និស្ស័យកម្មផល
នាម៉ោងបួនរសៀលនេះ ខ្ញុំបានតុបតែងកាយយ៉ាងសង្ហាដើម្បីទៅចូលរួមពីធីបញ្ចុះខណ្ឌសីមានៅវត្តថ្មី ដែលនៅឆ្ងាយពីផ្ទះរបស់ខ្ញុំប្រហែលជាប្រាំគីឡូដី។ ថ្វីត្បិតតែឆ្នាំនេះខ្ញុំទើបតែមានអាយុដប់បីឆ្នាំហើយរៀនទើបតែថ្នាក់ទីប្រាំពីរក្ដី តែចូលចិត្តធ្វើបុណ្យខាងព្រះពុទ្ធសាសនាណាស់ ព្រោះព្រះពុទ្ធសាសនាបានបង្រៀនសត្វលោកទាំងអស់ឲ្យរស់ក្នុងសេចក្ដីស្ងប់សុខនិងស្គាល់ល្អ ស្គាល់អាក្រក់ ស្គាល់អ្វីដែលជាកម្មឬផលផង។ ក្រោយពីខ្ញុំរៀបចំខ្លួនរួច ខ្ញុំចេញទៅអង្គុយចាំប៉ានិងម៉ាក់ដើម្បីឲ្យពួកគាត់ជូនទៅ តែមើលទៅពូកគាត់ដូចជារវល់ជាខ្លាំង។ មើល៍ប៉ាចុះពេលនេះកំពុងតែជួសជុលឡានផងម៉ូតូផង បែរទៅម៉ាក់ក៏កំពុងតែកាត់ដេរយ៉ាងញាប់ដៃ ខ្ញុំអង្គុយមើលទាំងអស់សង្ឃឹម ព្រោះបើប៉ានិងម៉ាក់រវល់ម្ល៉ឹងៗគាត់ប្រហែលជាជូនខ្ញុំទៅមិនបានទេ។ ខណៈពេលដែលខ្ញុំអង្គុយទាំងមុខក្រៀមក្រំនោះម៉ាក់បាន និយាយឡើង៖ «រដ្ឋា អ្ហា៎! ថ្ងៃនេះប៉ានិងម៉ាក់រវល់ណាស់ រកពេលជូនកូនទៅបញ្ចុះសីមាមិនទាន់បានទេ!» «ប៉ុន្តែ! ម៉ាក់ថ្ងៃនេះជាថ្ងៃឆ្លងចុងក្រោយហើយ ខ្ញុំពិតជាចង់ទៅណាស់ម៉ាក់!» «ហ៊ឺ! មិនអីទេ បើសិនជាកូនចង់ទៅម៉ាក់បានផ្ញើកូនទៅជាមួយអ្នកគ្រូសាមានហើយ! អូហ៍ នុ៎ះអ្នកគ្រូមកដល់ល្មម!» អ្នកគ្រូសាមានដែលធ្លាប់ជាគ្រូបង្រៀនខ្ញុំហើយមិត្តជិតដិតជាមួយម៉ាក់ខ្ញុំផងនោះ បានដើរចូលទាំងមុខស្រស់ញញឹម៖ «អូហ៍! រដ្ឋា! ប្អូនរៀបចំខ្លួនរួចហើយឬ? តោះយើងរហ័សទៅ ភ្លាមទៅ!» «ហ្នឹងហើយអ្នកគ្រូ» ម៉ាក់ខ្ញុំពោលកាត់៖ «ផ្ដាំជួយមើលរដ្ឋាផង គេក្មេងប៉ិនសួរប៉ិនឆ្ងល់ខ្ញុំសង្ឃឹមថាអ្នកគ្រូមិនធុញនឹងវាទៅចុះ!» «ចាស! មិនអីនោះទេ!» អ្នកគ្រូញញឹមបន្តិចទើបប្រញាប់ជូនខ្ញុំឡើងម៉ូតូចេញទៅភ្លាម។
មកដល់វត្តគឺមានសភាពអ៊ូអរខ្លាំងណាស់មនុស្សចាស់ក្មេងបណ្ដើរគ្នាមកយ៉ាងកកកុញ អ្នកខ្លះបណ្ដើរគ្នាមកជាក្រុមគ្រួសារ គួរឲ្យច្រណែនណាស់ ព្រោះខ្ញុំគ្មានមនុស្សក្នុងគ្រូសារបណ្ដើរមកដូចគេឯងសោះ។ ខ្ញុំកំពុងឈរសម្លឹងគេឯងទាំងភ្លេចខ្លួន ស្រាប់មកតែមានសំឡេងអ្នកគ្រូមកពញ្ញាក់ភ្លាម៖ «យី! រដ្ឋា! ប្អូនរវល់តែឈរភ្លឹកនៅនឹងហើយ! មក៏យើងប្រញាប់ចូលវិហាធំសិនទៅ!» «បាទ!»