ស្រមោលអនាគត

ស្រមោលអនាគត


ម៉ោង ៨ យប់ទៅហើយ ខ្ញុំកំពុងបន្តការងារក្នុងការិយាល័យទាំងអារម្មណ៍រសាប់រសល់។ មិនមែន ដោយសារខ្លាចធ្វើបទបង្ហាញនៅថ្ងៃស្អែកនេះមិនទាន់ ឬមិនបានល្អនោះទេ​ តែប្រហែលអារម្មណ៍មិនល្អ ព្រោះរឿងឈ្លោះគ្នារវាងខ្ញុំ និងវីនី កាលពីប៉ុន្មានថ្ងៃមុននេះ។ វីនី គឺជាសង្សាររបស់ខ្ញុំ។ យើងសេពគប់គ្នា ជិតមួយឆ្នាំហើយ។ យើងស្រឡាញ់គ្នាខ្លាំង ហើយក៏ឈ្លោះគ្នាញឹកញាប់ដែរ។ មើលចុះ បីថ្ងៃហើយនាងនៅ មិនទាន់បាត់ខឹងនឹងខ្ញុំទៀត គ្រាន់បើណាស់តើអូនសម្លាញ់។ នាងតែងតែបែបនេះរាល់ដង។ ខ្ញុំកាន់តែលួង នាងកាន់តែបានចិត្ត ហើយធ្វើខឹងលើសដើម។ ពេលដែលនាងរំសាយកំហឹងអស់ នាងក៏ត្រឡប់មកត្រូវ ជាមួយខ្ញុំវិញ។ ស្រីៗតែអ៊ីចឹង ចូលចិត្តយករឿងតូចតាចធ្វើជារឿងធំដុំ ហើយទម្លាក់កំហុសអោយតែ ខាងប្រុស។ ដោយរវល់ការងារប៉ុន្មានថ្ងៃនេះផង ខ្ញុំក៏បណ្ដោយអោយនាងគិតតែឯង ខឹងតែឯងចុះ ក៏មិនខ្ចីលួងនាងទៀតដែរ។ ចាំមើលពេលណានាងបាត់ខឹង ពិន័យម្ដងហើយ កុំអោយខូចពេក។ ខ្ញុំបិទកុំព្យូទ័រ ហើយរៀបចំឯកសារប្រុងនឹងចេញទៅផ្ទះ ស្រាប់តែទូរសព្ទដៃខ្ញុំរោទ៍ឡើង។ គ្មានអ្នកណា ទៀតទេ គឺអូនវីនីហ្នឹងហើយដែលខលមក។ ឃើញទេទើបតែនិយាយដើមអម្បាញ់មិញសោះ ក៏មកដល់ ភ្លាម ពិតជាអាយុវែងមែន។ ខ្ញុំធ្វើជានិយាយបែបមាំទាំ ដើម្បីកុំអោយនាងដឹងថាខ្ញុំកំពុងតែនឹកនាង ៖ «អាឡូ! អូនមានការអី?» «អាចង្រៃ! យើងខំទុកចិត្តឯង អោយវីនីសេពគប់ជាមួយឯង ឯងបែរជាបណ្ដោយអោយកូនយើងសម្លាប់ ខ្លួន ព្រោះតែមនុស្សចង្រៃដូចជាឯង។ បើវីនីយ៉ាងម៉េចៗទៅ យើងមិនអោយឯងរស់បានសុខទេ។»...