បទចម្រៀង​ខ្មោច

បទចម្រៀង​ខ្មោច


កាល​ពី​បុរាណ​​យូរយារ​មក​ហើយ មាន​ក្រុម​ល្ខោន​យីកេ​មួយ​តែងតែ​ចល័ត​សម្ដែង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​រក​កម្រៃ​ជា​អង្ករ​ត្រី​សាច់​ចិញ្ចឹម​ជីវិត។

តួ​ឯក​ស្រី​ក្នុង​ក្រុម​នោះ​ឈ្មោះ​នាង​ សុតា ​​ជា​ស្រី​ល្បី​ឈ្មោះ​ទោះបី​គាត់​លេង​ល្ខោន​តាំង​ពី​ជំទង់​រហូត​ដល់​ពេលនេះ​វ័យ​ជិត​៤០​ឆ្នាំ​ហើយ​ក្ដី។

ក្រោយៗ​មកនេះ​គាត់​ចាប់​ហាត់​ចេះ​ទំនុកច្រៀង​ថ្មី​មួយ​ដែល​ប្លែក​ទាំង​ភ្លេង​ប្លែក​ទាំង​អត្ថន័យ​ គឺ​ទន់​ពីរោះ​និង​លន្លង់លន្លោច​ពេក​រហូតដល់​ល្បី​សាយភាយ​ភូមិ​ណា​ដែល​ក្រុម​នេះ​ទៅ​ដល់​គេ​តែង​សំណូមពរ​ឲ្យ​នាង​ សុតា​ ច្រៀង​បទ​នោះ។ ហេតុ​ភេទ​ដែល​ចម្លែក​គឺ​រាល់ពេល​ដែល​នាង ​សុតា ​ច្រៀង​បទ​ចម្រៀង​នោះ​ចប់​កាលណា តួ​ល្ខោន​ខាង​ប្រុស​ដែល​ចេញ​មក​សម្ដែង​ជាមួយ​នាង​ត្រូវ​មាន​របួស​ធ្លាក់​ពី​លើ​ឆាក​ឬ​ក្អួត​ចង្អោរ​ឈឺ​ចុកចាប់​ជាច្រើន​ថ្ងៃ។

លុះ​ដល់​នាង​មក​ដល់​ភូមិ​ថ្មី​មួយ​ដែល​កៀក​គ្នា​ចម្ងាយ​ផ្លូវ​តែ​មួយ​យប់ តួ​ប្រុស​កាលពី​ម្សិលមិញ​​សុខភាព​មិន​ទាន់​គ្រាន់​នឹង​អាល​បាន​ឡើង​ឆាក​កើត លោក​អៀង​ជា​មេ​ក្រុម​ក៏​បាន​សំណូមពរ​ឲ្យ​តួរង​ម្នាក់​ទៀត​ឡើង​មក​សម្ដែង​នឹង​នាង​សុតា​ជំនួស​វិញ។ ដល់​ពេល​នាង​ច្រៀង​ចប់ តួ​ជំនួស​នោះ​ក៏​រង​របួស​ទៀត​ធ្វើ​ឲ្យ​មនុស្សម្នា​ក្នុង​ក្រុម​កាន់តែ​ជឿ​ថា​នាង​សុតា​គឺ​ពិត​ជា​ស្រី​ចង្រៃ​ដែល​នាំ​គ្រោះ​ដល់​អ្នក​ដទៃ​រាល់​គ្នា​ណា​សម្ដែង​ជា​តួ​ប្រុស​ជាមួយ​នាង។