ស្នូរ​កាំភ្លើង​បី​គ្រាប់​នៅ​វិទ្យាល័យ

ស្នូរ​កាំភ្លើង​បី​គ្រាប់​នៅ​វិទ្យាល័យ


ព្រឹក​ព្រលឹម​មេឃ​ចាប់ផ្ដើម​ភ្លឺ​ស្រឡះ​សម​នឹង​អាកាសធាតុ​ត្រជាក់​ស្រិប​ធ្វើ​ឲ្យ​រងា​ដល់​ឆ្អឹង​ខ្នង សូម​ក្រឡេក​មើល​នៅ​ខែត្រ​បន្ទាយមានជ័យ​ ខណៈ​នេះ​សិស្សា​នុសិស្ស​នៃ​វិទ្យាល័យ​កូប​បាន​ធ្វើ​ដំណើរ​ចូល​មក​កាន់​សាលា​ទាំង​បន្ត​កន្ទុយ​គ្នា​យ៉ាង​រដឹក មាន​សិស្ស​ខ្លះ​ដើរ​ថ្មើរ​ជើង ខ្លះ​ជិះ​កង់​ម៉ូតូ រួច​និយាយ​សាសង​គ្នា​យ៉ាង​កងរំពង​ពេញ​វិថី​សាលា​។ ក្នុង​នោះ​យើង​ឃើញ​យុវតី​មួយ​រូប​ស្ថិត​ក្នុង​វ័យ​១៦​ឆ្នាំ ដែល​សម្រស់​នាង​ល្អ​ផ្ដាច់​គេ​ក្នុង​វិទ្យាល័យ​នេះ​។ លី​យ៉ា គឺ​ជា​ឈ្មោះ​របស់​នាង។ ​នាង​បាន​ដើរ​ដំណើរ​ញាប់​ស្មេរ​សំដៅ​មក​រក​មិត្ត​នារី​ម្នាក់​ទៀត​ដែល​អង្គុយ​ចាំ​លើ​បង់​រួច​ជា​ស្រេច។​ -​ អេ​! រី​ណា ឯង​មក​អង្គុយ​ចាំ​ខ្ញុំ​យូរ​ហើយ​មែន​ទេ​? ​ម៉ារីណា នារី​រូប​ស្រស់​ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​នឹង​ស្រស់​ស្រី​យើង​ដែរ បាន​វាចា​តប​៖ -​ អត់​ទេ​! ខ្ញុំ​ទើប​មក​ដល់​មុន​នេះ​បន្ដិច​ទេ​! អ៊ឺម​….​និយាយ​អ៊ីចឹង​ដូចជា​មិន​ឃើញ​សារ៉ា​?

  • ​ពិតមែន​ហើយ ​(​លី​យ៉ា​ងក់ក្បាល​)​ រាល់ថ្ងៃ​សារ៉ា​តែងតែ​មក​មុន​ពួកយើង​ជានិច្ច​ប្លែក​តែ​ថ្ងៃ​នេះ ដូច​ជា​មិន​ឃើញ​នាង​ទាល់តែសោះ​! ​លី​យ៉ា​បញ្ចប់​សម្ដី​របស់​នាង​សឹង​តែ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​ឃើញ​សិស្ស​ជា​ច្រើន​ស្រែក​ផ្អើល​ឆោឡោ​រត់​បន្ដ​គ្នា​ទៅ​ខាង​ក្រោយ​សាលា ក្នុង​នោះ​ក៏​ឃើញ​មាន​ប៉ូលីស​ពីរ​នាក់​រត់​ទៅ​ផងដែរ​។ លីយ៉ា​ចាប់ផ្ដើម​ចិញ្ចើម​ដោយ​ក្ដី​ឆ្ងល់​ រួច​សួរ​ទៅ​រីណា​ភ្លាម៖ -​ រីណា​! ​នៅ​ខាងក្រោយ​សាលា​មាន​រឿង​អ្វី​កើត​ឡើង​? ​បានជា​គេ​ផ្អើលឆោឡោ​? -​ ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​! តោះ​ពួក​យើង​ទៅ​មើល​បន្ដិច​មើល៍​! ថា​ចប់ កញ្ញា​ទាំង​ពីរ​បាន​រត់​ទៅ​ខាង​ក្រោយ​សាលា​យ៉ាង​ប្រញាប់ប្រញាល់​។​