ស្នេហាក្នុងភពស្រពេចស្រពិល
សុបិនជាកូនប្រុសទី៥ក្នុងគ្រួសារដែលបានជីវភាពក្រីក្រដែលជាហេតុបង្ខំអោយបងស្រីរបស់គេពីរនាក់ត្រូវឈប់រៀនដើម្បីចេញរកលុយ។ ចំណែកសុបិនគេមានសំណាងអាចនៅបន្តការសិក្សារហូតដល់វិទ្យាល័យក្រោមការផ្គត់ផ្គង់ពីបងប្រុសច្បងដែលជាគ្រូបង្រៀនម្នាក់។ ថ្ងៃមួយសុបិនបានទៅកន្លែងលេងកម្សាន្តមួយហើយក៏បានជួបសុភី ជានារីដែលគេពេញចិត្តបំផុត។ ក្រោយមកសុបិនបានអញ្ជើញ សុភីឲ្យទៅចូលរួមពិធីខួបកំណើតគេ វាក៏ជាថ្ងៃដែលសុបិនហ៊ានបើកបេះដូងសារភាពពីចិត្តគេដែរ ប៉ុន្តែសុភីបែរជារត់គេចមិនហ៊ានទទួលទោះបីនាងដឹងពីបំណងសុបិនតាំងពីយូរមកហើយក៏ដោយ។ ដោយការតស៊ូ សុបិនក៏អាចធ្វើឲ្យសុភីទន់ចិត្តបាន។ នៅពេលមួយគ្រួសាររបស់សុបិនបានជួបវិបត្តិសេដ្ឋកិច្ចម្ដងទៀត សុបិនបានសម្រេចចិត្តចេញទៅធ្វើ ការដើម្បីយកកម្រៃមកផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួន។ ដោយការខិតខំខ្លាំងពេក សុបិនបានធ្លាក់ខ្លួនកើតជំងឺរបេង។ នៅថ្ងៃ ប្រលងថ្នាក់ជាតិរបស់សុភី នាងបានទទួលដំណឹងថា សុបិនត្រូវនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ដំណឹងនេះធ្វើឲ្យនាងស្ទើរតែបោះបង់ការប្រលងទៅហើយ។ បន្ទាប់ពីបញ្ចប់ការប្រលងភ្លាម សុភីម្នីម្នារទៅរកសុបិនភ្លាមដែរ។ មិនទាន់បានចេញពីផ្ទះផងសុភីក៏បានទទួលដំណឹងមរណភាពរបស់គូសង្សារខ្លួន។ អ្វីដែលនៅសេសសល់ពេលនេះគឺមានតែអនុស្សាវរីយ៍ដ៏ឈឺចាប់ប៉ុណ្ណោះ។