ត្រកួន​អូន​អើយ​

ត្រកួន​អូន​អើយ​


និស្សិត​សាន​រៀន​ផង​ រត់​ម៉ូតូ​ឌុប​រក​លុយ​ផង នាយ​ខំ​ប្រឹង​កសាង​ខ្លួន​រហូត​ទទួល​បាន​ការងារ​ល្អ​មួយ​ក្នុង​សង្គម​ធ្វើ​ដូច​គេ​ដូច​ឯង។ ថ្វី​បើ​សាន​ទទួល​បាន​ជោគជ័យ​លើ​ខ្សែ​ជីវិត​ការងារ តែ​ស្នេហា​វិញ​គឺ​បរាជ័យ​យ៉ាង​ចាស់​ដៃ​តែ​ម្ដង ​ព្រោះ​តាម​ស្រលាញ់​នារី​ម្នាក់​មិន​បាន បាន​ត្រឹម​តែ​ធ្វើ​ល្អ​ដាក់​គេ​រាប់​មិន​អស់ តែ​ត្រូវ​គេ​បំភ្លេច​ចោល​គ្មាន​ស្រណោះ។

ទុក្ខសោក​កន្លង​ទៅ​មួយ​រយៈ​ សាន​ក៏​បាន​ជួប​នារី​ដ៏​ល្អ​មួយ​ផ្សេង​ទៀត ដែល​មាន​ចរិត​និង​ទ្រព្យសម្បត្តិ​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​មាន​ចិត្ត​ស្រលាញ់​ស្មោះស្ម័គ្រ​ទៀត​ផង។ អាច​ថា​ជា​សំណាង​ល្អ​សម្រាប់​មនុស្ស​ស្មោះ គឺ​មិនមែន​សុទ្ធ​តែ​ជួប​មនុស្ស​ក្បត់​រហូត​នោះ​ទេ ថ្ងៃ​ណា​មួយ​ផែនដី​នេះ​នឹង​ឱ្យ​អ្នក​បាន​ជួប​មនុស្ស​ស្មោះ​មិនខាន។

ពេល​សាន​សាកល្បង​ស្រលាញ់​សង្សារ​ថ្មី ស្រី​ពៅ​សង្សារ​ចាស់​ក៏​បាន​ត្រលប់​មក​ក្បែរ​ជីវិត​គេ​វិញ នាង​ចង់​រស់នៅ​ជាមួយ​គ្នា​ដូច​ពេល​មុន។ ស្រី​ពៅ​សូមទោស​ដែល​មើល​រំលង​មនុស្ស​ដ៏​ល្អ​ម្នាក់ ទៅ​ស្រវា​មនុស្ស​មាន​ប្រាក់​តែ​គ្មាន​ស្នេហ៍​ស្មោះ។ នាង​សន្យា​កែ​ខ្លួន​គ្រប់​យ៉ាង​ដើម្បី​សុភាព​បុរស​សាន និង​ចង់​បន្ត​រស់នៅ​ផ្អែមល្ហែម​នឹង​គ្នា។ តែ​ចម្លើយ​តប​វិញ គឺ​មិន​បាន​ជួប​គ្នា​ដូច​ពេល​មុន​ឡើយ បេះដូង​នាយ​មាន​តែ​សម្រាប់​មនុស្ស​ថ្មី​ម្នាក់​គត់។