​ទទួល​ហើយ។» អ្នក​ទាំង​ពីរ​នោះ​មិនបាន​ស្ដី​យ៉ាងណា​មក​កាន់​សង្សារ​របស់ខ្ញុំ​ឡើយ គឺ​ពួកនាង​គ្រាន់តែ​ងក់ក្បាល​ជាស​ញ្ញា​យល់ព្រម។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ក្រមុំ​ទាំងពីរ​នោះ​ច្រណែន​នឹង​មនោរា​ដែល​មាន​លោក​គ្រូ​កំលោះ​សង្ហា​ដូច​ជា​ខ្ញុំ​មក​ទទួល ទាំង​ជូន​មក​រៀន​ជា​រៀងរាល់ថ្ងៃ។